អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​អាច​ចេញពី​តុ​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ខណៈ​ភាគី​នៅតែ​ខ្វែងគំនិត​គ្នា
06, Jul 2015 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រមុខ​ការទូត​អាមេរិក​លោក ច​ន ឃឺ​រី បាន​អះអាងថា សហរដ្ឋអាមេរិក​នៅតែ​ត្រៀមខ្លួន​ដើរចេញ​ពី​តុ​ចរចា​ជាមួយ​បណ្តា​ភាគី​ផ្សេងទៀត​ក្នុង​សំណុំរឿង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ប្រសិនជា​ទាំង​អ៊ីរ៉ង់​និង​ភាគី​ទាំងអស់​មិនអាច​សម្រេច​បាន​កិច្ចព្រមព្រៀង ដែល​គ្រប់​ជ្រុងជ្រោយ​មួយ​ទេនោះ។ ថ្ងៃ​កំណត់​សម្រាប់​បង្កើត​កិច្ចព្រមព្រៀង​កាន់តែ​កៀក ប៉ុន្តែ​ភាគី​នៅ​ខ្វែងគំនិត​គ្នា​ជុំវិញ​ចំណុច​សំខាន់​មួយចំនួន​ដូចជា​ការដក​ទណ្ឌកម្ម និង​ការចូល​ត្រួតពិនិត្យ​ស្ថានីយ៍​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ផង។



លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ



ការចរចា​ដើម្បី​ឈានទៅ​សម្រេច​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង កំពុងតែបន្ត​យ៉ាង​សស្រាក់សស្រាំ ព្រោះ​ថ្ងៃ​កំណត់​ចុងក្រោយ​កាន់តែ​កៀក​ណាស់​ទៅហើយ។ តែ​ទោះជា​ពេល​កាន់តែ​ខើច​យ៉ាងណាក៏ដោយ ភាគី​អ៊ីរ៉ង់ និង​មហាអំណាច​ប្រាំ​បូក​អាល្លឺម៉ង់ មិនបាន​រារែក​ក្នុងការ​បន្ត​ចរចា​ឡើយ។  បញ្ហា​ជាច្រើន​ដែល​ភាគី​ចរចា​មិនទាន់​អាច​ដោះស្រាយ និង​រក​ចំណុច​រួមគ្នា​បាន​ដើម្បី​ឈានទៅ​បង្កើត កិច្ចព្រមព្រៀង​មួយ​ដែល​ល្អប្រសើរ និង​គ្រប់​ជ្រុងជ្រោយ។

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃឺ​រី បាន​អះអាងថា កិច្ចពិភាក្សា​មាន​ភាព​វិជ្ជមាន ប៉ុន្តែ​លោក​ព្រមាន​ថា ប្រសិនជា​អ៊ីរ៉ង់ និង​ភាគី​មហាអំណាច​ពាក់ព័ន្ធ អ​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ល្អ​មួយ​ទាន់​ថ្ងៃ​កំណត់ រដ្ឋាភិបាល​អាមេរិក​រក្សា​ជំហរ​ដើរ​ចេញពី​តុ​ចរចា។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ ទោះ​ជាមាន​បញ្ហា​ជើង​ក៏ដោយ ក៏​លោក​បន្ត​ជួប​ជជែក​ឥត​ឈប់ ដោយ​គ្មាន​ខ្លាច​នឿយហត់​ជាមួយ​សម​ភាគី​លោក រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif នៅ​ទីក្រុង​វ្យ៉ែ​ន​ប្រទេស​អូទ្រីស។ យ៉ាងណាក៏ដោយ ភាគី​អ៊ីរ៉ង់​លោក  Mohammad Javad Zarif   នៅតែ​យល់ឃើញ​អវិជ្ជមាន​ចំពោះ​លទ្ធភាព​នៃ​ការ​ឈានទៅ​បង្កើត​កិច្ចព្រមព្រៀង​នៅពេល​ដ៏​ខ្លី​ខាងមុខ។

