សង្គមអន្តរជាតិ​
អន្តរជាតិ
ហេតុអ្វី​ទី​ម័​រ​ខាងកើត​គ្មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​សមាជិក​អាស៊ាន?
26, Jul 2015 , 10:40 pm        
រូបភាព
ដោយ:
ទី​ម័​រ​ខាងកើត ត្រូវបាន​គេ​ស្គាល់​ជា​រដ្ឋ​មួយ ដែល​ទទួលរង​ការកៀបសង្កត់​ពី​ពួក​អាណានិគម ខ្លាំងជាងគេ​និង យូរ​ជាងគេ​នៅក្នុង​តំបន់។ ក្នុងនោះ​យើង​ឃើញថា រដ្ឋ​នេះ​ដំបូង​ឡើយ ត្រូវបាន គ្រប់គ្រង​ដោយ​ប៉រ​ទុយ​ហ្គា​ល់ និង ហូ​ឡង់​នៅ​សតវត្ស​ន៍ទី១៦ ហើយ​បានបញ្ចប់​នូវ​អាណានិគម ក្នុង​ឆ្នាំ១៩៧៥ ។


 
ស្រប​ពេលដែល ទី​ម័​រ​ខាងកើត ប្រកាស​ឯករាជ្យ​ពី​ម្ចាស់​អាណានិគម​ហូ​ឡង់ ឥណ្ឌូនេស៊ី ដែលជា​ប្រទេសជិតខាង​ដែលមាន​អំណាច​នៅក្នុង​តំបន់ បាន​ឆ្លៀតឱកាស​នេះ​ចូល​ឈ្លានពាន និង ដាក់​អាណានិគម​ទៅលើ​ទី​ម័​រ​ខាងកើត​ម្តងទៀត។ ក្រោម​ការ​គ្រប់​គ្រ​របស់​ឥណ្ឌូនេស៊ី​អស់​រយៈពេល​ប្រហែល២៥ឆ្នាំ ប្រជាជន​ទី​ម័​រ​ខាងកើត បាន​ទទួលរង​ការធ្វើ ទុក្ខ​បុក​ម្នេញ និង កៀបសង្កត់​ខ្លាំង​បំផុត។ ដោយ​មិនអាច​ទ្រាំទ្រ​ជាមួយ​ការកៀបសង្កត់​នេះ​បាន ប្រជាជន​ទី​ម័​រ​ខាងកើត​បាន​បង្កើត​ចលនា​ប្រឆាំង រហូត​ឈានដល់​ការធ្វើប្រជាមតិ​ផ្តាច់ខ្លួន​ពី​ឥណ្ឌូនេស៊ី នៅក្នុង​ឆ្នាំ១៩៩៩ ។ ទោះបី​ជាទី​ម័​រ​ខាងកើត បាន​ផ្តាច់ខ្លួន​ចេញ ឥណ្ឌូនេស៊ី​យ៉ាង​ក៏ដោយ រដ្ឋ​ដ៏​ទន់ខ្សោយ​មួយ​នេះ មិនទាន់​ទទួលបាន​ឯករាជ្យ​ពេញលេញ នោះទេ ពោលគឺ​ឯករាជ្យ​ពេញលេញ​ទើបតែ​បាន​ក្រោយពី​ទី​ម័​រ​ខាងកើត​ក្លាយជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ២០០២ ។
 
ងាក​មក​ចាប់អារម្មណ៍ ទី​ម័​រ​ខាងកើត​ជាមួយនឹង​អាស៊ាន​វិញ មកទល់ពេលនេះ ទី​ម័​រ​ខាងកើត មិនទាន់ ត្រូវបាន​អាស៊ាន​ផ្តល់​សមាជិកភាព​នៅឡើយ​នោះទេ។ យ៉ាងណាក៏ដោយ តាម​ការ បញ្ជាក់ របស់​មេដឹកនាំ​ទី​ម័​រ​ខាងកើត នៅ​ឆ្នាំ២០១៥នេះ ប្រទេស​ខ្លួន​នឹង​ស្នើរ​មេដឹកនាំ​អាស៊ាន សារជាថ្មី​ម្តងទៀត។ ជុំវិញ​បញ្ហា​នេះ ដើម្បី​យល់ដឹង​ពី​លទ្ធភាព​ក្នុងការ​ក្លាយជា​សមាជិក       អាស៊ាន យើង​ក្រឡេកមើល​កត្តា​មួយចំនួន​សិន៖ 
 
១. ទីតាំង​ភូមិសាស្ត្រ
ភូមិសាស្ត្រ​នយោបាយ គឺជា​ធាតុ​ផ្សំ​មួយ​ដ៏​សំខាន់​ក្នុងការ​ស្នើរ​សុំ​ជា​សមាជិក​របស់​អាស៊ាន។ លើ​បញ្ហា​នេះ សម្រាប់​ទី​ម័​រ​ខាងកើត​មិនមាន​អ្វី​ជា​ឧបសគ្គ​នោះទេ ព្រោះ​រដ្ឋ​នេះ​ស្ថិតនៅក្នុង តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​ព្រំប្រទល់​ជាមួយនឹង​ឥណ្ឌូនេស៊ី​ស្រាប់។ 
 
