ពិភពតារា៖ នៅ ម៉ា​រី​សា កំពុងមាន​សន្ទុះ​ក្នុង​អាជីព​សិល្បៈ
23, Jul 2015 , 8:19 am        
រូបភាព
ដោយ:


ភ្នំពេញ ៖ កញ្ញា នៅ ម៉ា​រី​សា ដែលជា​អតីត​សិស្ស​រៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ​ដែល​ពេលនេះ​ត្រូវបាន​គេ​មើលឃើញថា នាង​កំពុងតែ​លេចធ្លោ​ក្នុង​វិស័យ​សិល្បៈ​គួរ​ឲ្យ​កត់សម្គាល់។


តារា​សិល្បៈ​ដែល​ទើបតែ​រះ នាង នៅ ម៉ា​រី​សាបាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​នាង​ជា​តារា​សិល្បៈ​ថ្មោងថ្មី គឺ​ពិតជា​លំបាក​ណាស់ ក្នុងការ​ស្វែងរក​ភាពលេច​ធ្លោ​ក្នុង​វិស័យ​សិល្បៈ​នោះ តែ​ទោះ​យ៉ាងណាក៏ដោយ នឹង​ខំប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​នៅពេល​ថត​សំដែងម្តង។ ការចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​របស់​នាង គឺជា​រឿង​ចៃដន្យ​បំផុត ពីព្រោះ​កន្លងមក​នាង​ថា មិនដែល​នឹកគិត ឬក៏​ស្រមើស្រមៃ​ចង់​ក្លាយជា​តារា​សំដែង​នោះឡើយ។ តែ​ពេលនេះ នាង​បាន​ចូលប្រឡូក​ហើយ នាង​គិតថា គឺ​ប្រឡូក​ឲ្យ​ពេញទំហឹង​តែម្ដង ដូច​ពាក្យចាស់​និយាយថា បើ​លូក​ប្រហុក​លូក​ឲ្យ​កប់​ដៃ ហើយ​ប្រសិនបើ​ទៅ​ថ្ងៃមុខ​មាន​បណ្ដា​ផលិត​កម្មណា​ទាក់ទង​ឲ្យ​នាង​ថត​សំដែង​នោះ គឺ​ស្វាគមន៍​ជានិច្ច។

ដោយសារតែ​ភាព​ចៃដន្យ រួមផ្សំ​នឹងមាន​ទេពកោសល្យ​សិល្បៈ ក៏ដូចជា​រូបសម្បត្តិ​អំណោយផល​ផង​នោះ ពេលនេះ​បាន​ជំរុញ​ចិត្ត​របស់​នាង​ឲ្យ​ស្រឡាញ់ និង​ចូលចិត្ត​សិល្បៈ​យ៉ាង​ងប់ងុល។ ពន្លក​តារា​សិល្បៈ​ថ្មី​មួយ​ដួង​នេះ​និយាយប្រាប់​ឲ្យ​ដឹង​បន្តថា ទៅ​ថ្ងៃមុខ រូបនាង​ចង់​ក្លាយជា​តារា​សំដែង​ល្បី ដោយ​ពឹង​ផ្អែកលើ​សមត្ថភាព​សិល្បៈ​ផ្ទាល់ ពោលគឺ​មិន​ចង់​ល្បី​ដោយ​ការលះបង់​កិត្តិយស​នោះឡើយ ហើយ​សង្ឃឹមថា​ឱកាស​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ នឹងមាន​សម្រាប់​រូបនាង​ជា​បន្តទៀត​ជាក់​ជាមិនខាន។

ទាក់ទិន​នឹង​រឿង​មនោសញ្ចេតនា​ស្នេហា​វិញ តារា​សិល្បៈ​ថ្មោងថ្មី​ដ៏​ស្រស់ប្រិមប្រិយ​វ័យ១៨ឆ្នាំ​រូបនេះ បាន​និយាយ​ឲ្យ​ដឹង​ក្នុង​សភាព​អៀនប្រៀន​បែប​នារី​ក្រមុំ​ប្រាប់ថា នាង​មិនទាន់មាន​ស្នេហា​ទេ ពោលគឺ​បេះដូង​របស់​នាង​នៅ​ទំនេរ​ល្អ​ណា​ស់ច។ ចំពោះ​រឿង​គូស្រករ​នេះដែរ នាង​គិតថា ទុក​ឲ្យ​ព្រេងវាសនា និង​ព្រហ្ម​លិខិត​ជា​អ្នកកំណត់​ទៅ​ចុះ បើ​ពេលណា​ដល់ គឺ​ពេលនោះ​ហើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com