ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិង្ហ​បុរី បង្រៀន​មនុស្ស​ឲ្យ​មាន​វិន័យ និង​មាន​ស្មារតី​ប្រកួតប្រជែង​រហូត
15, Oct 2015 , 8:39 am        
រូបភាព

ពិភពលោក​បានដឹងថា សិង្ហ​បុរី​ជា​ប្រទេស​ជឿនលឿន​មួយ​នៅ​អាស៊ី។ ប្រទេស​នេះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រទេស​ដែលមាន​ការគោរព​ច្បាប់​តឹងតែង​បំផុត​មួយ​ដែរ។ តើ​ប្រជាជន​នៃ​ប្រទេស​កោះ​មួយ​នេះ​មាន​សកម្មភាព​ប្រចាំថ្ងៃ​យ៉ាងដូចម្តេច? លោក ហួត ពុំ ដែលជា​ជនជាតិខ្មែរ និង​កំពុងធ្វើការ​ក្នុងនាម​អ្នកជំនាញ​សេដ្ឋកិច្ច​មួយរូប​ឲ្យ​ស្ថាប័ន​អន្តរជាតិ​មួយ​នៅក្នុង​ប្រទេស​សិង្ហ​បុរី បាន​ចែករម្លែក​ពិសោធន៍ និង​ពិ​ពណ៌​អំពី​ឥរិយាបថ​របស់​ពលរ​ដ្ឋ​ជឿនលឿន​នៃ​ប្រទេស​នេះ ជូន​អ្នកអាន​សារព័ត៌មានថ្មីៗ នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក លាង ដឺ​លុច។


ស្តាប់សំឡេង



លោក លាង ដឺ​លុច៖ លោក ហួត ពុំ សព្វថ្ងៃ​លោក​កំពុង​រស់នៅ និង​ធ្វើការ​រយៈពេល៤ឆ្នាំ​ហើយ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ដែលជា​ប្រទេស​ជឿនលឿន​មួយ។ ខ្ញុំ​សូម​អញ្ជើញលោក​ឲ្យ​ចែករម្លែក​បទពិសោធន៍ និង​ពិពណ៌នា​អំពី​សកម្មភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​នៃ​ប្រទេស​អ្នកមាន​មួយ​នេះ។ តើ​រៀងរាល់ថ្ងៃ ប្រជាជន​របស់គេ​ប្រព្រឹត្ត​ខ្លួន​យ៉ាងដូចម្តេច​ដើម្បី​ពួកគេ​ក្លាយជា​អ្នកមាន ហើយ​ប្រទេស​របស់គេ​ក៏​ជា​ប្រទេស​អ្នកមាន​ដែរនោះ?
លោក ហួត ពុំ៖ អរគុណ​ចំពោះ​សំណួរ។ ខ្ញុំ​សង្កេតឃើញថា ប្រជាជន​សិង្ហ​បុរី​ស្វាហាប់ ពួកគេ​ធ្វើការ​ឥត​ឈប់។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​ពួកគេ​ធ្វើការ​ឥត​ឈប់ គឺ​កត្តា​វិន័យ។ គឺ​វិន័យ​ដែល​ពួកគេ​មាន​តាំងពី​នៅ​រៀន វិន័យ​នៅក្នុង​គ្រួសារ វិន័យ​នៅក្នុង​ស្ថាប័ន​ដែល​ពួកគេ​ធ្វើការ និង​វិន័យ​នៅក្នុង​សង្គមជាតិ​ទាំងមូល។ ពួកគេ​ធ្វើ​អ្វីមួយ​តាម​ក្បួន តាម​ខ្នាត។ កាលណា​ធ្វើការ​តាម​ក្បួន តាម​ខ្នាត នោះ​ផលិតភាព​នឹង​ល្អប្រសើរ ហើយ​មានការ​បែងចែក​ដាច់​ណាត់ រវាង​ការសប្បាយ និង​ការងារ។ យើង​មិន​ធ្វើការ​ផង សប្បាយ​ផង​នោះទេ។



លោក លាង ដឺ​លុច៖ តើ​វិន័យ​ហ្នឹង បាន​មកពីណា​ដំបូង​ឡើយ?
លោក ហួត ពុំ៖ គឺ​វិស័យ​អប់រំ។ នៅក្នុង​វិស័យ​អប់រំ គឺ​គេ​បង្រៀន​ឲ្យ​មនុស្ស​គោរព​ច្បាប់​តាំងពីតូចៗតែម្តង។ ក្នុង​គ្រួសារនីមួយៗ ឪពុកម្តាយ​អប់រំ​កូន​ឲ្យ​មាន​ក្បួន មាន​ខ្នាត គោរព​ច្បាប់ទម្លាប់។ ហើយ​មកដល់​កន្លែង​ការងារ ក៏​ដូចគ្នា។ អ្វីៗក៏មាន​ចែង​ជា​ច្បាប់។ ខ្ញុំ​មិនបាន​តាមដាន​ឲ្យ​ល្អិត​ដល់​ថា ហេតុអ្វី​បានជា​មនុស្ស​នៅក្នុង​ស្រុក​នោះ គោរព​ច្បាប់​ម្លេះនោះទេ? តែ​ខ្ញុំ​សង្កេតឃើញថា ពួកគេ​ធ្វើអ្វីៗ មាន​ក្បួនខ្នាត តាម​នីតិវិធី​ច្បាស់លាស់ ត្រឹមត្រូវ ហើយ​ពេលណា​ក៏​ធ្វើ​អ៊ីចឹង។

