ជាតិ
បទវិភាគ
បោះ​ឆ្នោត២០១៧-២០១៨៖ ប្រជាភិ​ថុតិ​​របស់​​អ្នក​នយោបាយ​​ខ្មែរ​​នឹង​​លែង​មាន​​ប្រសិទ្ធភាព
01, Oct 2016 , 3:30 pm        
រូបភាព
ភ្នំពេញ៖ អស់​រយៈពេល​ជាច្រើន​អាណត្តិ​មកហើយ ពោល គឺ​ពី​អាណត្តិ​ទី១ដល់​អាណត្តិ​ទី៤ គំនិត​អ្នកបោះឆ្នោត​មានការ​ប្រែប្រួល​តិចតួច។ តែ​សម្រាប់​អាណត្តិ​ទី៥កន្លងមក អ្នកបោះឆ្នោត​ចាប់ផ្តើម​ចេះ​ដាក់​សម្ពាធ​លើ​អ្នកនយោបាយ​របស់ខ្លួន​ហើយ។ ហើយ​នៅ​អាណត្តិ​ទី៦ខាងមុខនេះ ប្រសិនបើ​អ្នកនយោបាយ​នៅតែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ចាស់ដដែលៗ ពួកគេ​អាច​នឹង​បាត់បង់​ប្រជាប្រិយភាព​ឬ​បាត់បង់​សម្លេង​កាន់តែច្រើនឡើង។


ក្នុងអំឡុង​អាណត្តិ​ទី១ដល់​អាណត្តិ​ទី៤(១៩៩៣-២០១៣) គណបក្សនយោបាយ​ស្ទើរតែ​ទាំងអស់​មិនសូវ​សស្រាក់សស្រាំ​ចុះ​មូលដ្ឋាន​តាំងពីដើម​អាណត្តិ​ទេ។ ពួកគេ​រង់ចាំ​នៅសល់តែ៦ខែ​មុន​ការបោះឆ្នោត​ទើប​សកម្មភាព​អភិ​វ​ឌ្ប​ន៍​ភូមិ​ឃុំ ចុះ​ចែក​អំណោយ ចុះសួរសុខទុក្ខ ចុះ​អង្អែល​ខ្នង​អ្នកក្រីក្រ​ចាប់​ផ្តើមឡើង។

ពី១៩៩៣ដល់​ឆ្នាំ២០១៣ ប្រជាពលរដ្ឋ​អ្នកគាំទ្រ​នយោបាយ​ជឿ​លើស​ម្តី​អ្នកនយោបាយ​ច្រើនជាង​ទង្វើ ហើយ​ពួកគេ​មិនសូវ​បាន​ស្រាវជ្រាវ​ទង្វើ​របស់​អ្នកនយោបាយ​ពិតប្រាកដ​នោះទេ។ ដោយសារតែ​អ្នកនយោបាយ​យល់ឃើញ​ដូច្នោះ​ហើយ ទើប​ពួកគេ​មិនសូវ​ធ្វើ​អ្វី​ទាំងអស់​ក្រោយ​ការបោះឆ្នោត​ភ្លាម ដោយ​រង់ចាំ​សល់​តែ៦ខែ​មុន​ការបោះឆ្នោត អ្នកនយោបាយ​បានសម្រេច​ចិត្ត​ចុះទៅ​មូលដ្ឋាន​ធ្វើ​ល្អ​បន្តិចបន្តួច​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ទទួលបាន​ការគាំទ្រ។ និយាយ​តាមបែប​ផ្សេង មានន័យថា អ្នកនយោបាយ​ធ្វើ​តែ​សកម្មភាព​ប្រជាភិថុតិ​ទៅ ក៏​អ្នកគាំទ្រ​ជោរ ហើយ​សម្រេចចិត្ត​បោះឆ្នោតអោយ​អ្នកនយោបាយ​ដែរ។

អ្នកនយោបាយ​ខ្លះ​ថែមទាំង​និយាយ​បែប​អំនួត​ថា៖«ដើម្បី​ទទួលបាន​ការគាំទ្រ វា​ជាការ​ងាយស្រួល​ទេ ពោលគឺ​អោយតែ​ចេះ​អង្អែល​ខ្នង​ប្រជាពលរដ្ឋ​ទៅ ពួកគេ​នឹង​គាំទ្រ​ហើយ។ ឬ​ម្យ៉ាងទៀត អោយតែ​ចេះ​សន្យា​ទៅជា​ការ​រួចរាល់​ហើយ»។ គំនិត​នេះ​អាច​ត្រឹមត្រូវ​មួយផ្នែក​កាលពី​អតីត​កាលដែល​ការយល់ដឹង​របស់​ពល​រដ្ឋ​ខ្មែរ​នៅមានកម្រិត។ ប៉ុន្តែ​ការបោះឆ្នោត​ឆ្នាំ២០១៣-២០១៨ កន្លងមកនេះ​បានបង្ហាញ​អោយឃើញ​ច្បាស់​ថា ការសន្យា​ខ្យល់ ពាក្យ​ប្រជាភិថុតិ ទង្វើ​អង្អែល​ខ្នង អំណោយ​បន្តិចបន្តួច ការ​លួងលោម​បោកប្រាស់​ចិត្ត​មិនសូវមាន​ឥទ្ធិ​ល​ពល​ទៅលើ​អ្នកបោះឆ្នោត​ទៀតឡើយ។

