សង្គមអន្តរជាតិ​
អន្តរជាតិ
Tom Cruise នឹង​រៀបការ​ជា​លើក​ទី​បួន​ឬ?
25, Jul 2015 , 11:20 am        
រូបភាព
ដោយ: ធីតា
ទំនាក់ទំនង​ស្នេហា​រវាង Tom Cruise និង​ជំនួយការ​ស្រី​របស់គាត់​Emily Thomasបាន​លេចឮ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ។ បើតាម​ប្រភពព័ត៌មាន​របស់​ទស្សនា​វ​ដ្តី​OK! តារាភាពយន្ត Hollywood នេះ​បាន​លង់​នឹង​សម្រស់​វ័យក្មេង​របស់​ជំនួយការ​វ័យ ២២ ឆ្នាំនេះ​យ៉ាងខ្លាំង។



អ្នក​ទាំង​ពីរបាន​ជួបគ្នា​កាលពី​ឆ្នាំ ២០១៤ នៅពេលដែល​Emily មក​ធ្វើជា​ជំនួយការ​របស់​Tom នៅក្នុង​ភាពយន្ត​ស៊េរី​Mission Impossibileវគ្គ​Rogue Nation ។Tom Cruise ដែល​បច្ចុប្បន្ន​មាន​អាយុ ៥៣ ឆ្នាំ​ហាក់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​ជំនួយការ​ខ្លួន​ដែលមាន​ឈ្មោះ​ដ៏​ពីរោះ​គឺ Emily ។ វា​ជា​ទំនាក់ទំនង​ដែល​មិនមែន​គ្មាន​ផ្លែផ្កា​នោះទេ។ ប្រភពព័ត៌មាន​របស់​ទស្សនា​វ​ដ្តី OK! បាន​ឲ្យ​ដឹងថា៖ « នាង​ជាម​នុស្ស​ឆ្លាត​ណាស់ ហើយ​តែងតែ​យល់ចិត្ត Tom ។Tom បាន​ប្រាប់​ក្រុមការងារ​របស់គាត់​យ៉ាងច្បាស់​ថា​គាត់​ត្រូវការ Emily ធ្វើការ​ជាមួយ​គាត់​គ្រប់​គម្រោង​ទាំងអស់។នាង​ចេះ​ធ្វើការ​ជាមួយ​គាត់ ហើយ​មិនដែល​បង្ហាញ​អារម្មណ៍​ធុញថប់​ម្តងណា​ទេ។នាង​ស្ងៀមស្ងាត់ ហើយ​សុភាពរាបសា​ជានិច្ច »។ បើតាម​ប្រភពព័ត៌មាន​ដដែល​នេះ តារាភាពយន្ត Hollywood នេះ​ហាក់​មិនអាច​ខ្វះ​ជំនួយការ​ស្រី​របស់ខ្លួន​បានឡើយ។ «Tom រីករាយ​ជាង​មុន​នៅពេលដែល​Emilyបង្ហាញខ្លួន​នៅ​កន្លែង​ថត។ មិន​ថា​ត្រូវ​ថត​យូរ​ប៉ុណ្ណា និង​ពិបាក​យ៉ាងណាទេ​ពួកគេ​ទាំងពីរ​តែងតែ​លេងសើច​ជាមួយគ្នា​ជានិច្ច» ។

ដូច្នេះ វា​ក៏​អាចទៅរួច​ដែល​ទំនាក់ទំនង​រវាង​តារាភាពយន្ត​Hollywoodដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​រូបនេះ និង​នារី​វ័យក្មេង​Emily វិ​វត្ត​ទៅមុខ​យ៉ាង​ឆាប់រហ័ស។ ប្រភពព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា៖ « Tom ពេញចិត្ត​Emily ណាស់។ គាត់​ពិតជា​ស្រឡាញ់​នាង។ គ្មាន​នរណា​ភ្ញាក់ផ្អើល​ទេ បើ​គាត់​ពិតជា​សុំ​នាង​រៀបការ​មែន​នោះ »។គេ​នៅ​ចាំបាន​ថា តារា​រូបនេះ​ក៏​ធ្លាប់បាន​សុំ​Katie Holmes រៀបការ​ដែរ បន្ទាប់ពី​ផ្តើម​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​បានត្រឹមតែ​ពីរ​ខែ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់ថា តារាភាពយន្ត​នេះ​បាន​រៀបការ​ជា​លើកទីមួយ​ជាមួយ Mimi Rogers ដែលជា​តារាភាពយន្ត​ដូចគ្នា កាលពី​ឆ្នាំ ១៩៨៧ហើយ​បាន​បែកបាក់​ជាមួយ​នាង​នៅ​ឆ្នាំ ១៩៩០ ។ បន្ទាប់មក នៅ​ឆ្នាំ​ដដែល​នោះ Tom បាន​រៀប​អាពាហ៍ពិពាហ៍​ជា​លើក​ទី​ពីរ​ជាមួយ​តារាភាពយន្ត​មួយរូប​ទៀត​គឺ Nicole Kidmanហើយ​ក៏បាន​លែងលះ​ជាមួយ​នាង​នៅ​ឆ្នាំ ២០០។ នៅ​ឆ្នាំ ២០០៦ Tom បាន​រៀបការ​ជាមួយ​Katie Holmes ហើយ​ក៏បាន​លែងលះគ្នា​នៅ​ឆ្នាំ ២០១២ ។ គួរ​បញ្ជាក់ថា មនុស្ស​ស្រី​ទាំងបី​នាក់​ដែល​Tom Cruise ធ្លាប់​រៀបការ​ជាមួយ​សុទ្ធតែជា​តារាភាពយន្ត​ទាំងអស់ ហើយ​អ្នក​ទាំងបី​សុទ្ធតែ​សុំ​ចែកផ្លូវ​ជាមួយ​Tom នៅ​អាយុ ៣៣ ឆ្នាំ​ដូចគ្នា៕


Tag:
 tom cruise
© រក្សាសិទ្ធិដោយ thmeythmey.com