លោក លាង ដឺ​លុច៖ នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​គេ​ជឿនលឿន ប្រជាជនមាន​វិន័យ។ តើ​មាន​ប្រជាជន​ខ្លះ​មិន​ពេញ​ចិត្តនឹង​ច្បាប់ទម្លាប់​តឹងរឹង​អ៊ីចឹង​ដែរឬទេ​លោក?
លោក ហួត ពុំ៖ ជាម​នុស្ស ខ្ញុំ​សង្កេតឃើញថា ពួកគេ​ក៏មាន​អារម្មណ៍​លំបាក​ដែរ ក្នុងការ​ប្រព្រឹត្ត​ខ្លួន​យ៉ាង​ដូច្នេះ​គ្រប់ពេលវេលា។ ប៉ុន្តែ​ពួកគេ​មាន​មោទនភាព​វិញ។ ពោលគឺ​ដោយសារ​ពួកគេ​ខិតខំ​ប្រឹងប្រែង​អ៊ីចឹង បានជា​គេ​ក្លាយជា​ប្រទេសមួយ​ដែល​ល្អ​ជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ គេ​មាន​មោទនភាព ហើយ​គេ​ក៏​ពញ្ញាក់​អារម្មណ៍​ប្រជាជន​គេ​ថែមទៀត បើសិនជា​គេ​មិន​បន្ត​ការខិតខំ​ប្រឹងប្រែង​នេះ​ទៀត​ទេ ប្រទេស​គេ​នឹង​អាច​ធ្លាក់​ពី​លេខ១ មក​លេខ២ ឬ​លេខ៣ វិញ។ ដូច្នេះ​ដើម្បី​រក្សា​មោទនភាព​របស់គេ​ឲ្យ​នៅតែ​លេខ១នៅ​អាស៊ីអាគ្នេយ៍ គេ​ត្រូវតែ​បង្កើត​វប្បធម៌​មួយ​គឺ «ខំ​ឥត​ឈប់»។ នេះ​ជា​អ្វីដែល​ខ្ញុំ​សង្កេតឃើញ។

លោក លាង ដឺ​លុច៖ ប្រជាជន​គេ​ខិតខំ​ប្រឹងប្រែង​ដើម្បី​គ្រួសារ​ផង និង​ដើម្បី​ប្រទេសជាតិ​ផង?
លោក ហួត ពុំ៖ ខ្ញុំ​បាន​សួរ​មិត្តភក្តិ​ជនជាតិ​សិង្ហ​បុរី មិត្តភក្តិ​មកពី​អឺរ៉ុប អាមេរិក និង​មកពី​អាស៊ីអាគ្នេយ៍ ដែល​ធ្វើការ​ជាមួយគ្នា​ហ្នឹង ខ្ញុំ​ដឹងថា នៅ​សិង្ហ​បុរី គេ​បង្កើត​វប្បធម៌​ប្រកួតប្រជែង​ខ្លាំង និង​វិន័យ ដល់​ពលរដ្ឋ​របស់គេ​តាំងពីតូចៗតែម្តង។  ឧបមា​រឿង​រៀនសូត្រ​មួយ គឺ​វា​មានការ​ប្រជែង​គ្នា​ខ្លាំង​មួយ​ដើម្បី​ឆ្លង​ពី​ម​ឋ​ម​សិក្សា​ទៅ​ថ្នាក់​អនុវិទ្យាល័យ។ ត្រង់នេះ វា​តឹង​តែងមួយ​កម្រិត។ ហើយ​ដើម្បី​អាច​បាន​រៀន​សាលា​ល្អ គេ​ត្រូវតែ​ពូកែ។ ដើម្បីកូនៗអាច​ពូកែ​បាន គឺ​ឪពុកម្តាយ​ត្រូវ​ប្រឹង​ខ្លាំងណាស់។ ហើយ​ដើម្បី​អាច​ចូលក្នុង​ថ្នាក់​វិទ្យាល័យ​ដែល​ល្អ គឺ​ត្រូវ​ឆ្លងកាត់​ការប្រឡង​តឹងតែង​មួយកម្រិត​ទៀត។ ដូច្នេះ​យើង​មើលទៅ ឃើញថា​នេះ​វា​ហាក់ដូចជា​ការធ្វើ​បា​បម​នុស្ស​មួយ ធ្វើ​ឲ្យ​មនុស្ស​ក្លាយជា​មនុស្ស​យន្ត។ ប៉ុន្តែ​ការធ្វើ​ឲ្យ​មនុស្ស​ខិតខំ​ប្រឹងប្រែង ប្រកួតប្រជែង គោរព​វិន័យ វា​ធ្វើ​ឲ្យ​មនុស្ស​ជោគជ័យ​ខ្លាំង។ កាលណា​ពួកគេ​ខ្លាំង​ក្នុងចំណោម​គ្នា​គេ​ហើយ ពួកគេ​អាច​ឈ្នះ​អ្នក​នៅក្នុង​តំបន់។ ពួកគេ​ខិតខំ​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ជំនាញ​ទៀត។