ចុះ​នៅ​ឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ អ្នកគាំទ្រ​ត្រូវការ​អ្វី​ពី​អ្នកនយោបាយ?
ការបោះឆ្នោត​ឃុំ​សង្កាត់ និង​ការបោះឆ្នោតជាតិ​ឆ្នាំ២០១៨ខាងមុខនេះ គឺជា​ការបោះឆ្នោត​មួយ​ដែល​ទាមទារ​អោយ​អ្នកនយោបាយ​ធ្វើ​ច្រើនជាង​និយាយ និយាយ​ពិត​ច្រើនជាង​ភូតកុហក បង្ហាញ​សកម្មភាព​ច្រើនជាង​ទ្រឹស្តី។ និយាយ​អោយ​ខ្លី មានន័យថា អ្នកបោះឆ្នោត​លែង​ត្រូវការ​ទៀតហើយ​អំណោយ​កំប៉ិកកំប៉ុក(សា​រ៉ុង ប្រេង​ក្រឡា អង្ករ ត្រីអាំង ទឹកត្រី ប្រាក់២ម៉ឺន​រៀល)។ ការសន្យា​ខ្ស​ល់ នយោបាយ​ប្រជាភិថុតិ លែង​អាច​ប្រើប្រាស់​ដើម្បី​បោកប្រាស់​អារម្មណ៍​ប្រជាពលរដ្ឋ​បាន​ទៀតហើយ។ ប្រជាពលរដ្ឋ​ត្រូវ​ការអោយ​អ្នកនយោបាយ​ធ្វើ​សកម្មភាព​សង្គម​ជាក់ស្តែង ដូចជា ធ្វើ​យ៉ាងដូចម្តេច អោយ​ទំនិញ​កសិកម្ម​ឡើងថ្លៃ។ ជួយ​កុមារកំព្រា​អោយ​ចេះ​ជំនាញ​វិជ្ជាជីវៈ ជួយ​ស្ត្រី​មេម៉ាយ​អោយ​ចេះ​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​បង្កើន​ប្រាក់ចំណូល បង្កើត​សាលា​បណ្តុះបណ្តាល​កុមារ ឬ​យុវជន​លើ​មុខជំនាញផ្សេង។ ជួយ​ប្រជាពលរដ្ឋ​ដោយ​មិន​រើស​និន្នាការ​នយោបាយ មិន​គិតពី​ព័ណ៌​សម្បុរ។ល។

ម្យ៉ាងទៀត អ្វីដែល​អ្នកនយោបាយ​ត្រូវធ្វើ​ដើម្បី​ទាក់ទាញ​អារម្មណ៍​អ្នកគាំទ្រ​ជារួម​មាន៖ ការដំឡើង​ប្រាក់ខែ​អោយ​អាចរ​ស់បាន​សមរម្យ បង្កើត​ការងារ​បន្ថែម លុបបំបាត់​អយុត្តិធម៌​សង្គម (អ្នកមាន អ្នកធំ​មិនត្រូវ​ឈ្នះ​អ្នកក្រ​រហូត​នោះទេ) លុបបំបាត់​អំពើពុករលួយ កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ លុបបំបាត់​គំនិត​បក្សពួកនិយម បែងចែក​ផល​ពី​ធនធានធម្មជាតិ​របស់​រដ្ឋ​អោយ​ស្មើភាព បើកចំហរ​សេរីភាព​បន្ថែមទៀត​ជូន​ពលរដ្ឋ​គ្រប់គ្នា។

សូមបញ្ជាក់ថា តម្រូវការ​ចាំបាច់​រប​ស់មនុស្ស​មាន​បីយ៉ាង​សំខាន់។ ទី១ ដោះស្រាយ​បញ្ហា​ក្រពះ។ ទី២ ដោះស្រាយ​បញ្ហា​អយុត្តិធម៌ និង​ទី៣ សេរីភាព។ ប្រសិនបើ​គណបក្សនយោបាយ​ណាមួយ អាច​ដោះស្រាយ​បញ្ហា​បីយ៉ាង​នេះ​បាន ពេលនោះ ពួកគេ​នឹង​ទទួលបាន​ការគាំទ្រ​ជាក់​ជាពុំខាន។ សូមអោយ​អ្នកនយោបាយ​ឈប់​ប្រើប្រាស់​នយោបាយ​ប្រជាភិថុតិ​ទៀត​ទៅ ពីព្រោះ រាស្ត្រ​សព្វថ្ងៃ​មានចំណេះដឹង​ជ្រៅជ្រះ ចេះ​គិតពិចារណា​ជ្រៅជ្រះ ពេលខ្លះ ចេះ​ជាង​អ្នកនយោបាយ​ទៅទៀត។ ដើម្បី​អាច​ចាប់​បេះដូង​អ្នកបោះឆ្នោត​បាន សកម្មភាព​សង្គម គឺជា​អាទិភាព​សម្រាប់​អ្នកនយោបាយ៕
   


© រក្សាសិទ្ធិដោយ thmeythmey.com