កីឡាអន្តរជាតិ
អន្តរជាតិ
Floyd Mayweather ត្រូវបាន​លុបឈ្មោះ​ជា​ម្ចាស់​ជើងឯក​ប្រដាល់​ពិភពលោក​ទម្ងន់​ធ្ងន់
07, Jul 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយសារ​មិនបាន​បង់ប្រាក់​តាម​ការ​កំណត់​របស់ WBO (The World Boxing Organization) ស្ថាប័ន​នេះ​បាន​លុបឈ្មោះ Floyd Mayweather ជា​ម្ចាស់​ជើងឯក​ប្រដាល់​ពិភពលោក​ទម្ងន់​ធ្ងន់ (ក្រោម ៦៦ គ.ក្រ) ដែល Floyd បានឈ្នះ​នៅក្នុង​ការប្រកួត​ជាមួយ Manny Pacquiao កាលពី​ថ្ងៃទី ២ ឧសភា​កន្លងទៅនេះ នៅ Las Vegas ។



នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន WBO បាន​ពន្យល់ថា ខ្លួន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ឈប់​ទទួលស្គាល់ M. Floyd Mayweather Jr. ជា​ជើងឯក​ប្រដាល់​ពិភពលោក​ទម្ងន់​ធ្ងន់ ហើយ​ត្រូវ​ទុក​តំណែង​នេះ​ឲ្យ​នៅ​ទំនេរ។

ដោយហេតុ​ផល​ថា តាមច្បាប់​របស់ WBO អ្នក​ប្រដាល់​ដែល​ចូលរួម​ប្រកួត​ដណ្តើម​ជើងឯក​ពិភពលោក​របស់​ស្ថាប័ន​ខ្លួន ត្រូវតែ​បង់ប្រាក់ ៣% នៃ​ប្រាក់​ដែល​ខ្លួន​ទទួលបាន​សម្រាប់​ការប្រកួត​នោះ ដែល​ស្មើនឹង​ប្រមាណ ២០ ម៉ឺន​ដុល្លារ។ Mayweather បានទទួល​ប្រាក់​ប្រមាណ ២២០ លាន​ដុល្លារ​សម្រាប់​ការប្រកួត​ប្រដាល់​ប្រចាំ​សតវត្សរ៍​នោះ។

មិនតែប៉ុណ្ណោះ ស្ថាប័ន​នេះ​បាន​ពន្យល់​ទៀតថា កីឡាករ​ជនជាតិ​អាមេរិកាំង​រូបនេះ​មិនបាន​លះបង់​ឈ្មោះ​ជា​ម្ចាស់​ខ្សែក្រវ៉ាត់​ពិភពលោក​ទម្ងន់​យក្ស (ក្រោម ៦៩,៩ គ.ក្រ) របស់ WBA (World Boxing Association) និង WBC (World Boxing Council) ដែល​ខ្លួន​ទទួលបាន​នោះទេ។ អ្នក​ដែល​ជាប់​ឈ្មោះ​ជា​ជើងឯក​របស់ WBO ក្នុង​ប្រភេទ​ទម្ងន់​ណាមួយ​ហើយ មិន​អាចមាន​សិទ្ធិ​ធ្វើជា​ជើងឯក​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់​ណាមួយ​ផ្សេង​ទៀតឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com