ពិភពតារា៖ សួស វី​ហ្សា បរិយាយ​ពី​ជីវិត​មុន​ចូល​សិល្បៈ
28, Jul 2015 , 9:44 am        
រូបភាព
ដោយ:

ភ្នំពេញ៖ក្រោយពី​ក្លាយជា​តារាចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​មក នាង​សួស វី​ហ្សា ហាក់​ឡើង​កូដ​យ៉ាងខ្លាំង និង​ទទួលបាន​ការគាំទ្រ​ច្រើន​តែម្តង ដោយសារតែ​នាង​មាន​ទឹកដម​សំឡេង​ច្រៀង​ពីរោះ និង​ធ្ងន់​ល្អ​កម្រ​រក។ បើទោះបីជា​ទទួល​បានកា​រងារថ្មីៗក្នុង​អាជីព​សិល្បៈ ដែល​អាច​ថា​ជា​ជោគជ័យ​មួយ​នៃ​ឆាកជីវិត វី​ហ្សា ក៏​មិន​ភ្លេច​រឿង​គ្រា​កម្សត់ កាលពី​ចូល​សិល្បៈដំបូងៗឡើយ ពោលគឺ​នាង​ហែល​ឆ្លង​ជីវិត​តស៊ូ​ដូច​អ្នកដទៃ​ដែរ ទម្រាំ​ឆ្លង​ដល់​ថ្ងៃ​ញញឹម​រីកមុខ​ដូច​ពេលនេះ ។



តារាចម្រៀង​សាច់​សខ្ចី​រូប​សម្រស់​ស្រស់ស្អាត​សំឡេង​បាន កញ្ញា សួស វី​ហ្សា បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា តាំងពី​នាង​ចូល​ច្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​មក នាង​ពិតជា​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​គ្រប់ទិសទី នៅពេលដែល​បទ​ចម្រៀង​របស់​នាង​ចេញលក់ម្តង។ នាង​ពិតជា​រីករាយ​បំផុត​នៅពេលដែល​ផលិតកម្ម​រស្មី​ហង្ស​មាស​សម្លឹង​ឃើញ​ទេ​ព្យ​កោសល្យ​របស់​នាង រហូត​អាច​ចូល​ច្រៀង​បាន​ដូចបងៗអ្នកចម្រៀង​នៅ​ទីនោះ​ដែរ។

នាង​បញ្ជាក់ថា ពិតជា​រំភើប​ក្រោយពី​ដឹងថា ផលិតកម្ម​ហង្ស​មាស​ទទួលយក​នាង​ឱ្យ​ច្រៀង​ហើយ​ដឹងខ្លួន​ច្បាស់​ថា ផលិតកម្ម​ហង្ស​មាស​ច្បាស់​ជា​ធ្វើឱ្យ​នាង​លេចធ្លោ ព្រោះថា​តារា​ជា​សមាជិក​នៅ​ទីនោះម្នាក់ៗសុទ្ធតែ​ខាង​ហង្ស​មាស​ចាត់ចែង​ឱ្យមាន​បទ​ចម្រៀងរៀងៗខ្លួន​ឱ្យ​ល្បី​ដូចគ្នា ។ ទាំងនេះហើយ​ជា​ភាពកក់ក្តៅ​មួយ​សម្រាប់​សមាជិក​ទាំង​អស់ ស្របពេល​ដែល​ខាង​ក្រុមការងារ​សុទ្ធ​តែមាន​ជំនាញ​គិត​រក​អ្វីប្លែកៗផង​នោះ ទើប​ចេះតែ​ទទួលបាន​ភាពលេច​ធ្លោ ។

