សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុង​បាងកក ​អាច​លិច​បាត់​ក្រោម​ទឹក២០ឆ្នាំ​ខាងមុខ
25, Jul 2015 , 4:30 pm        
រូបភាព
របាយការណ៍​គណកម្មការ​កំណែទម្រង់​ថៃ​ដែល​ទើប​បោះពុម្ពផ្សាយ​កាលពីថ្មីៗនេះ​បង្ហាញ​ច្បាស់​ថា រាជធានី​បាងកក អាច​នឹង លិច បាត់​ក្រោម​ទឹក​នៅក្នុង​រយៈពេល ២ទសវត្ស​ខាងមុខនេះ។ យោងតាម​របាយការណ៍​នេះ គ្រោះមហន្តរាយ​ទីក្រុង​លិច​ក្រោម​ទឹក បណ្តាលមកពី​ការកើនឡើង​កម្ពស់​ទឹកសមុទ្រ​និង​ការរីកដុះដាល​នៃ​សំណង់ធំៗឥតឈប់ឈរ។ គណកម្មការ​នេះ​ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​ឲ្យ​ឆាប់​ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ​នេះដែរ។  

 


ស្តាប់សំឡេង



រាជធានី​បាងកក ប្រទេស​ថៃ​អាច​នឹង​លិច​បាត់​កប់​ក្រោម​ទឹក ក្នុង​រយៈពេល២០ឆ្នាំ​ខាងមុខនេះ ។នេះ​បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​គណកម្មកា​រ​កំណែទម្រង់​ថៃ ដែល​ទើប​បោះពុម្ពផ្សាយ​កាលពីពេលថ្មីៗកន្លងទៅនេះ។ ប្រជាជន​ថៃ​គ្រប់គ្នា​ហាក់ដូច​ជាមាន​ការបារ​ម្ភ​ខ្លាំង​ដែរ ចំណោះ​ការ​វាយតម្លៃថា ទីក្រុង​បាងកក​នឹង​លិច​ក្រោម​ទឹក​នៅពេល​ខាងមុខនេះ។  

របាយការណ៍​ថ្មី​បានបញ្ជាក់​ច្បាស់​ថា មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​បាងកក លិច​កប់​ក្រោម​ទឹក​នាពេល​អនាគត​ដ៏​ខ្លី គឺមាន​ការអភិវឌ្ឍន៍​ឥតឈប់ឈរ​ដោយមាន​សំណង់ធំៗរីកដុះដាល​រហ័ស និង​ការកើនឡើង​នៃ​កម្រិត​កម្ពស់​ទឹកសមុទ្រ​រៀងរាល់ឆ្នាំ​ដោយសារតែ​ការ​កើន​កម្តៅ​ផែនដី​ផងដែរ។

ក្រៅពី​បញ្ជាក់​ពី​មូល​ហេតុដែល​បង្ក​ឲ្យ​គ្រោះមហន្តរាយ​កើតឡើង របាយការណ៍​ដដែល ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​ចាំបាច់​និង​បន្ទាន់​មួយ​ដើម្បី​ដោះស្រាយ និង​ទប់ស្កាត់​កុំ​ឲ្យ​ក្រុង​បាងកក​លិច​បាត់​ក្រោម​ទឹក។  វិធាន​ការដែល​ប្រសើរ​ជាងគេ​ដែល​គណកម្មការ​នេះ​ស្នើឡើង​គឺ បង្កើន​ការគ្រប់គ្រង​ប្រភពទឹក​ក្រោម​ដី និង​ធ្វើយ៉ាងណា​រក្សា​ទម្ងន់​សំណង់​ដោយ​កែទម្រង់​ការអភិវឌ្ឍន៍​ទីក្រុង​ជាដើម។ ប៉ុន្តែ​បញ្ហា​ដែល​ចោទ ក្នុងការ​អនុវត្ត​គម្រោង​នេះ​ឲ្យ​ជោគជ័យ ចាំបាច់​ត្រូវ​ប្រើប្រាស់​ទឹកប្រាក់​ជាង ១៤ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ។  

គណកម្មការ​កំណែទម្រង់​ជាតិ​ថៃ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណកម្មកា​រ​ជំនាញ​ថ្នាក់ជាតិ​ដើម្បី​គ្រប់គ្រង​បញ្ហា​នានា ជាពិសេស​ការស្រុត​ដី​ដែលមាន​កំណត់​ក្នុង​របាយការណ៍​នៅក្នុង​ក្រុម​បាងកក​តែម្តង។ បច្ចុប្បន្ន​អាគារ​ខ្ពស់​ចាប់ពី២០ជាន់ឡើង រួមជាមួយ​ការអភិវឌ្ឍន៍​រោងចក្រ​ឧស្សាហកម្ម នៅក្នុង​ទីក្រុង​បាងកក​សុទ្ធតែ​រួមចំណែក​ធ្វើ​ឲ្យ​មាន​ការបាក់​ស្រុតដី​ផងដែរ។ ក្រៅពីនេះ​កំណើន​ហេដ្ឋារចនាសម្ព័ន្ធធំៗ និង​ខ្ពស់ ក៏​ជួយ​បន្ថែម​ទម្ងន់ និង​ធ្វើ​ឲ្យ​បាងកក​ស្រុតចុះ​ក្រោម​យ៉ាង​រហ័ស​ដូចគ្នា។  

ដោយឡែក​អ្នកជំនាញ​ធនធាន​ទឹកបាន​ផ្តល់យោបល់​ជុំវិញ​ការកើនឡើង​នៃ​កម្រិត​ទឹកសមុទ្រ​នាពេល​បច្ចុប្បន្ន​ថា បាងកក​ស្ថិតនៅ​រយៈកម្ពស់​ចន្លោះ​ពី ០.៥ ទៅ២ម៉ែត្រ​ខ្ពស់ជាង​កម្រិត​ទឹកសមុទ្រ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​និយាយ​ពី​ការស្រុតចុះ​វិញ បាងកក​ស្រុត​បន្តិចម្តងៗរហូតដល់​កម្រិត១០មី​លី​ម៉ែត្រ ក្នុងមួយឆ្នាំៗ ៕



Tag:
 Bankok
© រក្សាសិទ្ធិដោយ thmeythmey.com