អន្តរជាតិ
លី​ប៊ី​កាត់ទោស​ប្រហារ​ប្រ​ជីវិត​កូនប្រុស​មេដឹកនាំ​ផ្តាច់ការ​ហ្គា​ដា​ហ្វី​ខណៈ​ប្រទេស​អស្ថេរភាព
29, Jul 2015 , 8:39 pm        
រូបភាព
តុលាការ​លី​ប៊ី​បានសម្រេច​កាត់ទោស​លោក​សេ​ហ្វ​អាល់​អ៊ីស្លាម (Saif al-Islam)ដែល​កូនប្រុស​ដ៏​មាន​ឥទ្ធិពល​របស់លោក​មូ​អាម​ម៉ា​ហ្គា​ដា​ហ្វី​ដោយ​បាញ់​នឹង​កាំភ្លើង។ការកាត់ទោស​នេះ​ត្រូវបាន​គេ​ជឿជាក់ថា​នឹង​បន្ថែម​បន្ទុក​ទៅលើ​លី​ប៊ី​ខណៈ​ប្រទេស​មិនទាន់មាន​រដ្ឋាភិបាល​មួយ​ពិតប្រាកដ។



លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ




ម្សិលមិញ​តុលាការ​លី​ប៊ី​បានសម្រេច​កាត់ទោស​ប្រហារជីវិត​កំបាំងមុខ​លោក​សេ​ហ្វ​អាល់​អ៊ីស្លាម​ដែលជា​តួអង្គ​ដ៏​សំខាន់​នៅក្នុង​នយោបាយ​លី​ប៊ី​និង​ជា​កូនប្រុស​ដ៏​មាន​ឥទ្ធិពល​របស់លោក​មូ​អាម​ម៉ា​ហ្គា​ដា​ហ្វី​ដោយ​បាញ់​នឹង​កាំភ្លើង។ ការកាត់ទោស​នេះ​ក៏​រាប់បញ្ចូល​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​របស់​មេដឹកនាំ​ផ្តាច់កា​រលោក​ហ្គា​ដា​ហ្វី​ដែល​ត្រូវបាន​ស្លាប់​ក្នុងពេល​ប្រយុទ្ធ​តទល់​ជាមួយ​ទាហាន​អន្តរជាតិ​ឆ្នាំ២០១។

លោក​សេ​ហ្វ​អាល់​អ៊ីស្លាម ដែលជា​កូនប្រុស​ទី២របស់លោក​ហ្គា​ដា​ហ្វី​ត្រូវបាន​គេ​ស្គាល់​ថា​តួអង្គ​ដ៏​សំខាន់​នៅក្នុង​របប​គ្រប់គ្រង​ផ្តាច់ការ​បួន​ទស្សវត្ស​ន៍​របស់លោក​ហ្គា​ដា​ហ្វី។ លោក​ត្រូវបាន​តុលាការ​កាត់ទោស​កំបាំង​មុខ​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ការបង្ក្រាប​ទៅលើ​តវ៉ា​ដោយ​សន្តិភាព​របស់​ក្រុមបាតុករ​នៅក្នុង​ឆ្នាំ២០១។

ជុំវិញ​នៃ​ការ​អវត្តមាន​របស់​ជនជាប់ចោទ​ដែលជា​ហេតុ​នាំ​ឲ្យ​តុលាការ​ត្រូវ​កាត់ទោស​លោក​អាល់​អ៊ីស្លាម​ក៏​ព្រោះតែ​លោក​កំពុង​ស្ថិតនៅ​ជាមួយនឹង​ក្រុម​ឧទ្ទាម នៅក្នុង​ក្រុង​Zintanដែលជា​ក្រុម​ឧទ្ទាម​ធ្លា​ប់រង​នូវ​ការវាយប្រហារ​ពី​កងកម្លាំង​របស់​ហ្គា​ដា​ហ្វី។ យោងតាម​ការបញ្ជាក់រ​វាង​ក្រុម​នេះ​ជាមួយនិង​ពត៌មាន​BBC ក្រុម​ឧទ្ទាម​នឹងមិន​បញ្ជូន​លោក​អាល់​អ៊ីស្លាម​ទៅកាន់​តុលាការ​នោះទេ​ហើយ​ពួកគេ​ក៏​មិន​សម្លាប់​លោក​អាល់​អ៊ីស្លាម​នោះដែរ។ យ៉ាងណាក៏ដោយ​ជនជាប់ចោទ​ដែល​រួមបញ្ចូល​ទាំង​កូនប្រុស​លោក​ហ្គា​ដា​ហ្វី​និង​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​នៅមាន​សិទ្ធិ​ប្តឹង​ជំទាស់​នៅក្នុង​រយៈពេល៦០ថ្ងៃ។

សម្រាប់​ការកាត់ទោស​នេះដែរ ត្រូវបាន​គេ​ជឿជាក់ថា​មិនមែនជា​យុទ្ធសាស្ត្រ​មួយ​ដ៏​ល្អ​ដើម្បី​ស្តារ​សន្តិសុខ​និង​ផ្សះផ្សារ​ជាតិ​របស់​លី​ប៊ី​ឡើងវិញ​នោះទេ។ នោះ​ក៏​ព្រោះតែ​សាលក្រម​នេះ​នឹងធ្វើ​ឲ្យ​មាន​ចលនា​បះបោរ​ពី​ក្រុម​ឧទ្ទាម​និង​អ្នកគាំទ្រ​របស់លោក​ហ្គា​ដា​ហ្វី​ប្រឆាំង​ទៅនឹង​តុលាការ​និង​រដ្ឋាភិបាល​ក្រុង​ទ្រី​ប៉ូ​លី​ដែរនោះ។ បន្ថែម​ពីនេះ​ភា្ន​ក់​ងារ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក៏បាន​រិះគន់​និង​ទាមទារ​ឲ្យ​មាន​តម្លាភាព​និង​យុត្តិធម៌​នៅក្នុង​ការជំនុំជម្រះ​ផងដែរ។

គួរ​បញ្ជាក់ដែរថា ក្រោយពី​ទាហាន​អន្តរជាតិ​ចូល​អន្តរាគមន៍​និង​បាន​ផ្តួលរំលំ​របប​ផ្តាច់ការ​របស់​ហ្គា​ដា​ហ្វី​ក្នុង​ឆ្នាំ២០១១លី​ប៊ី​ទាំងមូល​មិនទាន់​ទទួលបាន​នូវ​ស្ថេរភាព​និង​សន្តិសុខ​នៅឡើយ​ទេ។ មកដល់​ប​ច្ច​ប្បន្ន​ប្រទេស​នេះ​មិនមាន​រដ្ឋាភិបាល​មួយ​ពិតប្រាកដ​គ្រប់គ្រង​នោះដែរ ពោលគឺ​ប្រទេស​ទាំងមូល​ត្រូវបាន​បែងចែក​ជា​តំបន់​គ្រប់គ្រងផ្សេងៗគ្នា​ដោយ​ក្រុម​ឧទ្ទាម៕


© រក្សាសិទ្ធិដោយ thmeythmey.com