តារាចម្រៀង​ដែលមាន​ប្រវត្តិ​ធ្លាប់​ហាត់​សម្តែង​ជា​សិស្សសាលា​ប្រចាំ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​រូបនេះ​បន្តទៀតថា ដើម្បី​ចែករំលែក​ពី​ភាព​តស៊ូ កាលពី​នាង​ចូល​សិល្បៈ​ដំបូង​នោះ គឺ​នាង​ធ្លាប់ជា​សិស្ស​រៀន​នៅ​សាលា​វិចិត្រសិល្បៈ បន្ទាប់មក​ក៏​ផ្លាស់​ទៅធ្វើ​ការ​ជា​អ្នកសិល្បៈ​ប្រចាំរាជធានី​ភ្នំពេញ​បានជា​ច្រើន​ខែ ហើយ​មាន​ទម្រង់​សិល្បៈ​ជាច្រើន​ឱ្យតែ​បែបបុរាណៗមិនថាតែ​ការ​ច្រៀង​យីកេ បាសាក់​នោះទេ​គឺ​នាង​អាចធ្វើ​បាន ។ ជាមួយនេះ ក៏​ធ្លាប់​រួម​សម្តែង​ជាមួយបងៗជំនាន់​មុន​ជាប្រចាំ​ដែរ មុន​ឆ្លង​ដល់​ក្លាយជា​អ្នកចម្រៀង​បែប​សម័យ​យុវវ័យ​នេះ ។

អតីត​សិល្បការិនី​ក្នុង​ក្រុម​សម្តែង​ប្រចាំរាជធានី​ភ្នំពេញ​រូបនេះ​បន្តថា កាលពី​នាង​ប្រឡង​ចម្រៀង​នៅ​ផលិតកម្ម​រ៉ុ​ក​គឺ​ឆ្លងកាត់​ការប្រកួត​មិនតិច​វគ្គ​ទេ ទម្រាំ​បានជា​ប់​ពីមួយ​វគ្គ​ទៅមួយ​វគ្គ​នោះ ។ អ្វីដែល​នាង​ចាំ​មិន​ភ្លេច ឱ្យតែ​ពេល​ទៅ​ច្រៀង​ប្រកួតម្តងៗគឺ​រកតែ​ប្រាក់​ទិញ​គ្រឿង​តុបតែង​ខ្លួន​មិនបាន​ផង ហើយ​មានតែ​ម៉ូតូ​ចាស់​មួយគ្រឿង​ជិះ​ពីរ​នាក់​ឪពុក​ទៅ​ច្រៀង​ប្រកួត​ទាំង​មិន​សង្ឃឹម​ទេ ព្រោះតែ​អ្នក​ប្រកួត​ជំនាន់​នាង​សុទ្ធតែខ្លាំងៗមាន​សំឡេង​ពីរោះ សូម្បីតែ​វគ្គ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ក៏​អត់​សង្ឃឹម​ដែរ ។ អ៊ីចឹង​ហើយ ទើប​នាង​ចង់ឱ្យប្អូនៗជំនាន់​ក្រោយ​ត្រូវ​ព្យាយាម​បើ​ស្រឡាញ់​សិល្បៈ​ត្រូវ​តស៊ូ ហើយ​បើជា​អ្នក​ប្រឡង​ត្រូវឱ្យ​ច្បាស់​ខ្លួនឯង មិនត្រូវ​ប្រកួត​បែប​លេងសើច​ឡើយ ពិសេស​ការគោរព​ពេល​វេលា​ក៏​ជាការ​សំខាន់​ដែរ​ព្រោះ​អ្នកសិល្បៈ​សំខាន់​ណាស់​ពេល​ម៉ោង​ហ្នឹង ដើម្បី​កុំឱ្យ​ស្ទះ​ការងារ។រឿង​មួយទៀត ពេល​ក្លាយជា​តារា​មានឈ្មោះ​ល្បី​ហើយ​កាន់តែ​ប្រយ័ត្ន​ថែមទៀត មិន​ឆ្មើងឆ្មៃ​ថា​មាន​តែឯង​នោះទេ ត្រូវ​ចេះ​គោរព​រាក់ទាក់​ជាមួយ​អ្នកដទៃ​ជាមួយ​ទឹកមុខ​ញញឹម បើទោះជា​គេ​មិន​ស្គាល់​ឬ​យើង​មិន​ស្គាល់​គេ​ក៏ដោយ ព្រោះនេះ​ក៏​ជា​សំឡេងគាំទ្រ​មួយ​ដែរ ៕



© រក្សាសិទ្ធិដោយ thmeythmey.com