សង្គមអន្តរជាតិ​
អន្តរជាតិ
រុស្ស៊ី​ត្រៀម​គម្រោង​អភិវឌ្ឍន៍ ​និង​ពង្រឹងកម្លាំង​យោធា​នៅ​កោះ​គូ​រី​ល ​ដែលមាន​ជម្លោះ​ជាមួយ​ជប៉ុន
25, Jul 2015 , 1:00 pm        
រូបភាព
នាយករដ្ឋមន្ត្រី​រុស្ស៊ី ឌី​មី​ទ្រី មេ​វេ​ដេ​វ បាន​ឲ្យ​ដឹងថា រុស្ស៊ី​នឹង​ចាប់ផ្តើម​ព្រាង​គម្រោង​អភិវឌ្ឍន៍​របស់​ពេល ១០ឆ្នាំ​សម្រាប់​ប្រជុំ​កោះ Kuril(គូ​រី​ល) ដែល​ជាប់​ជម្លោះ​ជាមួយ​ជប៉ុន​ផង​នោះ។គម្រោង​អភិវឌ្ឍន៍​កោះ​ជម្លោះ​រយៈពេល១០ឆ្នាំ​របស់​រុស្ស៊ី ក្រៅពី​ផ្តោតលើ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ស៊ីវិល គម្រោង​នេះ​ក៏​ផ្តោតលើ​ការកសាង​កម្លាំងយោធា​លើ​កោះ​ដែរ។ សកម្មភាព​នេះ​អាច​ក្លាយជា​រឿងចម្រូងចម្រាស និង​អាច​បណ្តាល​ឲ្យ​មានការ​ប្រឈមមុខគ្នា​ជាមួយ​ជប៉ុន​ផងដែរ។



ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​លោក ឌី​មី​ទ្រី មេ​វេ​ដេ​វ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ក្នុង​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​ថា លោក​បានស្នើ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​សេចក្តីព្រៀង​គម្រោង​អភិវឌ្ឍន៍​កោះ​គូ​រី​ល​ដែល​ជាប់​ជម្លោះ​ជាមួយ​ជប៉ុន​រយៈពេល១០ឆ្នាំ ចាប់ផ្តើម​ពី​ឆ្នាំ ២០១៦ដល់​ឆ្នាំ ២០២៥ឯណោះ។ គម្រោង​ថ្មី​ជា​គម្រោង​របស់​សហព័ន្ធ ហើយ​វា​កំពុង​ស្ថិតក្រោម​ការសិក្សា​នៅឡើយ។

នាយករដ្ឋមន្ត្រី​រុស្ស៊ី​រូបនេះ​បាន​បញ្ជាក់ថា ប្រជុំ​កោះ​គូ​រី​ល ជា​កន្លែង​ដែល​អស្ចារ្យ​បំផុត​មួយ​សម្រាប់​រុស្ស៊ី នោះ​ក៏ដោយ​សារ​ទីតាំង​ភូមិសាស្ត្រ ធនធានធម្មជាតិ និង​សក្តានុពល​សេដ្ឋកិច្ច​ផង។ លោក មេ​វេ​ដេ​វ បាន​សង្កត់ធ្ងន់ថា រុស្ស៊ី​ប្រហែលជា​ត្រូវ​ចំណាយ​ថវិកា​សរុប​រហូតដល់ ១.២២ពាន់​លាន​ដុ​លា្ល​រ​ដើម្បី​សម្រេច​គម្រោង​រយៈពេល១០ឆ្នាំ។ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថា​ផែនការ​រយៈពេល១០ឆ្នាំ​របស់​រុស្ស៊ី​ដើម្បី​អភិវឌ្ឍ​ប្រជុំ​កោះ​នេះ មាន​អ្វីខ្លះ​ទេ ប៉ុន្តែ​វា​មិនមាន​អ្វី​ក្រៅពី​ការសាងសង់​សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​ផង។ ប៉ុន្តែ​បើតាម​សម្តី​របស់លោក នាយករដ្ឋមន្ត្រី​រុស្ស៊ី គោលបំណង​របស់​រដ្ឋា​ភិ​បាល​គឺ​ធ្វើយ៉ាងណា​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ដែល​រស់​នៅលើ​កោះ និង​ធ្វើយ៉ាងណា​អភិវឌ្ឍន៍​កោះ​ឲ្យ​ប្រសើរ​ដើម្បី​ទាក់ទាញ​ប្រជាជន​មក​រស់នៅ និង​អ្នកវិនិយោគ។

ជុំវិញ​បញ្ហា​នេះ ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​នេះ អាច​នឹង​ទៅ​ទស្សនកិច្ច​នៅលើ​កោះ​នេះដែរ​នៅពេល​ខាងមុខ ប៉ុន្តែ​គេ​រំពឹងថា ទស្សនកិច្ច​មេដឹកនាំ​កំពូល​រុស្ស៊ី​នឹង​បង្ក​ភាព​តានតឹង​ជាមួយ​ជប៉ុន​ថែម​ទៀតផង។ កន្លងមក​ដោយសារតែ​ជម្លោះ​ដែន​កោះ​នេះ​បានធ្វើ​ឲ្យ​ជប៉ុន​និង​រុស្ស៊ី​ប្រឈមមុខ​ដាក់គ្នា ហើយ​ជម្លោះ​នេះ​ទៀតសោត​រារាំង​ភាគី​ទាំងពីរ​មិន​ឲ្យ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​តាំងពី​ក្រោយ​សង្គ្រាមលោកលើកទី​ពីរ​មកម្ល៉េះ​នោះ។

ក្រៅពី​ផ្តោតលើ​ការអភិវឌ្ឍន៍​កោះ ដោយ​សាងសង់​សំណង់ ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ក៏​ព្យាយាម​បង្កើន​សមត្ថភាព​យោធា​របស់​កងទ័ព​ដែល​កំពុង​កាន់កាប់​កោះ​ជម្លោះ​នេះ។ ជាពិសេស​ក្រោយ​រុស្ស៊ី​ក្រសោប​យក​ឧបទ្វីប Crimea ពី​អ៊ុយ​ក្រែ​ន រុស្ស៊ី​ចាប់​ផ្តើមធ្វើ​ទំនើបកម្ម​កងទ័ព​នៅ​កោះ និង បញ្ជូន​សព្វាវុធ​ច្រើនសន្ធឹក​សន្ធាប់​ទៅកាន់​កោះ​នេះ​ផងដែរ។  តាមពិតទៅ រុស្ស៊ី​ខឹង​ជប៉ុន ដែល​ហ៊ាន​ដាក់ទណ្ឌកម្ម​ប្រឆាំង​ខ្លួន ក្រោយ​ជម្លោះ​អ៊ុយ​ក្រែ​ន​កើតឡើង​ក្នុង​ពី​ខែ​មិនា​ឆ្នាំ២០១៤ កន្លងទៅ។

សូមបញ្ជាក់ថា​ប្រទេស​ទាំងពីរ​កន្លងមក​ធ្លាប់​ព្យាយាម​ស្តារ​ចំណង​ការទូត កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ នយោបាយ និង​សេដ្ឋកិច្ច​ផងដែរ។ ឆន្ទៈ​ស្តារ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ស្តែងឡើង​តាម​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ីន​ហ្សូ អា​បេ កាលពី​ឆ្នាំ ២០១៣ ទៅកាន់​ប្រទេស​រុស្ស៊ី៕



Tag:
 កោះគូរីល
 ជប៉ុន
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com