ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«ជំនាញ​ទន់» ជា​ទុន​បន្ថែម​សម្រាប់​យុវជន​ក្នុងការ​ប្រកួតប្រជែង​ការងារ នៅពេល​សមាហរណកម្ម​អាស៊ាន
02, Jul 2015 , 12:28 pm        
រូបភាព
រូបភាពៈ WMC
រូបភាពៈ WMC
ដោយ:
ភ្នំពេញ៖ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​គ្រោង​នឹង​សម្រេចបាន​នៅ​ចុងឆ្នាំ២០១៥ ខាងមុខ ដូចនេះ​ពលរដ្ឋ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ នឹងមាន​ឱកាស​បំពេញការងារផ្សេងៗទៅតាម​ជំនាញ​របស់ខ្លួន​នៅ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ណាមួយ។ ទន្ទឹមនឹង​ការ​មានឱកាស​ការងារ​ទូលំ​ទូលាយ​សម្រាប់​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ក្នុងប្រទេស​អាស៊ាន​ទាំង១០ ការត្រៀមខ្លួន​ប្រកួតប្រជែង​ដណ្តើម​ការងារ​របស់​យុវជន​កម្ពុជា​ជាមួយ​យុវជន​ក្នុង​បណ្តា​ប្រទេសនីមួយៗក្នុង​តំបន់ ក៏​ជា​បញ្ហាសំខាន់​ដែល​យុវជន​កម្ពុជា​មិនត្រូវ​មើលរំលង។ ដើម្បី​ប្រកួតប្រជែង​ដណ្តើម​ការងារ​ល្អ​បាន ក្រៅពី​មាន​សមត្ថភាព​ច្បាស់លាស់​នៅក្នុង​ជំនាញ​វិជ្ជាជីវៈ​របស់ខ្លួន យុវជន​កម្ពុជា​ត្រូវមាន​សមត្ថភាព « ជំនាញ​ទន់ » (Soft Skill ) មួយ​បន្ថែមទៀត​ក្នុងការ​បំពេញការងារ ។



ដើម្បី​ជ្រាប​ឱ្យ​កាន់តែច្បាស់​ពី​ជំនាញ​ទន់ និង​វិធីសាស្ត្រ​អភិវឌ្ឍ​ខ្លួន​ជាមុន​ដើម្បី​ត្រៀម​ប្រកួតប្រជែង​ការងារ​ជាមួយ​យុ​ជន​បណ្តា​ប្រទេស​អាស៊ាន ក្នុងពេល​សមាហរណកម្ម​សេដ្ឋកិច្ច​នោះ ខាងក្រោម​នេះ ជា​បទសម្ភាសន៍​រវាង​លោក ម៉ៅ សំណាង អ្នកយកព័ត៌មាន​រប​ស់​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា និង លោកស្រី ប៉ែន បុប្ផា គ្រូ​បណ្តុះបណ្តាល​នៃ​អង្គការ អេ​ច អ៊ី ឌី ស៊ី អន្តរជាតិ ( HEDC International) អំពី​យុទ្ធសាស្ត្រ​ទាំងនេះ។

WMC៖ តើ​អ្វី​ជា​បញ្ហា​ប្រឈម​របស់​យុវជន​កម្ពុជា​ក្នុង​ពេលធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន?

អ្នកស្រី ប៉ែន បុប្ផា៖ បញ្ហា​ប្រឈម​សម្រាប់​យុវជន​កម្ពុជា​ក្នុង​ពេលធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន គឺ​សមត្ថភាព ចំណេះដឹង និង​ជំនាញ​នៅក្នុង​ការងារ​របស់​យុវជន​នៅមានកម្រិត។ យុវជន​កម្ពុជា មិនត្រូវ​មើល​បញ្ហា​គិតថា​ជា​ឧបសគ្គ​បំបាក់ទឹកចិត្ត​ខ្លួនឯង​នោះទេ។ ឧបសគ្គ​ជា​រឿង​ពិត​សម្រាប់​យុវជន​កម្ពុជា ប៉ុន្តែ​ឧបសគ្គ​មួយចំនួន​គ្រាន់តែ​ជា​ក្តី​ស្រមៃ​និង​ការគិត​របស់​យុវជន​កម្ពុជា​តែប៉ុណ្ណោះ ព្រោះ​យុវជន​មួយចំនួន​ចាប់ផ្តើម​បាក់​ទឹកចិត្ត ខណៈ​យុវជន​មួយចំនួនទៀត​កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព គុណភាព​ចំណេះ ជំនាញ​ពិតប្រាកដ ដើម្បី​ប្រកួតប្រជែង​ជាមួយ​យុវជន​ក្នុង​បណ្តា​ប្រទេស​អាស៊ាន។