លោក លាង ដឺ​លុច៖ យើង​អាច​និយាយ​យ៉ាង​សាមញ្ញ​ថា អ្នក​ឧស្សាហ៍ នឹង​អាច​ក្លាយជា​អ្នកមាន ហើយ​សិន​ជា​យើង​ខ្ជិល គឺ​យើង​ក្រ។
លោក ហួត ពុំ៖ យើង​អាច​និយាយ​អ៊ីចឹង​បាន។ ហើយបើ​យើង​ឧស្សាហ៍​ហើយ យើង​រក្សា​ការខិតខំ​ប្រឹងប្រែង​បាន ឱកាស​នៃ​ជោគជ័យ​គឺ​ខ្ពស់។

លោក លាង ដឺ​លុច៖ នៅក្នុង​ពាក្យ​វិន័យ ដែល​ពលរដ្ឋ​សិង្ហ​បុរី​មាន​នោះ តើ​មានគំនិត​នៃ​ការ​ត្បិតត្បៀត ពីព្រោះ​មានមតិ​ដែល​គេ​និយាយថា បើ​ចង់​ក្លាយជា​អ្នកមាន គេ​មិនត្រូវ​ខ្ជះខ្ជាយ ខ្ជីខ្ជា​នោះទេ?
លោក ហួត ពុំ៖ មុននឹង​ខ្ញុំ​បាន​ទៅ​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​សិង្ហ​បុរី ខ្ញុំ​ក៏បាន​មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​ជនជាតិ​នេះដែរ។ ពេល​យើង​ទៅ​ប្រទេសផ្សេងៗក្រៅពី​ស្រុក​គាត់ ហើយ​យើង​ដើរ​ទិញ​ទំនិញ​នោះ ជនជាតិ​សិង្ហ​បុរី ដែល​យើង​គិតថា ពួកគេ​មកពី​ប្រទេស​អ្នកមាន ហើយ​ពួកគេ​ស្រែកថា «ទំនិញ​នេះ​ថ្លៃ​ម្លេះ?» ខ្ញុំ​ចាប់​អារម្មណ៍​លើ​ពាក្យសំដី​របស់​ពួកគេ។ នៅពេលដែល​ខ្ញុំ​មក​រស់នៅ​ស្រុក​ពួកគេ ទើប​ខ្ញុំ​ដឹងថា ជនជាតិ​នេះ​មិនមែនជា​អ្នក​ចាយ​ខ្ជះខ្ជាយ​ទេ។ នៅពេល​គាត់​ចាយ​លើ​របស់​អ្វីមួយ គាត់​គិតពី​ប្រយោជន៍​នៃ​របស់​ហ្នឹង។ តើ​របស់​ហ្នឹង​ចាំបាច់​ត្រូវ​ទិញ​ឬទេ? បើ​ទិញ​មក គេ​អាច​ប្រើ​អស់​លទ្ធភាព​របស់​វា​អត់? ខ្ញុំ​ថា ចំនុច​នេះ​កើតចេញពី​ការអប់រំ​ដែរ។ ប្រហែលជា​គេ​អប់រំ​កូនចៅ​គេ​ឲ្យ​គិត​អំពី​អ្វី​ដែលមាន​ប្រយោជន៍ និង​អ្វីដែល​មិនមាន​ប្រយោជន៍ អ្វីដែល​ត្រូវ​ទុក ត្រូវដាក់ ចាយ ឬ​មិន​ចាយ។ នេះ​ជាការ​អប់រំ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​គម្រោង ឬ​ផែនការ​ច្បាស់លាស់​សម្រាប់​ជីវិត និង​ការគ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​របស់គេ។

