ជាតិ
ប៉ែន ចំ​រ៉ុង តារា​ដែល​កាក់កប​នឹង​អាជីព​សិល្បៈ​ជាងគេ
24, Jul 2015 , 9:35 am        
រូបភាព
ដោយ:
ភ្នំពេញ៖តារា​សំដែង​ដែលមាន​ទេពកោសល្យ​ខាង​ធ្វើ​ចរិត​ឆ្កួតឡប់ៗ លោក ប៉ែន ចំ​រ៉ុង ត្រូវបាន​គេ​កត់សម្គាល់ថា ជាតា​រា​ដែល​កំពុង​មមាញឹក​ជាមួយនឹង​ការងារ​សិល្បៈ​ស្ទើរតែ​រក​ពេល​សម្រាក​មិនបាន ដែល​នេះ​គឺជា​ឱកាស​មួយ​សម្រាប់​ឈោង​ចាប់យក​ភាពល្បីល្បាញ ក៏ដូចជា​ឱកាស​ប្រមូលប្រាក់​ដាក់ចូល​ហោប៉ៅ​ធ្វើជា​អ្នកមាន​ផង​នោះ។



ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តារា​សម្តែង​លោក ប៉ែន ចំ​រ៉ុង កំពុងមាន​យីអ៊ុន​ឡើង​ស្រឺតៗតែម្ដង ព្រមទាំង​ក្ដោប​ក្តាប់បាន​ឱកាស​ទីផ្សារការងារ​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ និង​ខ្សែ​វីដេអូ​ភាគ​ឲ្យ​បណ្ដា​ផលិតកម្ម​ក្នុងស្រុក​មួយចំនួន​យ៉ាង​មមាញឹក ហើយ​បើ​ប្រៀបធៀប​ជាមួយនឹង​តារា​សំដែង​មួយចំនួនទៀត ឃើញថា តារា​សិល្បៈ​រូបនេះ​មាន​ភាព​លេចធ្លោ និង​បាន​បោះជំហាន​ឈានឡើង​លំដាប់​តារា​កំពូល​ថែម​ទៀតផង។

ដោយឡែក សម្រាប់​អ្នក​ដែល​ចូលចិត្ត​តាមដាន​នូវ​រាល់​សកម្មភាព​របស់​តារា​សិល្បៈ​ខ្មែរ​វិញ បាន​និយាយថា ប៉ែន ចំ​រ៉ុង គឺជា​តារា​សំដែង​ម្នាក់​ដែលមាន​ទេពកោសល្យ​សិល្បៈ និង​មាន​សមត្ថភាព​អាច​ដើរតួ​បាន ទាំង​ធ្វើ​ឆ្កួត បែប​កំប្លែង បែប​មនោសញ្ចេតនា...បានល្អ​ឥតខ្ចោះ។ រាល់​ខ្សែភាពយន្ត​ដែល​លោក ប៉ែន ចំ​រ៉ុង សំដែង តែងតែ​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន​អ្នកទស្សនា ដូច្នេះហើយ ទើប​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តារា​សំដែង​ក្រមិចក្រមើម​លោក ប៉ែន ចំ​រ៉ុង ក្រសោប​បាន​តំណែង​ជា​តួឯក​ស្ទើរ​គ្រប់​រឿង។

ជំនួប​ផ្ទាល់​ជាមួយ​តារា​សំដែង​លោក ប៉ែន ចំ​រ៉ុង កាលពីពេល​កន្លងទៅថ្មីៗនេះ លោក​បានបញ្ជាក់​ប្រាប់ថា លោក​ពិតជា​ទទួលស្គាល់​ថា ការងារ​សិល្បៈ​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ ហាក់ដូច​ជាមាន​សន្ទុះ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ពោលគឺ​ទាំង​ការងារ​ថត​ភាពយន្ត​ឲ្យ​បណ្ដា​ផលិតកម្ម​នានា ទាំង​ថត​កម្មវិធី​ទូរទស្សន៍​ជាដើម។

ប៉ែន ចំ​រ៉ុង បញ្ជាក់ទៀតថា ជាក់ស្ដែង​នៅពេលនេះ លោក​កំពុង​ជាប់ដៃ​ថត​សំដែង​ដើរ​ជា​តួឯក​បែបឡប់ៗ គឺ​រឿង «អាមោក​លក់​មុំ​ា» របស់​ផលិតកម្ម​មហាហង្ស ដែលមាន​ដៃគូ​សំដែង​ស្រី​គឺ​កញ្ញា ជី​ជី និង​កំពុង​ចុះ​កុងត្រា​ថត​រឿង​ជា​បន្តបន្ទាប់​ទៀតផង​ដែរ។

លោក ប៉ែន ចំ​រ៉ុង បាន​សន្យាថា រូបលោក​នឹងមិន​ឃ្លាត​ទៅណា​ឆ្ងាយ​ពីស​ង្វៀន​សិល្បៈ​នោះទេ ហើយនឹង​ខំប្រឹង​សំដែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​ទូទៅ៕


Tag:
 ប៉ែន ចំ​រ៉ុង
 តារា
© រក្សាសិទ្ធិដោយ thmeythmey.com