កីឡាជាតិ
ជាតិ
បៀ​ល​ប្រាយ​បន្ត​ឈរលើ​តារាង ខណៈ Tijani របស់​វេ​ស្ទើ​ន​នាំមុខគេ​លើ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី
06, Jul 2015 , 1:19 pm        
រូបភាព
ខ្សែប្រយុទ្ធវេស្ទើន​ Tijani Mohammed (អាវកណ្តាល) នាជំនួប​ជាមួយគិរីវង់។​ រូបថត ហ្វេសប៊ុក​ក្លិប​វេស្ទើនភ្នំពេញ​
ខ្សែប្រយុទ្ធវេស្ទើន​ Tijani Mohammed (អាវកណ្តាល) នាជំនួប​ជាមួយគិរីវង់។​ រូបថត ហ្វេសប៊ុក​ក្លិប​វេស្ទើនភ្នំពេញ​
ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ឆ្នាំ២០១៥ បានបញ្ចប់​សប្តាហ៍​ទី២របស់ខ្លួន​នៅលើ​ទីលាន​ចំនួនផ្សេងៗគ្នា  ដោយ​មិនទាន់មាន​ក្រុម​ណាមួយ​ទទួលបាន​ជ័យជម្នះ២ប្រកួតជាប់ៗគ្នា​នោះឡើយ។ ការ​មានប្រៀប​លើ​សំណល់​គ្រាប់​បាល់​ដែល​បាន​ស៊ុត​បញ្ចូល​ទី បាន​នាំ​ឲ្យ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត បន្ត​នាំមុខគេ​លើ​តារាង ខណៈ​ខ្សែប្រយុទ្ធ Tijani Mohammed ដែល​ស៊ុត​បញ្ចូល​ទី​រហូតដល់៤គ្រាប់​នា​ជ័យជម្នះ ៦-៤ របស់​វេ​ស្ទើ​ន​ភ្នំពេញ​លើ​គិរីវង់ សុខ​សែន ជ័យ កំពុងស្ថិត​លើ​តារាង Top Scorer។



បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត និង​ក្រសួងការពារជាតិ ដែល​ទទួលបាន៣ពិន្ទុ​នៅក្នុង​ការប្រកួត​បើកឆាក ទទួលបាន​ត្រឹម១ពិន្ទុ​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​សៅរ៍។ បៀ​ល​ប្រាយ​ត្រូវ​ស៊ីម៉ាក់​យូ​ណាយ​ធី​ត​វាយបក​តាម​ស្មើ ១-១ នៅលើ​ទីលាន​បាល់ទាត់​ជាតិ​បាទី ស្រប​ពេលដែល​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ ទទួលបាន​លទ្ធផល​ដូចគ្នា​នា​ជំនួប​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

ភ្នំពេញ​ក្រោ​ន បឹងកេត​អង្គរ និង​ស្វាយរៀង បន្ត​បោះជំហាន​ទៅមុខ បន្ទាប់ពី​រកបាន​មួយ​ពិន្ទុ​នៅ​ថ្ងៃ​បើកឆាក។ នៅលើ​ទីលាន RSN របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ណាហ្គា​វើ​ល ៤-២ បឹងកេត​អង្គរ​ឈ្នះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៣-២ នៅ​ទីលាន​ស្តា​ត​ចាស់ រីឯ​ស្វាយរៀង ដណ្តើមបាន៣ពិន្ទុ​ទាំង​ប្រផិតប្រផើយ​ពី​ក្រុម​ភ្ញៀវ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ៣-២ កាលពី​រាត្រី​ថ្ងៃ​សៅរ៍។

វេ​ស្ទើ​ន​ភ្នំពេញ បើក​ការប្រកួត​ផ្លូវការ​លើកដំបូង​នៅ​កីឡដ្ឋាន​របស់ខ្លួន ជាមួយនឹង​ជ័យជម្នះ​គួរ​ជាទី​គាប់ចិត្ត​កាលពី​ថ្ងៃអាទិត្យ។ ពួកគេ​បាន​យកឈ្នះ​គិរីវង់​សុខ​សែន​ជ័យ ៦-៤ បន្ទាប់ពី​រង​បរាជ័យ ២-១ ដោយសារ​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​បើកឆាក។ នេះ​ជាការ​ចាប់ផ្តើម​រដូវ​កាល​ដ៏​គួរ​ឲ្យ​សម្គាល់ ដោយ​ការប្រកួត​ត្រឹមតែ២សប្តាហ៍ ក្រុម​ទាំងអស់​សុទ្ធ​តែមាន​គ្រាប់​ស៊ុត​បញ្ចូល​ទី។

ស៊ីម៉ាក់​ដែលជា​ក្រុម​ថ្មី មិនទាន់​ស្គាល់​ជាតិ​បរាជ័យ​ឡើយ ក្រោយ​ទទួលបាន​លទ្ធផល​ស្មើ​ពីរលើក​ជាប់​គ្នា ចំណែក​អាស៊ី​អឺរ៉ុប យូ​ណាយ​ធី​ត បើទោះបីជា​ពួកគេ​មិនទាន់មាន​ពិន្ទុ​រាប់​ក្តី ប៉ុន្តែ​ពួកគេ​បានផ្តល់​នូវ​ការប្រកួត​ដ៏​តឹងតែង​មួយ​នៅពេល​ប៉ះ​ម្ចាស់ផ្ទះ​ស្វាយរៀង។

ការប្រកួត២សប្តាហ៍​កន្លងមក មាន​គ្រាប់​បាល់​ដែល​ត្រូវបាន​ស៊ុត​បញ្ចូល​ទី​ចំនួន៤៧គ្រាប់ ដែល​សម្រេចបាន​ដោយ​កីឡាករ​ចំនួន៣២នាក់ (កម្ពុជា២០នាក់ និង​កីឡាករ​បរទេស១២នាក់)។ ខ្សែប្រយុទ្ធ​ជនជាតិ​ហ្គា​ណា Tijani Mohammed មាន​គ្រាប់​បញ្ចូល​ទី​ច្រើនជាងគេ​ដែលមាន​ចំនួន៤គ្រាប់ ខណៈ Dzarma Bata របស់​ស្វាយរៀង និង ឯក សុភា របស់​គិរីវង់​សុខ​សែន​ជ័យ រកបាន​ម្នាក់៣គ្រាប់។

កីឡាករ​ដែល​រកបាន២គ្រាប់​សម្រាប់​ក្រុមរៀងៗខ្លួន​រួមមាន ថៃ ផល្លា, Rasheed Omokafe របស់​បៀ​ល​ប្រាយ Kihara Masakuzu របស់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ Janzen Anthony របស់​ស៊ីម៉ាក់ Kelechi Stanley របស់​អា​ស៊ឺ​អឺរ៉ុប Bisan George, Shane Booysen របស់​ភ្នំពេញ​ក្រោ​ន និង ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា របស់​បឹងកេត៕



© រក្សាសិទ្ធិដោយ thmeythmey.com