លោក លាង ដឺ​លុច៖ តើ​លោក​អាច​នឹកឃើញ ឬ​ពិពណ៌នា​អំពី​ជីវិត​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​សិង្ហ​បុរី​បានទេ? មួយថ្ងៃៗ ពួកគេ​មាន​ពេលវេលា​ជួបគ្នា និយាយ​គ្នា​លេង​ច្រើន ឬក៏ម្នាក់ៗគិតតែ​ពី​ធ្វើ​ការងារ?
លោក ហួត ពុំ៖ ខ្ញុំ​សង្កេតឃើញថា ពួកគាត់​ធ្វើការ​លើសពី​មនុស្ស​ធម្មតា។ ហេតុអ្វី​ខ្ញុំ​ហ៊ាន​និយាយ​អ៊ីចឹង? ពួកគាត់​ផ្តើម​ធ្វើការ​ពី​ព្រឹក រហូតដល់​ល្ងាច និង​យប់​ជ្រៅ។ បានន័យថា ម៉ោង​ការងារ​ដែល​ចប់​នៅ​ម៉ោង៦ល្ងាច ពួកគាត់​មិន​មក​ផ្ទះ​នៅ​ម៉ោង៦ទេ ពួកគាត់​នៅ​ដល់​ម៉ោង ៧ ឬ៨យប់​ទៀត។ ពេលខ្លះ​ខ្ញុំ​រវល់​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ខ្ញុំ​ទៅធ្វើ​ការ ខ្ញុំ​ក៏​ឃើញ​ពួកគេ​នៅ​ធ្វើការ​ទៀត។ គ្រាន់តែ​ថា ពួកគាត់​មិន​ទៅមួយថ្ងៃ​ពេញ​ទេ ព្រោះ​ពួកគាត់​ត្រូវ​ចំណាយ​ពេលវេលា​សម្រាប់​គ្រួសារ​ដែរ។ ខ្ញុំ​សង្កេតឃើញថា បើ​ពួកគាត់​រវល់ គឺ​ពួកគាត់​រវល់​មែនទែន។ តែ​ពួកគេ​បែងចែក​ពេលវេលា​ច្បាស់លាស់​ដែរ។ បើ​គាត់​ធ្វើការ​ច្រើន​នៅក្នុង​សប្តាហ៍ នៅ​ថ្ងៃ​ចុង​សប្តាហ៍ ពួកគាត់​ត្រូវ​ចំណាយពេល​ពេញ​ថ្ងៃ​ចុង​សប្តាហ៍​សម្រាប់​គ្រួសារ​តែម្តង។ ដូច្នេះ​ការចំណាយ​ពេល ជាមួយ​មិត្តភក្តិ​សប្បាយ គឺ​មិនសូវមាន​ទេ។



លោក លាង ដឺ​លុច៖ លោក ហួត ពុំ! ប្រទេស​សិង្ហ​បុរី​ល្បី​ណាស់​ខាង​ផាកពិន័យ។ តើ​លោក​គិតថា ដើម្បី​ធានា​ការគ្រប់គ្រង​របស់​ប្រទេសមួយ​មាន​ឲ្យ​ល្អ ឲ្យ​មាន​វិន័យ គេ​ត្រូវ​ផាកពិន័យ​ពលរដ្ឋ​នៃ​ប្រទេស​ឲ្យ​តឹងរឹង​អ៊ីចឹង​ឬ​យ៉ាងណា?
លោក ហួត ពុំ៖ ខ្ញុំ​មិន​ហ៊ាន​និយាយថា​យ៉ាងម៉េច​ទេ! ប៉ុន្តែ​ខ្ញុំ​ឃើញ​ស្លាក​សញ្ញា​ផាកពិន័យ​នៅ​គ្រប់កន្លែង។ ពលរដ្ឋ​សិង្ហ​បុរី​ខ្លាច​គេ​ពិន័យ​ណាស់។ ធម្មតា​ទេ​គិត​ជា​លុយ ច្រើន​ដែរ។ ម្នាក់ៗ គោរព​ច្បាប់​ណាស់។

លោក លាង ដឺ​លុច៖ នៅ​កម្ពុជា ទាល់តែ​ផាកពិន័យ​តឹងតែង​អ៊ីចឹង បាន​ពលរដ្ឋ​មាន​វិន័យ​ដែរ មែនទេ?
លោក ហួត ពុំ៖ យើង​មិន​ហ៊ាន​និយាយថា​យ៉ាងម៉េច​ទេ។ ប៉ុន្តែ​អ្វីដែល​គេ​ធ្វើ​ល្អ យើង​គួរ​រៀនសូត្រ​តាម ហើយ​ចំនុច​ណា​មិនល្អ​យើង​ចៀសវាង​ចោល។ បើ​ចំនុច​ណា​គេ​ធ្វើ​ជោគជ័យ ប្រហែល​យើង​អាច​ជោគជ័យ​ដូចគ្នា៕




© រក្សាសិទ្ធិដោយ thmeythmey.com