ជាតិ
សង្គមជាតិ
រដ្ឋសភា​ពិនិត្យ និង​អនុម័ត​សេចក្តីស្នើច្បាប់​ជួល​ផ្ទះ​នៅ​ដើម​សប្តាហ៍​ក្រោយ
03, Jul 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋសភា នឹង​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៤ នីតិកាល​ទី៥ នៅ​ថ្ងៃ​ចន្ទ​ទី៦ខែកក្កដា សប្តាហ៍​ក្រោយនេះ ដើម្បី​អនុម័ត និង​ពិភាក្សា​សេចក្តីស្នើច្បាប់​ស្តីពី​ការជួល​ផ្ទះ ឬ​ច្បាប់​ស្តីពី​ភតិសន្យា​ពិសេស។ ការប្រកាស​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃ​ស​សុក្រ​នេះ។



យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅថ្ងៃនេះ​រដ្ឋសភា​បានអនុម័ត​លើ​របៀបវារៈ​មួយចំនួន​ដូចជា៖  ១. ការពិនិត្យ​លើ​សំណើសុំ​ប្រកាស​ទទួលស្គាល់​លោក កែវ ពិសិដ្ឋ ជា​តំណាងរាស្ត្រ​ថ្មី នៃ​មណ្ឌល​កំពង់ចាម ជំនួស​លោកស្រី ចែម សា​វ៉ៃ ដែល​បាន​សុំលាលែង និង​លោក ងួន ប៊ៀ​ន ជា​តំណាងរាស្ត្រ​ថ្មី នៃ​មណ្ឌល​កែប  ជំនួស​លោក អាន ហេ ដែល​បាន​សុំលាលែង។ ២. ការពិនិត្យ​លើ​សំណើសុំ​ជ្រើសតាំង លោក កែវ ពិសិដ្ឋ ជា​មា​ជិ​ក​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា។ និង​ទី៣. ពិនិត្យ​សំណើសុំ​បញ្ចូល​សេចក្តីស្នើច្បាប់​ស្តីពី​ភតិសន្យា​ពិសេស ក្នុង​របៀបវារៈ​សម័យ​ប្រជុំ​សភា លើក​ទី៤ នីតិកាល​ទី៥ ។

ច្បាប់​ស្ដីពី​ភតិសន្យា​ពិសេស ដែលមាន៤ជំពូក ចែកចេញ១១មាត្រា​នេះ ស្នើ​ឡើយ​ក្នុង​គោល បំណង​គ្រប់គ្រង​បន្ទប់​ជួល និង​ទំនាក់ទំនង​រវាង​កម្ម​ករ សិស្ស-និស្សិត ជាមួយនឹង​ម្ចាស់ផ្ទះ​ដែលមាន​បន្ទប់​ជួល​ស្នាក់នៅ​ឲ្យ​មាន​លក្ខណៈ​រៀបរយ និង​ការពារ​ផលប្រយោជន៍​ស្របច្បាប់ របស់​ម្ចាស់ផ្ទះ​ដែលមាន​បន្ទប់​ជួល៕


© រក្សាសិទ្ធិដោយ thmeythmey.com