រដ្ឋមន្ត្រីការបរទេស​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​នេះ សង្កត់ធ្ងន់ថា បញ្ហា​ទាស់ទែង​ខ្វែងគំនិត​គ្នាច្រើន​ណាស់​លើ​សំណុំរឿង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ភាគី​មិនទាន់​អាច​ដោះស្រាយ និង​រក​ចំណុច​រួមគ្នា​បាន​ពេលបច្ចុប្បន្ន។ លោក​បន្ថែមថា ប្រសិនបើ​មហាអំណាច​ទាំង ៦មិន​គោរព​ចំណុច​ក្រហម ដោយ​ទាមទារ​លើស​អ្វីដែល​អ៊ីរ៉ង់​ធ្វើបាន វា​ប្រាកដ​ណាស់​ថា លោក​នឹង​ត្រលប់​ទៅ​ប្រទេស​លោក​វិញ​ដោយ​ដៃទទេ។ ប៉ុន្តែ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា មុន​ថ្ងៃ៧ កក្កដា មកដល់ អ៊ីរ៉ង់​និង​មហាអំណាច​ប្រាំ​បូក​មួយ​នឹង​រក​ចំណុច​ឯកភាពគ្នា ព្រោះ​ឥឡូវ​គ្រប់គ្នា​ប្រឹងប្រែង​ខ្លាំង​មិន​ហ៊ាន​សម្រាក​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

បញ្ហា​ធំ​ដែល​រារាំង​ភាគី​ចរចា​មិន​ឲ្យ​ឯកភាពគ្នា គឺមាន​ការទាមទារ​ឲ្យ​ដក​ទណ្ឌកម្ម​អ៊ីរ៉ង់​ជា​ថ្នូរ​ជាមួយ​ការកាត់បន្ថយ​សកម្មភាព​ផលិត​ថាមពលនុយក្លេអ៊ែរ​មួយ​ទសវត្ស និង​ចំណុច​មួយទៀត​ការអនុញ្ញាត​ឲ្យ​ភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ ធ្វើ​អធិការកិច្ច​ស្ថានីយ៍​ផលិត​ថាមពលនុយក្លេអ៊ែរ។

បើតាម​ការអះអាង ការទាមទារ​ឲ្យ​អ៊ីរ៉ង់​បន្ថយ​ការផលិត​និង​ចម្រាញ់​សារធាតុ​នានា​ដើម្បី​ផលិត​ថាមពលបរមាណូ​នេះ ជា​វិធីសាស្ត្រ​ពន្យឺត​អ៊ីរ៉ង់​មិន​ឲ្យ​ឈានទៅ​ផលិត​អាវុធ​បាន។ ប៉ុន្តែ​ជានិច្ច​ជា​កាល​អ៊ីរ៉ង់ ទាត់ចោល​ការចោទប្រកាន់ ដោយ​ប្រកាសថា​ខ្លួន​ស្អាតស្អំ គ្មាន​មហិច្ឆតា​ផលិត​អាវុធ​ប្រល័យ​លោក​ឡើយ។ ខ្លួន​គ្រាន់តែ​ចង់​ផលិត​ថាមពលនុយក្លេអ៊ែរ​បម្រើ​ប្រយោជន៍​ស៊ីវិល​តែប៉ុណ្ណោះ។ យ៉ាង​ក៏ដោយ​មហាអំណាច​ទាំង ៦ ហាក់​ខ្វះ​ការជឿជាក់​លើ​អ៊ីរ៉ង់ ដោយ​យល់ថា​ប្រសិនបើ​បន្ធូរបន្ថយ អ៊ីរ៉ង់​នឹង​អាច​ឆ្លៀត​ផលិត​អាវុធ​នុយក្លេអ៊ែរ​ចៀស​មិន​រួច​ឡើយ៕  


© រក្សាសិទ្ធិដោយ thmeythmey.com