 WMC៖ តើ​ជំនាញ​ទន់​ជា​អ្វី?

អ្នកស្រី ប៉ែន បុប្ផា៖ « ជំនាញ​ទន់ » ប្រែពាក្យ​ពី​ភាសា​អង់គ្លេស​ថា « Soft Skill » ជា​ជំនាញ​មួយ​បន្ថែមទៀត​ក្នុងការ​បំពេញការងារ​ក្រៅពី​ជំនាញ​បច្ចេកទេស។ ជំនាញ​ទន់ ផ្តោត​សំខាន់​ទៅលើ​ជំនាញ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង ជំនាញ​ភាពជា​អ្នកដឹង​នាំ ជំនាញ​ការគិត និង​របៀបការ​ធ្វើការ​ងារ​ជា​ក្រុម​ជាមួយ​មនុស្ស​ជុំវិញខ្លួន។ ស្រប​នឹង​ភាព​ប៉ិនប្រសប់​ក្នុង​ការងារ ជំនាញ​ទន់​អាចធ្វើឱ្យ​បុគ្គល​មាន​ទំនុកចិត្ត​ចំពោះ​ខ្លួនឯង​និង​ចេះ​លើកទឹកចិត្ត​ខ្លួនឯង​នៅក្នុងពេល​បំពេញការងារ និង​មាន​ក្តី​ស្រមៃ​ចង់ឱ្យ​ខ្លួន​មាន​សមត្ថភាព​កាន់តែ​ប្រសើរឡើង​នៅក្នុង​ការងារ។ ជារួម​មក ជំនាញ​ទន់ រាប់បញ្ចូល​ទាំង​ឥរិយាបថ​នៃ​ការ​រស់ ឥរិយាបថ​ក្នុងការ​បំពេញការងារ តាមរយៈ​ការអភិវឌ្ឍន៍​សមត្ថភាព​ក្នុង​ការគិត​របស់​បុគ្គ​ល។

WMC៖ តើ​យុវជន​កម្ពុជា​មានការ​ត្រៀមខ្លួន​ហើយ​ឬ​នៅ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការងារ​ក្នុងពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចុងឆ្នាំ ២០១៥ ខាងមុខ?

អ្នកស្រី ប៉ែន បុប្ផា៖ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចុងឆ្នាំ ២០១៥ ជា​ពេលវេលា​ដែល​យុវជន​ត្រូវ​វាស់​ស្ទង់​សមត្ថភាព​ផ្ទាល់ខ្លួន ដើម្បី​ត្រៀមខ្លួន​ប្រកួតប្រជែង​ការងារ​ជាមួយ​យុវជន​ក្នុង​បណ្តា​ប្រទេសផ្សេងៗក្នុង​តំបន់​អាស៊ាន។ ឱកាស​ការងារ​មាន​សម្រាប់​អ្នក​ដែលមាន​ការត្រៀមខ្លួន​ទុកជាមុន អ្នក​ខិតខំ​កសាង​សមត្ថភាព​ជំនាញ​របស់ខ្លួន​ទាំង​ការសិក្សា ទាំង ការងារ ជាមួយ​ស្ថាប័ន​ណាមួយ​ដែល​ខ្លួន​កំពុងធ្វើការ។

