សង្គមអន្តរជាតិ​
អន្តរជាតិ
មី​យ៉ាន់​ម៉ា៖ កម្មករ​ផ្តើម​តវ៉ា​ទារ​ឡើង​ប្រាក់​ឈ្នួល ខណៈ​ការបោះឆ្នោត​ជិត​មកដល់
13, Jul 2015 , 7:59 pm        
រូបភាព
ដោយ:
ម្សិលមិញ​នេះ មាន​កម្មករ​ជាច្រើន​រយ​នាក់​ប្រមូល​ផ្តុំគ្នា​បាតុកម្ម​តវ៉ា​ដោ​យស​និ្ត​ភាព ដើម្បី​ទារ​ឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំថ្ងៃ​របស់​ពួកគេ។ បាតុកម្ម​នេះ​កើតឡើង នៅ​ភាគ​ខាងជើង​ទីក្រុង​យ៉ង់​ហ្គូ​ន ហើយ​ពួកគេ​សុំ​តំឡើង​ពី ៣,៦០០ គី​យ៉ា​ត ( ៣.១៨ ដុល្លា​សហរដ្ឋអាមេរិក) ទៅ ៤,០០០ គី​យ៉ា​ត (៣.៥៤ដុល្លា​សហរដ្ឋអាមេរិក) សម្រាប់​ការងារ​ប្រចាំថ្ងៃ​របស់​ពួកគេ។

កាលពី​ខែ​មុននេះ ក្រោយពី​មានការ​ចរចា​គ្នា​រវាង​រដ្ឋាភិបាល កម្មករ និង និយោជកគណៈកម្មាធិការ​ជាតិ​ទទួលបន្ទុក​ប្រាក់​ឈ្នួល បានកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់ កម្មករ​រោងចក្រ។ ក៏ប៉ុន្តែ​ក្រោយ​ការអនុម័ត មិនបាន​ប៉ុន្មាន​ផង ស្រាប់​តែមាន​ចលនា​បាតុកម្ម​ជាថ្មីទៀត ដោយ​ពួកគេ​ទាមទារ​រ​តំឡើង​ប្រាក់ខែ។ ក្រុមកម្មករ​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ទីក្រុង​យ៉ង់​ហ្គូ​ន  ហើយ​ពួកគេ​បាន​បញ្ជាក់ថា ចំនួន​ប្រាក់​ឈ្នួល​កន្លងមក​នោះ មិនអាច​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​បាន​នោះទេ។



ជុំវិញ​ការទាមទារ​នេះ ក្រុម​និយោជក និង​ម្ចាស់​រោងចក្រ បាន​បញ្ជាក់ថា​ការតំឡើង​ថែមទៀត មិនអាច​ធ្វើទៅ​រួច​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការប្រតិបត្តិ​របស់​រោង​ចក្រ។ បន្ថែម​ពីនេះ មាន​រោងចក្រ​ចិន និង​កូរ៉េខាងត្បូង​មួយចំនួន បាន​ព្រមាន​កម្មករ​ម្តង​ហើយ​ថា​នឹង​បិទ​រោងចក្រ​ចោល ប្រសិនបើជា​ការទាមទា​រ​នេះ​ត្រូវបាន​អនុវត្ត​មែន​នោះ។ យ៉ាងណាក៏ដោយ បើ​ប្រៀបធៀប​ពី​ប្រាក់​ឈ្នួល​អប្បបរមា​មី​យ៉ាន់​ម៉ា ទៅនឹង​រដ្ឋ​អាស៊ាន​ផ្សេងទៀត គេ​មើលឃើញថា​ការទាមទារ​នេះ​មិន​ច្រើន​លើសលុប​ពេក​ទេ ។

ដោយឡែក អ្វីដែល​គួរកត់សម្គាល់​នោះ ការទាមទារ​នេះ​ផ្ទុះឡើង​ស្របពេល ដែល​ការបោះឆ្នោត​ជា​សកល​របស់​មី​យ៉ាន់​ម៉ា​កាន់តែ​ខិតជិត​មកដល់​ហើយ។ ក្នុង​ក្រសែរ​ភ្នែក​របស់​អ្នកវិភាគ​នេះ ការ​បាតុកម្ម ជា​យុទ្ធសាស្ត្រ​មួយ​របស់​ក្រុម​សហជីព​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល និង ទាញ​ការចាប់អារម្មណ៍​គណបក្សនយោបាយ​ផងដែរ​នោះ។

គួរបញ្ជាក់​ផង គណៈកម្មាធិការ​បោះឆ្នោត​មី​យ៉ាន់​ម៉ា​បានកំណត់​យក​ថ្ងៃ ៨ខែវិច្ឆិកា​ខាងមុខ​ជា​ថ្ងៃ​សម្រាប់​រៀបចំ​ការបោះឆ្នោត​ជាស​កល ដោយ​សន្តិ​សភាព និង ប្រជាធិបតេយ្យ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មី​យ៉ាន់​ម៉ា៕


© រក្សាសិទ្ធិដោយ thmeythmey.com