សង្គមអន្តរជាតិ​
អន្តរជាតិ
អេ​ស្ប៉ា​ញ​បញ្ចេញ​ភ្នាក់ងារ​ចារកិច្ច​ទៅ​ស្វែងរក​អ្នកសារព័ត៌មាន៣រូប​នៅ​ស៊ី​រី
26, Jul 2015 , 2:40 pm        
រូបភាព
ដោយ:
អ្នកសារព័ត៌មាន​អេ​ស្ប៉ា​ញ៣នាក់​បាន​បាត់​ខ្លួន នៅ​ក្រុង​អា​ឡេ​ប ភាគ​ខាងជើង​ស៊ី​រី ជាង១០ថ្ងៃ​មកហើយ។ រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បានសម្រេច​បញ្ជូន​ភ្នាក់ងារ​ចារកិច្ច​ទៅ​ប្រទេស​ដ៏​គ្រោះថ្នាក់​មួយ​នេះ ដើម្បី​ស្វែងរក​អ្នកសារព័ត៌មាន​ទាំង។ ក្រសួងការបរទេស​អេ​ស្ប៉ា​ញ​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ថា​មិនបាន​ទទួលដំណឹង​ពី​ក្រុម​ណាមួយ​ស្តីពី​ការបាត់​ខ្លួន​នេះ​ទេ។

 
យោងតាម​ក្រសួងការបរទេស​អេ​ស្ប៉ា​ញ ភ្នាក់ងារ​ចារកិច្ច​ជាតិ​កំពុងតែ​ធ្វើ​សកម្មភាព​ស្វែងរក​អ្នកសារព័ត៌មាន​ទាំង៣នាក់ ក្នុង​ទឹកដី​ស៊ី​រី។ អ្នក​ទាំង៣នេះ​គឺមាន Antonio Pampliega អាយុ៣៣ឆ្នាំ Jose Manuel Lopez អាយុ៤៤ឆ្នាំ និង Angel Sastre អាយុ៣៥ឆ្នាំ។ ពួកគេ​ធ្លាប់​បំរើ​ការអោយ​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន ដូចជា ABC និង La Razon, Cuatro, និង​វិទ្យុ Onda Cero។ ត្បិត​ថា មិនទាន់មាន​ក្រុម​ណា​ប្រកាសថា ចាប់ជំរិត​អ្នកសារព័ត៌មាន​ទាំង៣រូប​ក៏ពិតមែន ក៏​រដ្ឋាភិបាល​ក្រុង​ម៉ា​ឌ្រី​ត​គិត​លើ​គ្រប់​សម្មតិកម្ម​នៃ​បញ្ហា​នេះដែរ។ 
 
យោងតាម​សាក្សី​ជាច្រើន​នាក់​ដែល​បាន​ផ្តល់ព័ត៌មាន​អោយ​ផ្នែក​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ី​រី អ្នកសារព័ត៌មាន​ទាំង៣រូប ត្រូវបាន​គេ​ឃើញ​ចុងក្រោយបង្អស់ នៅ​ថ្ងៃ១៣កក្កដា នៅ​សង្កាត់ Maadi ក្រុង​អា​ឡេ​ប ភាគ​ខាងជើង​ស៊ី​រី។ ពួកគេ​បាន​បើកឡាន​កាំ​ម្ញ៉ុ​ង​តូច​មួយ ពណ៌​ស ហើយ​ត្រូវបាន​បុរស​មួយក្រុម​នាំ​ចេញទៅ។ 
 
រដ្ឋមន្ត្រីការបរទេស​អេ​ស្ប៉ា​ញ Jose Manuel Garcia Margalloបាន​ទាក់ទង​ជាប្រចាំ ទៅ​ស្ថានទូត​អេ​ស្ប៉ា​ញ​ក្នុង​ទឹកដី​តួ​ក​គី ដែល​កំពុង​ត្រួតពិនិត្យ​ប្រតិបត្តិ​ការតាមរក​អ្នកសារព័ត៌មាន។ រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​មិន​ចង់អោយ​ប្រតិបត្តិ​ការស្វែងរក​នេះ ត្រូវ​ចុះផ្សាយ​គគ្រឹកគគ្រេង​ទេ។ 
 
គិតពី​ពាក់កណ្តាល​ឆ្នាំ២០១២មក ក្រុង​អា​ឡេ​ប​ភាគ​ខាងជើង ត្រូវបាន​បែងចែក​គ្នា កាន់កាប់​រវាង​ក្រុម​ឧទ្ទាម​និង​កងទ័ព​ស៊ី​រី។ សង្គ្រាម​ស៊ី​រី​ជាង៤ឆ្នាំ​មកនេះ​បានសម្លាប់​មនុស្ស​ជាង២៣០ ០០០នាក់។ ក្នុង​សមរភូមិ កងទ័ព​រដ្ឋាភិបាល ក្រុម​កៀ​ឌី​ស្តង់ និង​ក្រុម​ជី​ហាត បាន​ប្រយុទ្ធ​គ្នា​ឥតឈប់ឈរ។ យោងតាម​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន អ្នកសារព័ត៌មាន​យ៉ាងហោច៤៤នាក់ ត្រូវបាន​សម្លាប់ តាំងពី​ឆ្នាំ២០១១មក។ កាលពី​ខែកញ្ញា ឆ្នាំ២០១១ អ្នកសារព័ត៌មាន​អេ​ស្ប៉ា​ញ៣នាក់​ផ្សេងទៀត​ត្រូវបាន​គេ​ចាប់ជំរិត ប៉ុន្តែ ត្រូវបាន​ដោះលែង​មកវិញ ក្នុង​ខែ​មិនា​ឆ្នាំ២០១៤៕
 

Tag:
 Spean
© រក្សាសិទ្ធិដោយ thmeythmey.com