ទន្ទឹមនឹង​ចំណេះដឹង​វិជ្ជា​ជី​រៈ​របស់​យុវជន​នៅមានកម្រិត ពួកគេ​ច្រើន​តែង​គិត​ក្នុងន័យ​អវិជ្ជមាន​ចំពោះ​ខ្លួនឯង និង​ខ្លាចរអា​ជានិច្ច​ចំពោះ​ការប្រកួតប្រជែង​ដណ្ដើមយក​ឱកាស​ការងារ។ យុវជន​យើង​តែង​គិតថា នៅពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចូលមក​ដល់ យុវជន​ប្រទេស​ដទៃទៀត​នឹង​មក​ដណ្ដើមយក​ឱកាស​ការងារ​ពី​គាត់​អស់ ហើយ​បើ​ឱ្យ​គាត់​ទៅធ្វើ​ការងារ​នៅ​ប្រទេស​គេ គាត់​តែង​គិតថា​គាត់​គ្មាន​ឱកាស​បានធ្វើ​ការងារ​នោះទេ ។ ជាការ​ពិត​នៅពេល​ខ្លះ​ជំនាញ​បច្ចេកទេស​ឬ​ជំនាញ​វិជ្ជាជីវៈ​របស់​យុវជន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បំពេញការងារ ប៉ុន្តែ​ជំនាញ​ទន់​ក្នុង​ការងារ​បែរជា​ពុំមាន​ទៅវិញ នេះ​ជា​បញ្ហា​ដែល​ធ្វើឱ្យ​យុវជន​កម្ពុជា​មិនអាច​ទទួលបាន​ឱកាស​ការងារ​ស្របពេល​អាស៊ាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច។  

ផ្ទុយទៅវិញ ប្រសិនបើ​ចំណេះដឹង​និង​សមត្ថភាព​របស់​យុវជន​កម្ពុជា​មានគុណ​ភាព នោះ​យុវជន​នឹង​អាច​ប្រកួតប្រជែង​ជាមួយ​យុវជន​ប្រទេស​ដទៃទៀត​បានជា​ក់​ជាពុំខាន។ ដើម្បី​ប្រកួតប្រជែង​ការងារ​ជាមួយ​យុវជន​នៅ​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន យុវជន​កម្ពុ​ជាមាន​ស​ម​ត្ថ​ភាព​ចំណេះដឹង​ជំនាញ​បច្ចេកទេស​តែមួយ​មុខ​ពុំ​គ្រប់គ្រាន់​នោះទេ យុវជន​ត្រូវមាន​ជំនាញ​ទន់ មួយ​បន្ថែមទៀត ទើប​មានឱកាស​ចាប់យក​ការងារល្អៗ ដែល​ខ្លួន​ចង់​ធ្វើ  និង​អាច​ប្រកួតប្រជែង​ការងារ​ក្នុងពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចូលមក​ដល់​នៅ​ចុងឆ្នាំ ២០១៥ ។

WMC៖ តើ​យុវជន​ត្រូវ​ធ្វើខ្លួន​ដូចម្តេច ដើម្បី​អភិវឌ្ឍ​ជំនាញ​ទន់​ឱ្យ​កាន់តែ​ប្រសើរឡើង និង​មាន​សក្តា​ពល​ក្នុងការ​បំពេញការងារ?

អ្នកស្រី ប៉ែន បុប្ផា៖ ការអភិវឌ្ឍន៍​សមត្ថ​ភាព​ជំនាញ​ទន់ ងាយស្រួល​ឬ​លំបាក​គឺ​អាស្រ័យ​លើ​បុគ្គលម្នាក់ៗ ព្រោះ​ជំនាញ​ទន់​អាច​រៀន​បាន​គ្រប់​ទីកន្លែង បុគ្គល​មួយចំនួន​អាចមាន​ពី​ធម្មជាតិ ប៉ុន្តែ​ការអភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​ទន់​មិន​លំបាក​ដូច​ការអភិវឌ្ឍន៍​សម​ត្ថ​ភាព​ជំនាញ​បច្ចេកទេស​នោះទេ។ យុវជន​ត្រូវ​ចាប់ផ្តើម​រៀន​សង្កេត រៀន​ពិនិត្យ រៀន​ធ្វើ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជុំវិញខ្លួន រៀន​ពី​មនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន ត្រូវមាន​ចំណេះដឹង​ទូទៅ​ទូលំទូលាយ ដើរ​ឱ្យ​ទាន់សម័យ​បច្ចេកវិទ្យា។