២. សមត្ថភាព​សេដ្ឋកិច្ច
គិត​ត្រឹម​ពេលដែល​ទី​ម័​រ​ខាងកើត​ទទួលបាន​ឯករាជ្យ​ពេញលេញ រយៈពេល១៣ឆ្នាំ​ហើយ ដែល​ប្រទេស​នេះ បាន​ព្យាយាម​កសាង​សមត្ថភាព​របស់ខ្លួន​ឡើងវិញ ក្រោយពី​ទទួលរង​នូវ ការបំពាន​ដ៏​ធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុម​អាណានិគម។ បើតាម​របាយការណ៍រ​បស់ ADB និង World Bank ក្នុង​ឆ្នាំ២០១៤ កំណើនសេដ្ឋកិច្ច​របស់​ទី​ម័​រ​ខាងកើត មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​គួរកត់សម្គាល់។ យ៉ាងណាក៏ដោយ បើ​ប្រៀបធៀប​ពី ផលិតផល​ក្នុងស្រុក​សរុប (GDP) ចុងក្រោយ​របស់​រដ្ឋ​នេះ យើង​ឃើញថា ទី​ម័​រ​ខាងកើត សម្រេចបាន​ត្រឹម ១.៦ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ ដែល​តួលេខ​នេះ ទាប​ជាង​ប្រទេស​អាស៊ាន​ចាស់ ច្រើនដង​ណាស់។ ហើយ​នេះ​ក៏​ជា​បញ្ហា​មួយ ដែល​អាចជា​ឧបសគ្គ ក្នុងការ​សុំចូល​ជា សមាជិក និង ជាពិសេស​នោះ​អាស៊ាន កំពុងតែ​ឆ្ពោះទៅកាន់​សមាហរណកម្ម​សេដ្ឋកិច្ច ស្រាប់​ផងដែរ​នោះ។
 
៣. បញ្ហា​សន្តិសុខ
ក្រៅពី​កត្តាសេដ្ឋកិច្ច សន្តិសុខ​ទាំង​ក្នុង និង ក្រៅប្រទេស​របស់​ទី​ម័​រ​ខាងកើត បាន​ក្លាយជា​បញ្ហា​មួយ ដែល​អាស៊ាន​ផ្តោតអារម្មណ៍​ខ្លាំង។ គេ​វាយតម្លៃថា សន្តិសុខ​ផ្ទៃក្នុង​ប្រទេស​នេះ ហាក់ដូចជា​មិនទាន់​រឹងមាំ​នៅឡើយ​នោះទេ​មកទល់​បច្ចុប្បន្ន។ សម្រាប់​បញ្ហា​សន្តិសុខ​ខាងក្រៅ​វិញ គេ​ឃើញថា ទី​ម័​រ​ខាងកើត​ងាយ​នឹង​ទទួលរង​នូវ​ឥទ្ធិពល​ពី​សំណាក់​ប្រទេសជិតខាង ដែលមាន​ចិន និង ឥណ្ឌា ដែល​សុទ្ធតែជា​រដ្ឋ​មហាអំណាច​នុយក្លេអ៊ែរ​នោះ។ ដូច្នេះ បើ​ទី​ម័​រ​ខាងកើត ចូល​ជា សមាជិក​អាស៊ាន នោះ​នឹង​នាំយក​នូវ​បញ្ហា​ប្រឈម​ច្រើន​បន្ថែមទៀត​ឲ្យ​អាស៊ាន​ទាំងមូល។ 
 
៤. គោលការណ៍​ឯក​ច្ឆ័​ន 
ជាគោលការណ៍ ដើម្បី​ក្លាយជា​សមាជិក​អាស៊ាន រដ្ឋ​នោះ ត្រូវ​ឆ្លងកាត់​ការសម្រេច​បោះឆ្នោត​ជា​ឯក​ច្ឆ័​ន​ពី​សំណាក់​សមាជិក​អាស៊ាន​ទាំង​ដប់​ជាមុនសិន។ ជុំវិញ​បញ្ហា​នេះ រដ្ឋ​អាស៊ាន ភាគច្រើន​រួមមាន កម្ពុជា ម៉ាឡេស៊ី ប្រ៊ុយណេ ថៃ ហ្វីលីពីន មី​យ៉ាន់​ម៉ា និង ឥណ្ឌូនេស៊ី ធ្លាប់បាន​ប្រកាស​គោលជំហ​ក្នុងការ​គាំទ្រ​រួចរាល់​ទៅហើយ។  ក៏ប៉ុន្តែ​អ្វី​គួរកត់សម្គាល់ និង​ជា​បទពិសោធន៍​ចាស់​ក្នុង​ឆ្នាំ២០១១ សិង្ហ​បុរី ដែលជា​ស្ថាបនិក​របស់​អាស៊ាន និង ជា​រដ្ឋ​មួយ ដែលមាន​ស្ថានភាព​សេដ្ឋកិច្ច​ជឿនលឿន​និង តែងតែ​យកចិត្តទុកដាក់​លើ​បញ្ហា​សន្តិសុខ ជា​ចម្បង​នោះ បាន​ជំទាស់​ដាច់ខាត​លើ​វត្តមាន​របស់​ទី​ម័​រ​ខាងកើត។ មេដឹកនាំ​សិង្ហ​បុរី បាន​លើកឡើងថា ទី​ម័​រ​ខាងកើត​មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុងការ​ទទួលយក​គោលការណ៍​ដែល​អាស៊ាន កំពុង​អនុវត្ត​នោះទេ៕
 
 

Tag:
 east timor
© រក្សាសិទ្ធិដោយ thmeythmey.com