ជាតិ
ព្រំដែន
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី និង​លោក វ៉ា គឹមហុង បង្ហាញ​ឆន្ទៈ​ផ្ទៀងផ្ទាត់​ផែនទី​រួមគ្នា
05, Jul 2015 , 7:30 pm        
រូបភាព
ដោយ:

ទាំង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​ទាំង​លោក​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​កិច្ចការ​ចម្រុះ​ព្រំដែន​លោក វ៉ា គឹមហុង អ្នក​ទាំងពីរ​សុទ្ធ​តែមាន​ឆន្ទៈ ក្នុងការ​ផ្ទៀងផ្ទាត់​ផែនទី ដែល​ខ្លួន​អះអាងថា ត្រឹមត្រូវរៀងៗខ្លួន។ ប៉ុន្តែ​លោក វ៉ា គឹមហុង បញ្ជាក់ថា ការផ្ទៀងផ្ទាត់​នេះ គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកបច្ចេកទេស​ផែនដី​បរទេស​ចូលរួម​ទេ។



ក្នុង​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​អ្នក​សា្ល​ប់​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះអាវុធ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី៥-៦ខែកក្កដា ឆ្នាំ១៩៩៧ នៅ​ថ្ងៃទី៥នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ស្វាគមន៍​នឹង​ការ អញ្ជើញ​របស់លោក វ៉ា គឹមហុង ដើម្បី​ផ្ទៀងផ្ទាត់​ផែនទី​ដែល​លោក យក​មកពី​ប្រទេស​បារាំង។

«បើ​គេ(លោក វ៉ា គឹមហុង) យល់ព្រម ខ្ញុំ​នឹង​ផ្តល់​ភ្លាម ដើម្បី​ផ្ទៀងផ្ទាត់​ទៅវិញទៅមក​ថា តើ​ខាងគេ​បានធ្វើ​របៀប​យ៉ាងដូចម្តេច? មិនមែន​យក​ផែនទី ក្រដាស​មួយ​ផ្ទាំង ពីរ​ផ្ទាំង​ថា ជា​ផែនទី​ត្រឹមត្រូវ គឺ​អត់​គ្រប់គ្រាន់​ទេ»។ នេះ​ជា​ប្រសាសន៍ លោក​សម រង្ស៊ី។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​យ៉ាងច្បាស់​ពី​ទិញ​ផែនទី​ដែល​កំណត់​ពី​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ពី​ប្រទេស​បារាំង។ ផែនទី​ទាំង ២៦ ផ្ទាំង ខ្នាត ១/១០០.០០០ នេះ គឺជា​ផែនទី​ដែល​រដ្ឋាភិបាល​បារាំង​បានធ្វើ​នៅ​អំឡុង​សម័យ​អាណានិគម​ក្នុង ចន្លោះ​ឆ្នាំ ១៩៣៣ ដល់ ១៩៥៣ ហើយ​វា​បានបញ្ជាក់​យ៉ាងច្បាស់​អំពី​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។

ជាការ​ឆ្លើយតប លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​កិច្ចការ​ចម្រុះ​ព្រំដែន បាន​ប្រាប់​សារព័ត៌មានថ្មីៗថា រូបលោក​ស្វាគមន៍​ចំពោះ​ផែនទី​ដែល​លោក​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ​នាំ​មកពី​ប្រទេស បារាំង ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​រដ្ឋាភិបាល។ តែ​លោ​កថា ការផ្ទៀងផ្ទាត់​គ្នា​នេះ គឺ​មិនត្រូវ​ឲ្យ​ជនបរទេស​ណាមួយ លូកដៃ​ចូលរួម​ពិនិត្យ​ឡើយ ដោយ​លោក​លើកឡើងថា មានតែ​លោក សម រង្ស៊ី និង​អ្នកជំនាញ​ផែនទី​ជនជាតិខ្មែរ​ទេ ដែល​អាច​ចូលរួម​ការផ្ទៀងផ្ទាត់​នេះ។

«នេះ​ជា​រឿង​របស់​ខ្មែរ ដូចនេះ​ខ្មែរ​មិន​ចង់​ឲ្យ​បរទេស​ណាមួយ​មក ចូលរួម​ផ្ទៀងផ្ទាត់​ទេ បើ​លោក សម រង្ស៊ី អះអាង​ខ្លួន​ជា​អ្នកជំនាញ​ខាង​ផែនទី​មែន ពុំ​ចាំបាច់​ពឹង​បរទេស​ដែរ។ ប្រសិនបើ​មាន​ជនបរទេស​ណា​ម្នាក់​ចូលរួម យើង​នឹង​ផ្ទៀងផ្ទាត់​ផែនទី​ជាមួយ​ទេ»។ នេះ​ជា​ប្រសាសន៍​បញ្ជាក់​របស់ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង។

គួររម្លឹកថា ក្នុង​សន្និសីទកាសែត​ស្តីពី​ការបង្ហាញ​ផែនទី​ផ្លូវ​ការដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា បាន និង​កំពុង​ប្រើប្រាស់​ក្នុង​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម នៅ​ថ្ងៃទី២ កក្កដា កន្លងទៅ លោក វ៉ា គឹមហុង ក៏បាន​អះអាងថា រូបលោក​រីករាយ​នឹង​យក​ផែនទី​របស់លោក សម រង្ស៊ី ទៅ​ត្រួតពិនិត្យ​ជាមួយនឹង​ផែនទី​របស់​រដ្ឋាភិបាល។ លោក​ថា ផែនទី​របស់​រដ្ឋាភិបាល​យក​មកពី​វិទ្យាស្ថាន​ជាតិ​របស់​ប្រទេស​បារាំង ហើយ​បើ​ផែនទីលោក សម រង្ស៊ី នាំ​មកពី​ប្រទេស​បារាំង​ដែរនោះ ទំនង​មិន​ខុសពី​ផែនទី​រដ្ឋាភិបាល​នោះទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com