សម្រាប់​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ក្នុងពេល​ខាងមុខ យុវជន​មិនត្រូវ​ភ័យខ្លាច​ចំពោះ​ឧបសគ្គ​ឬ​ការប្រកួតប្រជែង​ការងារ​ជាមួយនឹង​យុវជន​ប្រទេសផ្សេងៗទៀតឡើយ។ ផ្ទុយទៅវិញ​យុវជន​ត្រូវខិតខំ​ហ្វឹកហាត់​ខ្លួន កសាង​សមត្ថភាព​ទាំង​ជំនាញ​វិជ្ជាជីវៈ ជំនាញ​ទន់​របស់ខ្លួន​ឱ្យមាន​គុណភាព ជាពិសេស​យុវជន​រក្សា​ឱ្យបាន​នូវ​អត្ត​ច​រឹត​ត្រឹមត្រូវ​ថ្លៃថ្នូរ មាន​ឆន្ទៈ​និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​បំពេញការងារ នោះ​ឱកាស​ការងារល្អៗនឹងមាន​សម្រាប់​អ្នក​ដែល​បាន​ត្រៀមខ្លួន​ទុកជាមុន​ក្នុងពេល​ពេល​អាស៊ាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ចុងឆ្នាំ ២០១៥ ។

WMC៖ តើ​យុវជន​កម្ពុជា​អាច​ទទួលបាន​ឱកាស​អ្វីខ្លះ ខណៈ​អាស៊ាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច?

អ្នកស្រី ប៉ែន បុប្ផា៖ យុវជន​នឹង​ទទួលបាន​ឱកាសផ្សេងៗជាច្រើន​ដូចជា ឱកាស​ក្នុង​ការសិក្សា ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ក្នុង​ការសិក្សា​និង​ការងារ ការកសាង​ទំនាក់ទំនង ការទទួលបាន​ចំណេះដឹង​ពី​វប្បធម៌​របស់​ប្រទេសនីមួយៗ ជាពិសេស​ឱកាស​សម្រាប់​យុវជន​មានបំណង​កា្ល​យ​ខ្លួន​ជា​សហគ្រិន អាច​ចាប់​ផ្តើមធ្វើ​អាជីវកម្ម ឬ​ជំនួញផ្សេងៗបាន តាមរយៈ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ដោយ​បើកចំហរ​របស់​រដ្ឋាភិបាល​ប្រទេសនីមួយ។

គួរបញ្ជាក់​ផងដែរ​ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត​ថា អាស៊ាន (ASEAN) គឺជា​អង្គការ​នយោបាយ​និង​សេដ្ឋកិច្ច​មួយ​មាន​សមាជិក ១០ប្រទេស និង​ត្រូវបាន​បង្កើត​ដំបូង​នៅ​ថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយ​ប្រទេស​ឥណ្ឌូណេស៊ី ស៊ី​ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ថៃ។ បន្ទាប់មក​មាន​សមាជិក៥ប្រទេស​ទៀត​ចូល​ជា​បន្ត​ដូចជា​ប្រទេស​ព្រុយ​ណេ មី​យ៉ាន់​ម៉ា ឡាវ វៀតណាម និង​ប្រទេស​កម្ពុជា។ គោលបំណង​នៃ​ការបង្កើត​អាស៊ាន គឺ​ការរួម​គ្នាព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ឱ្យមាន​ការរីកចម្រើន អភិវឌ្ឍ​ផ្នែក​វប្បធម៌​ក្នុងចំណោម​សមាជិក​របស់ខ្លួន​ទាំងអស់ និង​ការពារ​សន្តិភាព​ព្រមទាំង​ស្ថិរភាព​ក្នុង​តំបន់។ អាស៊ាន មាន​ប្រជាជន​សរុប​ប្រមាណ ៦០០ លាន​នាក់​ស្មើនឹង ៨.៨ ភាគរយ​នៃ​ចំនួន​ប្រជាជន​ទាំងអស់​នៅក្នុង​លើ​ពិភពលោក៕


© រក្សាសិទ្ធិដោយ thmeythmey.com