ជាតិ
ក្រោយ​បាន​ប្លង់ យាយ​ម៉ា​មី​ឈប់​តវ៉ា?
28, Jul 2015 , 12:08 pm        
រូបភាព
 
សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ លោកស្រី ង៉ែត ឃុន ហៅ​យាយ ម៉ា​មី បានទទួល​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដីធ្លី ពី​លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ កាលពី​ព្រឹក​ថ្ងៃទី២៨ កក្កដា​នេះ។ លោកស្រី ង៉ែត ឃុន អះអាងថា ខ្លួន​នៅតែ​គាំទ្រ​សកម្មភាព​តវ៉ា​របស់​អ្នករងគ្រោះ​ដោយសារ​ជម្លោះដីធ្លី​ដដែល តែ​មិន​ចេញមុខ​តវ៉ា​លេចធ្លោ​ជាងគេ​ដូច​មុន​នោះទេ។



សកម្មជន​ជម្លោះដីធ្លី​សហគមន៍​បឹងកក់ ដែល​តែងតែ​ចេញមុខ​តវ៉ា​លេចធ្លោ​មួយរូប គឺ​លោកស្រី ង៉ែត ឃុន បានបង្ហាញ​អារម្មណ៍​ត្រេកអរ​យ៉ាងខ្លាំង ក្រោយពី​បានទទួល​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ទំហំ​ក្បាលដី ៨ ម៉ែត្រ គុណ​នឹង ១៨ ម៉ែត្រ ស្មើនឹង ១៤៤ ម៉ែត្រការ៉េ នៅ​តំបន់​បឹងកក់។ ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ ស្ត្រី​វ័យ​ជាង៧០ឆ្នាំ​រូបនេះ បាន​បញ្ជាក់ថា ការលះបង់​កំលាំងកាយ​ចិត្ត​ក្នុង​ការតវ៉ា​រហូតដល់​មានការ​រងរបួស និង​ចាប់​ឃុំ​ក្នុង​ពន្ធនាគារ ពី​សំណាក់​សមត្ថកិច្ច គឺ​មិន​ធ្វើ​ឲ្យ​លោកស្រី អស់សង្ឃឹម​នោះឡើយ ។ «ខ្ញុំ​បានទទួល​ប័ណ្ណ​កាន់កាប់​ដីធ្លី គឺ​ដោយសារតែ​ការខិតខំ​តវ៉ា​របស់ខ្ញុំ​កន្លងមក ទោះជា​ត្រូវគេ​វាយ​បែកក្បាល២ដង និង​ចាប់​ដាក់គុក២ដង»។

នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ង៉ែត ឃុន ដែល​បាន​ចំណាយពេល​តវ៉ា​ជាច្រើន​ឆ្នាំ​មកនេះ​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​នៅតែ​គាំទ្រ​រក​ភាពយុត្តិធម៌ លើកទឹកចិត្ត​អ្នករងគ្រោះ​តវ៉ា​ដីធ្លី ប្រាប់​បទពិសោធន៍ និង​ជំរុញ​ឲ្យ​ពួកគាត់​ប្រឹងប្រែង​តស៊ូ​ទាមទារ​ដីធ្លី​ពួកគេ​វិញ តែ​ខ្ញុំ​នឹងមិន​ចេញ​តវ៉ា​ជាងគេ​ដូច​មុន​ទៀត​នោះទេ ព្រោះ​ទុក​ឲ្យ​ពួកគេ​ជា​អ្នក​ចេញមុខ​ខ្លាំង​ម្ដង»។

លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​លោក ហុក ហួ​លឹម នាយក​ទីចាត់ការ​ច្បាប់ និង​សិទ្ធិមនុស្ស​ប្រចាំ​នៅ​សាលា​រាជធានី​ភ្នំពេញ បាន​ចុះទៅ​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​លោកស្រី ង៉ែត ឃុន និង​លោកស្រី គឹម វ​ណ្ណី ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​បឹងកក់​តាម​គោលនយោបាយ​អភិវឌ្ឍន៍​នៅនឹងកន្លែង របស់​សាលា​រាជធានី​ភ្នំពេញ៕


© រក្សាសិទ្ធិដោយ thmeythmey.com