ព័ត៍មានសុខភាព
សុខភាព៖ ជីវជាតិ ៤ យ៉ាង ដែល​ជួយ​បង្កើន ថាមពល​ខួរក្បាល
14, Jul 2016 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ

បញ្ហា​ប្រហែលជា​កើតមាន ក្នុង​របប​អាហារ​អ្នក បើសិនជា​អ្នក​យល់ថា ខួរក្បាល ដូចជា​មិនសូវ​ធ្វើ​ការល្អ។ វា​អាច​ដោយសារតែ​អ្នក មិន​ទទួលបាន​វីតាមីន​គ្រប់គ្រាន់ សម្រាប់​បំប៉ន​ខួរក្បាល និង​ជីវជាតិ​គ្រប់គ្រាន់ ពី​របប​អាហា​រាល់ថ្ងៃ។ អ្នក​អាច​ផ្លាស់ប្តូរ​របប​អាហារ និង​ញ៉ាំ​វីតាមីន​ឱ្យបាន​ច្រើន​វិញ ជាពិសេស វីតាមីន​ណា ដែលមាន​ប្រយោជន៍ ចំពោះ​ខួរក្បាល​តែម្តង។ ខាងក្រោម​នេះ គឺជា​វីតាមីន​បួន​ប្រភេទ ដែល​អាចជួយ​បង្កើន ភាព​វ័យឆ្លាត​ទូទៅ ការចងចាំ​រយៈពេល​ខ្លី និង​ពង្រឹង​ដល់​ថាមពល​ខួរក្បាល។



វីតាមីន E
វា​គឺជា​អង់​ទី​អុកស៊ីដ​ង់​មួយ ដែល​អាច​ការពារ​កោសិកា​សរសៃប្រសាទ ពី​ការខូចខាត​ធ្ងន់ធ្ងរ និង​ការពារ​ខួរក្បាល​ដែរ។ របប​អាហារ​ដែល​ផ្គត់ផ្គង់​វីតាមីន E នឹង​ជួយ​ពន្យារពេល ការកើត​ជំងឺ​ភ្លេចភ្លាំង ពេល​ចាស់ជរា (Alzheimer’s Disease)។
ដំឡូង​ផ្អែម គ្រាប់​ធញ្ញជាតិ សណ្តែកដី និង​បន្លែ​ពណ៌​បៃតង សុទ្ធតែ​សម្បូរ​វីតាមីន E ទាំងអស់។

វីតាមីន C
រ៉ាឌីកាល់​សេរី​គឺ ជា​អាតូម និង​ម៉ូលេគុល ដែល​អាច​បំផ្លាញ​កោសិកា​ខួរក្បាល​បាន។ ជា​ញឹកញាប់​នោះ​គឺថា វា​គឺជា​ផលិតផល នៃ​ប្រតិកម្ម​គីមី​ក្នុង​រាងកាយ ដែលមាន​អុកស៊ីសែន។ បញ្ហា​នេះ អាច​ដោះស្រាយបាន នៅពេល​មាន​ចំនួន អង់​ទី​អុកស៊ីដ​ង់​គ្រប់គ្រាន់។
ការទទួលបាន​វីតាមីន C គ្រប់គ្រាន់​ក្នុង​របប​អាហារ វា​នឹង​ជួយ​ពង្រឹង​ដល់ សមត្ថភាព​ខួរក្បាល ពី​ការបំពេញ​មុខងារផ្សេង។ បន្លែ និង​ផ្លែឈើ​ជាច្រើន ដូចជា ក្រូច និង​សណ្តែក សុទ្ធតែ​សម្បូរ​វីតាមីន C ទាំងអស់។

វីតាមីន B12
វីតាមីន​ប្រភេទ​នេះ ជា​អ្នកថែរក្សា សុខភាព​កោសិកា​សរសៃប្រសាទ បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន ពង្រឹង​ដល់​ការ​មាន​អារម្មណ៍ល្អ បង្ការ​ការ​ភ្លេចភ្លាំង ជំរុញ​ដល់​ថាមពល​ខួរក្បាល និង​បង្កើន​សម្បក​ការពារ​សរសៃប្រសាទ។ បញ្ហា​ផ្លូវចិត្ត​ជាច្រើន បាន​កើតឡើង​ដោយសារ កង្វះ​នៃ​សម្បក​ការពារ​សរសៃប្រសាទ​នេះឯង។
សាច់គោ សាច់ជ្រូក ត្រី សាច់​បក្សី និង​សាច់សត្វ សុទ្ធតែ​សម្បូរ​វីតាមីន B12 ទាំងអស់។

អាស៊ីត​ហ្វូ​លិ​ក
ចំនួន​សារធាតុ Homocysteine ក្នុង​ឈាម ត្រូវបាន​គ្រប់គ្រង​ដោយ អាស៊ីត​ហ្វូ​លិ​ក។ មនុស្ស​យើង គួរតែ​ទទួលទាន អាស៊ីត​ហ្វូ​លិ​ក​ឱ្យបាន​ច្រើន ព្រោះ​សារធាតុ Homocysteine ត្រូវបាន​គេ​រកឃើញថា នឹង​ទៅ​បំផ្លាញ កោសិកា​របស់​ខួរក្បាល នៅពេល​វា​មាន​ចំនួន​ច្រើន។ ទោះបីជា​យ៉ាងណាក៏ដោយ រឿងនេះ​កើតឡើង ពេលដែល​មាន កង្វះ​ថាមពល​ក្នុង​ខួរក្បាល​ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត អាស៊ីត​ហ្វូ​លិ​ក នឹង​ជួយ​ពង្រឹង​ដល់ ការតាំង​ស្មារតី និង​ការ​ភ្លេចភ្លាំង​រយៈពេល​ខ្លី៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com