អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ទទួលស្គាល់ថា​មានតែ​រុស្ស៊ី​ប៉ុណ្ណោះ​ដែល​អាច​កម្ទេច​អាមេរិក​បាន
23, Jul 2015 , 9:37 pm        
រូបភាព
ឧ​ត្ត​ម​សេនីយ៍​យោធា​អាមេរិក​លោក Mark Milley បាន​ព្រមាន​ថា សមត្ថភាព​នុយក្លេអ៊ែរ​រុស្ស៊ី​បច្ចុប្បន្ន​អាច​កម្ទេច​អាមេរិក ហើយ​មានតែ​រុស្ស៊ី​មួយ​ប៉ុណ្ណោះ​ដែល​អាចធ្វើ​បែបនេះ​បាន។ លោក​បាន​បន្ថែមថា បច្ចុប្បន្ន សត្រូវ​អាមេរិក​ផ្សេងទៀត​មានដូចជា​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង ចិន ក៏​អាច​គំរាមកំហែង​អាមេរិក ប៉ុន្តែ​មិន​គ្រោះថ្នាក់​ដូចជា​រុស្ស៊ី​ឡើយ។ លោក​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពិចារណា​បញ្ជូន​អាវុធ​ទៅ​អ៊ុយ​ក្រែ​ន​និង​សាង​អំណាច​យោធា​នៅ​អឺរ៉ុប​ជុំវិញ​ព្រំដែន​រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មានអ៊ីរ៉ង់ PressTv។



មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​ក្រុង​វ៉ាស៊ីនតោន​លោក​ឧ​ត្ត​ម​សេនីយ៍ Mark Milley ទទួលស្គាល់ថា អាវុធ​នុយក្លេអ៊ែរ​រប​ស់​រុស្ស៊ី​ពិតជា​គំរាមកំហែង​សន្តិសុខ​អាមេរិក​ពិតមែន ហើយ​អាវុធ​ប្រល័យ​លោក​នេះ​អាច​កម្ទេច​អាមេរិក​យ៉ាង​ងាយ​ថែមទៀត។ ក្រៅពី​រុស្ស៊ី ប្រទេសមួយ​ចំនួន​ដូចជា​ចិន និង​កូរ៉េខាងជើង​ក៏​ត្រូវបាន​មន្ត្រី​យោធា​ម្នាក់​ចាត់ទុកថា​ជា​ប្រភព​នៃ​គ្រោះថ្នាក់​ដល់​សន្តិសុខ​រប​ស់​អាមេរិក​ផងដែរ។ លោក​បាន​ថ្លែង​ដូច្នេះ ក្នុងពេល​ប្រជុំ​ជាមួយ​សមាជិក​គណកម្មាធិកា​រ​កិច្ចការ​យោធា​ព្រឹទ្ធសភា​អាមេរិក​តាំង​ពីថ្ងៃ​អង្គារ​កន្លងទៅ។

លោក​បាន​អះអាងថា យោងតាម​ស្ថានភាព​បច្ចុប្បន្ន រុស្ស៊ី​ជា​ប្រទេស​តែមួយគត់​នៅលើ​ពិ​ភ​លោក ដែលមាន​សមត្ថភាព​យោធា​ជាពិសេស​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​ដែល​អាច​ម្ទេ​ច​អាមេរិក​បាន​បើសិន​មាន​ករណី​ប្រទូស្ត​រ៉ា​យ​គ្នា​កើតឡើង​ដោយ​អាវុធ។ នេះ​មិនមែនជា​រឿង​សាមញ្ញ​ទេ​ដែល​ឧ​ត្ត​ម​សេនីយ៍​យោធា និង​ជា​អនាគត​អគ្គសេនាធិការ​កងទ័ព​អាមេរិក ថ្លែង​ដូ​ច្នះ​ព្រោះ​វា​បញ្ជាក់​យ៉ាងច្បាស់​ថា សហរដ្ឋអាមេរិក​ក៏​ខ្លាចរអា​រុស្ស៊ី​ដែរ។ រុស្ស៊ី​ទើប​បំពាក់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជាដើម​គ្រាប់​កន្លងមក និង​បញ្ចូល​អាវុធ​ទាំងនេះ​ក្នុង​វិស័យ​ការពារជាតិ​ដើម្បី​ត្រៀម​ប្រើប្រាស់​ផង។

បើតាម​សម្តី​មន្ត្រី​យោធា​អាមេរិក​នេះ រុស្ស៊ី​ប្រឹង​បង្កើន​ឥទ្ធិពល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​កាន់តែខ្លាំង​ឡើង​ចាប់ពី​ឆ្នាំ ២០០៨មក ហើយ​រុស្ស៊ី​កាន់តែ​កោងកាច​ខ្លាំងឡើងៗឥត​ឈប់​ដែរ។ ក្រៅពី​បង្ហាញ​ក្តីបារម្ភ​ចំពោះ​អំណាច​យោធា​រុស្ស៊ី លោក​ក៏បាន​ស្នើ​ជា​ប្រយោល​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ពិចារណា​បញ្ជូន​សព្វាវុធ​ធុន​ធ្ងន់ ដែល​អាច​សម្លាប់​មនុស្ស​បាន​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ដើម្បី​បង្កើន​សមត្ថភាព​ការពារជាតិ​ផង។

សហរដ្ឋអាមេរិក​នៅ​ស្ទាក់ស្ទើរ​រឿង​បញ្ជូន​អាវុធ​អាច​សម្លាប់​មនុស្ស​បាន​ទៅ​អ៊ុយ​ក្រែ​ន ព្រោះ​បណ្តា​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​ព្រមាន​ទុក​មុន​ហើយ​ថា បើ​ហ៊ាន​បញ្ជូន​អាវុធ​ធុន​ធ្ងន់​ទៅ កុំ​រំពឹងថា សន្តិភាព​អាច​ចេញ​ជា​រូបរាង​នៅ​អ៊ុយ​ក្រែ​ន​ឲ្យ​សោះ។ ក្រោយមក​មិនឃើញ​មានការ​សម្រេចចិត្ត​បញ្ជូន​អាវុធ​សម្លាប់​មនុស្ស​បាន​ទៅ​អ៊ុយ​ក្រែ​ន​ឡើយ ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​ស្រាប់តែ​ពង្រាយ​អាវុធ​ធុន​ធ្ងន់​ទៅ​អឺរ៉ុប​ខាងកើត​និង​រដ្ឋបាល់​ទិ​ក​ជំនួស​វិញ ដើម្បី​កំញើញ​រុស្ស៊ី។ លោកខាងលិច​បន្ត​ចោទប្រកាន់​រុស្ស៊ី ថា​ជា​អ្នក​ដែល​នៅ​ពីក្រោយ​ដោយ​ឧបត្ថម្ភ​គាំទ្រ​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​រុស្ស៊ី​បន្ត​ទាត់ចោល​ការចោទប្រកាន់​ដោយ​អះអាងថា​ខ្លួន​មិនជា​ប់​ពាក់ព័ន្ធ​នោះឡើយ៕


Tag:
 នុយក្លេអ៊ែរ
 រុស្ស៊ី
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com