ជាតិ
សង្គមជាតិ
NGO៖ សភា​ហាក់​កំហិត​ថ្ងៃ​ពិគ្រោះ​យោបល់ មុន​អនុម័ត​សេចក្តីព្រាងច្បាប់ NGO
07, Jul 2015 , 3:54 pm        
រូបភាព
ដោយ:

 
ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាល​ទាំង​ជាតិ និង​អន្តរជាតិ ដែល​កំពុង​ជំទាស់​នឹង​សេចក្តីព្រាង ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) មាន​ក្តីបារម្ភ​ជាខ្លាំង ចំពោះ​ពេលវេលា ពិគ្រោះ​យោបល់ ដោយ​ពួកគេ​លើកឡើងថា រដ្ឋសភា​មិនបាន​ផ្តល់​ពេលវេលា​គ្រប់គ្រាន់ ក្នុង​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ ពិសេស​គឺ NGO។ សេចក្តីព្រាងច្បាប់​នេះ ដែល​បានដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី៥ ខែមិថុនា កំពុង​ស្ថិតក្រោម​ការពិនិត្យ​របស់ គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា។



នាយិកា​ប្រតិបត្តិ នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ពេលវេលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់ LANGO ដែល​រដ្ឋសភា​នឹង​រៀបចំ​នៅ​ថ្ងៃទី៨ កក្កដា​នេះ។ អ្នកស្រី​និយាយថា ការកំណត់​ពេលវេលា​ពិ គ្រោះ​យោបល់​នេះ នឹងមិន​អនុញ្ញាត​ឲ្យ NGO អាច​ពិភាក្សា​ទូលំទូលាយ​ឡើយ ប្រសិនបើ​សភា អនុម័ត ឲ​សេចក្តីព្រាងច្បាប់​នេះ លោកស្រី​មិនអាច​ទទួលយក​នោះទេ។ នាយិកា នៃ CCHR រូបនេះ ថ្លែងថា៖«យើង​ស្នើ​ឲ្យ​រដ្ឋសភា​បញ្ឈប់​ការអនុម័ត​សេចក្តីព្រាង ច្បាប់​ដែលមាន លក្ខណៈ​ឆាប់​នេះ ហើយ​សភា​គួរតែ​បើកទូលាយ​ក្នុងការ​ពិគ្រោះ​យោបល់ យើង​មិនអាច ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​នេះ​តែ មួយថ្ងៃ​បាន​នោះទេ។ ប្រសិនបើ​សេចក្តី ព្រាង​ច្បាប់​នឹងត្រូវ​អនុម័ត​តាម​ទម្រង់​បច្ចុប្បន្ននេះ យើង​មិនអាច​ទទួលយក​បានទេ»។

លោកស្រី​ថ្លែង​បែប​ប​នេះ ក្នុង​សិក្ខាសាលា​ពិភាក្សា​ស្តីពី​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ ក្រៅ​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា។ កិច្ចពិភាក្សា​នេះដែរ មានការ​ចូលរួម​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ សិស្ស និស្សិត ព្រមទាំង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ ៣០០ នាក់។

ជាមួយគ្នានេះដែរ លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា (NGO Forum) បានស្នើ​ឲ្យ​រដ្ឋសភា​លុបចោល​មាត្រា​មួយចំនួន ដែល​អាច​ប៉ះពាល់ ដល់​ដំណើរ​ការងារ​របស់ NGO។ ហើយ​ថា រដ្ឋសភា​គួរតែ​បើក​ឲ្យ​មាន​ត្រួតពិនិត្យ និង​ពិភាក្សា សេចក្តីព្រាងច្បាប់​នេះ ជាមួយ​ភាគី​ពាក់ព័ន្ធ​បន្ថែមទៀត«យើង​នឹង​បន្ត​ទាមទារ​ឲ្យ​ភា​ក្សា​សភា បន្ថែម​ពេលវេលា​ពិភាក្សា​ពិគ្រោះ​លើ​សេចក្តីព្រាងច្បាប់​នេះ ព្រោះ​សេចក្តីព្រាងច្បាប់​នេះ មិនទាន់​អាច​ទទួលយក​បានទេ មាត្រា​មួយចំនួន​នៅមាន​ភាពមិនច្បាស់លាស់ ដែល​អាច​ក្លាយជា​ឧបសគ្គ​សម្រាប់​សមាគម និង​អង្គការ​នានា»។ នេះ​ជា​ប្រសាសន៍​បញ្ជាក់​របស់ លោក តឹក វណ្ណា​រ៉ា។

ដោយឡែក លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា បាន​ព្រួយបារម្ភ​ចំពោះ​មាត្រា មួយ ដែល​មានចែង​ក្នុង​សេចក្តីព្រាងច្បាប់ NGO នេះ ដែល​នឹងមិន​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ NGOក្នុងស្រុក ដែល​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី អាច​ចុះឈ្មោះ​បង្កើត​សមាគម និង​NGO ថ្មី។ «តាម​មាត្រា ៥ នៃ​សេចក្តីព្រាងច្បាប់​នេះ គេ​អាច​ទំលាក់កំហុស​មក​ថ្នាក់ដឹកនាំ NGO បាន​យ៉ាង​ងាយ ក្នុងករណី​ដែល​បុគ្គលិក​អង្គការ​ណាមួយ មាន​ភាពមិនស្មោះត្រង់ និង​បង្កបញ្ហា​នោះ ថ្នាក់ដឹកនាំ​ឬ ប្រធាន​អង្គការ​នឹងមិន​មានឱកាស​បន្ត ការងារ​របស់ខ្លួន​ទៀត»។ នេះ​ជា​កង្វល់​របស់លោក ព្រាប កុល។

ទាក់ទិន​នឹង​សេចក្តីព្រាងច្បាប់ LANGO នេះ កាលពី​ថ្ងៃទី២ កក្កដា​កន្លងទៅនេះ អង្គការ​តម្លាភាព​អន្តរជាតិ​បាន​សេចក្តីថ្លែងការណ៍ ទទូច​សុំឱ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ច្បាប់​នេះ​ឡើងវិញ ដើម្បី​ធានាថា​ដំណើរការ​នៃ​ការតាក់តែង​ច្បាប់​នេះ ពិសេស​គឺ ស្របតាម​មាត្រា​ទី២២ និង​មាត្រា​ទី១៩ នៃ អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ មាត្រា ទី១៣ នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ និង​គោលការណ៍​ទី២៣ នៃ​សេចក្ដីប្រកាស​របស់​អាស៊ាន​ស្ដីពី​សិទ្ធិមនុស្ស។

សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មាន៩ជំពូក និង៣៩មាត្រា ហើយ​ច្បាប់​នេះ​ត្រូវបាន​រដ្ឋាភិបាល​អនុម័ត​នៅ​ថ្ងៃទី៥មិថុនា​កន្លងទៅ។ នៅ​ថ្ងៃទី៨ ខែកក្កដា ស្អែក​នេះ រដ្ឋសភា​នឹង​បើក​ការពិគ្រោះ​យោបល់​សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ ជាមួយ​ភាគី​ពាក់ព័ន្ធ​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com