ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ទៀ បាញ់ ទស្សនកិច្ច​នៅ​ចិន ខណៈ​កម្ពុជា​វៀតណាម​កំពុង​ចរចា​វិវាទ​ព្រំដែន
07, Jul 2015 , 10:07 am        
រូបភាព
ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ត្រៀមខ្លួន​ចេញដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​រយៈពេល ៥ថ្ងៃ ចាប់ពី​ថ្ងៃ ៨ ដល់​ថ្ងៃ ១២ខែកក្កដា។ ដំណើរ​ទស្សនកិច្ច​នៅ​ចិន​របស់​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា ដែលមាន​គោលបំណង​លើកកម្ពស់ និង​រឹតបន្តឹង​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​យោធា ស្រាប់តែ​កើតឡើង​នៅពេល​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​កំពុង​ដោះស្រាយ​វិវាទ​ព្រំដែន​នៅ​ភ្នំពេញ។ 


លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា គ្រោង​នឹងធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល៥ថ្ងៃ ចាប់ពី​ថ្ងៃ ៨ស្អែក​នេះ​ដល់​ថ្ងៃទី១២កក្កដា។ នេះបើ​យោង​​តាមទីភ្នាក់ងារព័ត៌មាន Xinhua ដែលដកស្រង់សេចក្តីី​ថ្លែងការណ៍​ក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃចន្ទ​ម្សិល​មិញ។ 

 ដំណើរ​ទស្សនកិច្ចរបស់​ នាយ​​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ នៅក្នុង​ប្រទេស​ចិន​ធ្វើ​ឡើង​ ក្នុង​គោលបំណង​ពង្រឹង​និង​ពង្រីក​ចំណង​មិ​ត​ភាព​ទ្វេភាគី និង​សហប្រតិបត្តិការ​រួមគ្នា​ផង។  ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា នឹង​ជួបពិភាក្សា​ដាច់ដោយឡែក​ជាមួយ​សម​ភាគី​លោក គឺ​រដ្ឋមន្ត្រី​ការពារ​ជាតិចិន​លោក Chang Wanquan និង​អនុប្រធាន​គណកម្មការ​យោធា​មជ្ឈិម​នៃ​ប​ក្សក​ម្មុយ​នី​ស្ត​ចិន​លោក Xu Quiliang ផងដែរ។ ក្រៅពីនេះ លោក ទៀ បាញ់ ក៍​នឹង​ទៅ​ទស្សនកិច្ច​នៅ​ស្ថាប័នសំខាន់ៗរបស់​ក្រសួងការពារជាតិ​ចិន​ផងដែរ។

សូមបញ្ជាក់ថា កម្ពុជា និង​ចិន​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​ចំណង​ការទូត នយោបាយ សេដ្ឋកិច្ច និង​ការពារជាតិ​មាន​ភាពល្អប្រសើរ​និង​ស្អិតល្មួត​ខ្លាំង​ផង។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឯណោះ​វិញ​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​កម្ពុជា បាន​បន្ត​ផ្តល់ជំនួយ​សេដ្ឋកិច្ច​ផង យោធា​ផង​ដល់​កម្ពុជា​ឥត​ដាច់៕


© រក្សាសិទ្ធិដោយ thmeythmey.com