សង្គមអន្តរជាតិ​
អន្តរជាតិ
លោក​ថេ​ន​សេន​មិន​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ជាថ្មី​ព្រោះ​មិន​ចង់​ក្រាញ​អំណាច?
16, Jul 2015 , 8:19 pm        
រូបភាព
ដោយ:
ចុងឆ្នាំ២០១៥ខាងមុខនេះ មី​យ៉ាន់​ម៉ា នឹងមាន​ការបោះឆ្នោត​សភា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ តាមបែប​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព។ ក្នុងនោះ​មាន​គណបក្សនយោបាយ​ជាច្រើន បាន​ចុះឈ្មោះ​ក្នុងការ​ប្រជែង​យក​អាសនៈ​នៅក្នុង​សភា។ តែ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​លោក​ប្រធានាធិបតី ថេ​ន សេន មិនបាន​សម្រេច​ឈរឈ្មោះ​នៅក្នុង​ការបោះឆ្នោត​សភា និង​ឈានទៅ​ឈរឈ្មោះ​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ថ្មី​ទេ ព្រោះ​លោក​មាន​បញ្ហា​សុខភាព។ ប៉ុន្តែ​មាន​ហេតុផល​ផ្សេងទៀត​ជំរុញ​ឲ្យ​លោក​ត្រូវ​ចាក​ចេញពី​ឆាកនយោបាយ។



មន្ត្រី​នាំពាក្យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បាន​អះអាងថា លោក​ថេ​ន សេន បានសម្រេច​មិន​ចូលរួម​នៅក្នុង​ការបោះឆ្នោត​សភា ដែល​នឹងត្រូវ​ប្រព្រឹត្តឡើង​នៅ​ខែវិច្ឆិកា​ខាងមុខនេះ។ នោះ​ក៏​ព្រោះតែ​លោក​មាន​បញ្ហា​សុខភាព។

លោក ថេ​ន សេន ជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ដំបូងបង្អស់ ដែល​បាន​ឡើងកាន់តំណែង ដោយ​ការបោះឆ្នោត ក្រោយពី​មានការ​កែទម្រង់​ប្រព​ន្ធ័​នយោបាយ​ពី​យោធានិយម មក​យក​លទ្ធិប្រជាធិបតេយ្យនៅ​ឆ្នាំ២០១០  ។ ថ្វី​ត្បិត​មានការ​បញ្ជាក់​ទាក់ទង​នឹង ការមិន​ចូលរួម​ក្នុងការ​បោះឆ្នោត និង លទ្ធផល​ពិតប្រាកដ​នឹង​ទៅជា​យ៉ាងណាក៏ដោយ ក្នុង​ក្រសែភ្នែក​អ្នកវិភាគ​យល់ឃើញ​ពី​មូលហេតុ​វិជ្ជមាន និង អវិជ្ជមាន​ផ្សេងទៀត​នៃ​ការមិន​ចូលរួម​នេះ។ ក្នុងនោះ​មានដូចជា៖

១. ការទទួលខុសត្រូវ​ក្នុងនាម​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា
មី​យ៉ាន់​ម៉ា គឺ​ប្រទេសមួយ ដែល​ធ្លាប់​ឆ្លងកាត់​ជម្លោះ​ប្រដាប់អាវុធ​រវាង​ក្រុម​ជនជាតិភាគតិច និង​ការគ្រប់គ្រង​ដោយ​យោធា​ជាច្រើន​ទសវត្ស​មកហើយ។ ក្រោយពី​មានការ​កែទម្រង់​ឆ្នាំ ២០១០-២០១១ ប្រទេស​នេះ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​រួមមាន​បញ្ហានយោបាយ សង្គមកិច្ច និង សេដ្ឋកិច្ច។ ជាធម្មតា​បន្ទុក​ទាំងនេះ​ជា​របស់​មេដឹកនាំ​កំពូល ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​និង​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ល្អប្រសើរ​ឡើងវិញ។ ដូច្នេះ​ហើយដោយ​ឃើញ​ពី​បន្ទុក​ដ៏​ធំ​ទាំងនេះ លោក​ធេ​ន សេន អាចជា​ទ្រាំ​មិនបាន គួបផ្សំ​ជាមួយ​បញ្ហា​សុខភាព​មិនល្អ​ផងដែរ​នោះ លោក​ត្រូវតែ​ដកខ្លួន​ចេញពី​ជីវិត​នយោបាយ។

២. ការធ្វើជា​គំរូ និង​ផ្តល់​ឳ​កាស​ដល់​អ្នកជំនាន់ក្រោយ​កាន់តំណែង​បន្ត
សម្រាប់​សហគមន៍​អន្តរជាតិ លោក​ប្រធានាធិបតី ថេ​ន សេន គឺជា​តួអង្គ​ដ៏​សំខាន់​ដែល​ជំរុញ​ឲ្យ​មានការ​កែទម្រង់​របប​ដឹកនាំ​យ៉ាង​ស៊ីជម្រៅ​កន្លងមក។ ក្រោម​ការដឹកនាំ​របស់​លោក មី​យ៉ាន់​ម៉ា​បាន​រួច​ផុតពី​ការ​ហុំ​ព​ទ្ធ័​សេដ្ឋកិច្ច និង ដាំ​ដុះ​ពន្លក​ប្រជាធិបតេយ្យ ដែល​ទទួលបាន​ការស្វាគមន៍​ពី​សហគមន៍​អន្តរជាតិ។ ដោយឡែក ប្រសិនបើ​លោក​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​ក្នុងការ​បោះឆ្នោត​សភា និង​បន្ត​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ម្តងទៀត​នោះ លោក​អាច​នឹង​ត្រូវគេ​ចោទថា​លោក​ចង់​ក្រាញ​អំណាច។

៣. វិបត្តិ​ផ្ទៃក្នុង​ដែល​ពិបាក​បញ្ចប់
បើ​យើង​ក្រឡេកមើល ស្ថានភាព​មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន​នោះ យើង​ឃើញថា​ប្រទេស​នេះ​ប្រឈម​បញ្ហា​ធំ​ជាច្រើន ដែល​រដ្ឋាភិបាល​មិនទាន់មាន​លទ្ធភាព​ដោះស្រាយ​ចប់​នៅឡើយ។ ក្នុងនោះ​រួមមាន មានការ​គំរាមកំហែង និង​អសន្តិសុខ​បង្កដោយ​ជម្លោះ​ប្រដាប់អាវុធ​រវាង​ឧទ្ទាម​និង​ទាហាន​រដ្ឋាភិបាល បញ្ហា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​និង ជម្លោះសាសនា​រវាង​ក្រុម​ភាគតិច​ឥស្លាម​និង​ក្រុម​ភាគច្រើន​អ្នក​កាន់សាសនា​ព្រះពុទ្ធ។ បើ​និយាយ​ឲ្យ​ចំ កន្លងមក​រដ្ឋាភិបាល​លោក​មិនអាច​រក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​នេះ​ជោគជ័យ​ឡើយ។

គួរបញ្ជាក់​ផងដែរ ការបោះឆ្នោត​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី០៨ វិច្ឆិកា ខាងមុខនេះ គឺជា​ការបោះឆ្នោត​សភា។ ក្រោយ​ការបោះឆ្នោត​សភា​ហើយ សមាជិកសភា​ដែល​ជាប់ឆ្នោត​នឹង​បន្ត​ជ្រើសរើស​បេក្ខជន​ប្រ​ធានា​ធីប​តី​ដែល​សមាជិក​ភា​ដូចគ្នា​ផងដែរ។ 


© រក្សាសិទ្ធិដោយ thmeythmey.com