ជាតិ
សង្គមជាតិ
ចម្ប៉ា​បាត់បង់​ទឹកដី​ដោយសារ​ចម្បាំង​ពង្រីក​ទឹកដី​របស់​វៀតណាម
30, Jul 2015 , 4:40 pm        
រូបភាព
លោក អ៊ឹម សុខរិទ្ធី អនុប្រធាននាយកដ្ឋានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា
លោក អ៊ឹម សុខរិទ្ធី អនុប្រធាននាយកដ្ឋានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា
លោក Tran Ky Phoung អ្នកប្រវត្តិសាស្រ្ត និងសិល្បៈចាម មកពីវៀតណាម
លោក Tran Ky Phoung អ្នកប្រវត្តិសាស្រ្ត និងសិល្បៈចាម មកពីវៀតណាម
សៀមរាប៖ នៅ​ចន្លោះ​សតវត្ស​ទី១៥ ដល់​ដើម​សតវត្ស​ទី១៩ គឺជា​អំឡុងពេល​នៃ​ចម្បាំង​រវាង​នគរ​ចម្ប៉ា និង​ដាយ​វៀត ដែល​គេ​ស្គាល់​ថា​ជា​ប្រទេស​វៀតណាម​ច​ប្ចុ​ប្បន្ន។ វា​គឺ​ជាស​ង្ក្រា​ម​ពង្រីក​ទឹកដី ក្រោយពេល​ដាយ​វៀត បាន​ឯករាជ្យ​ពី​ចិន និង​រួច​ផុតពី​ការគ្រប់គ្រង​របស់​រាជ​វង្ស​សុង។



អ្នកជំនាញ​ខាង​ប្រវត្តិសាស្ត្រ និង​សិល្បៈ​ចាម លោក Tran Ky Phoung  ការបាត់បង់ទឹកដីរបស់ចម្ប៉ា ដោយសារសង្រ្គាមពង្រីកទឹកដីរបស់ដាយវៀត ឫវៀតណាម។ បើតាម​អ្នកប្រវត្តិសាស្ត្រ​វៀតណាម មាន​ឈាមជ័រ​ជា​ជនជាតិ​ចាម លោក Tran Ky Phoung ពន្យល់ថា ដាយ​វៀត បាន​កកើត​ទឹកដី​នៅ​សតវត្ស​ទី២ នៃ​គ.ស ប៉ុន្តែ​ក្រោយមក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចិន​រយៈពេល ១០០០ឆ្នាំ​ជាប់​គ្នា។ នៅ​ឆ្នាំ៩៦៨ ដាយ​វៀត​ក៏​ទទួលបាន​ឯករាជ្យ​ពី​ចិន តែ​ត្រូវ​រាជវង្ស​សុង វាយ​ឲ្យ​បែក​ជា​បន្តបន្ទាប់។

ក្រោយ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រាជវង្ស​សុង​មួយរយៈ នៅ​សតវត្ស​ទី១១ ទើប​ដាយ​វៀត​អាចមាន​លទ្ធភាព​ងើបឡើង​វិញ និង​បាន​វាយបក​ទៅ​ប្រទេស​ចម្ប៉ា ដែល​រួមដៃគ្នា​និង​រាជវង្ស​សុង កំចាត់​ខ្លួន​កាលពី​កន្លងមក។ នគរ​ចម្ប៉ា​ចាប់ផ្តើម​ចុះខ្សោយ ក្រោយពេល​ដាយ​វៀត វាយ​បាន៣ទៅ៤ដង ពី​ជើង​ទៅ​ត្បូង ហើយ​ចម្ប៉ា បាន​បាត់បង់​ទឹកដី​ទាំងស្រុង​នៅ​ដើម​សតវត្ស​ទី១៩ ។ អំឡុង​ពេលនោះ នគរ​ចម្ប៉ា ក៏មាន​ការ​បែង​បាត់​ផ្ទៃក្នុង​ផងដែរ ហើយ​ប្រជាជន​បាន​រត់​ភៀសខ្លួន​ទៅតាម​ប្រទេសផ្សេងៗរហូតមកដល់​សព្វថ្ងៃ​នេះ។ នេះ​ជាការ​អត្ថាធិប្បាយ​ខ្លី​ពី​ប្រវត្តិសាស្ត្រ​ចម្ប៉ា របស់​អ្នកប្រវត្តិសាស្ត្រ និង​សិល្បៈ​ចាម លោក Tran Ky Phoung។

វា​គឺជា​បទ​បង្ហាញ​ដ៏​កម្រ​ស្តីពី​ប្រវត្តិសាស្ត្រ​ចម្ប៉ា ទំនាក់ទំនង​គ្នា​រវាង​ចម្ប៉ា និង​ខ្មែរ ទាំង​ផ្នែក​សិល្បៈ និង​វប្បធម៌ ដែល​បាន​ទាញ​ចំណាប់អារម្មណ៍​អ្នកស្រាវជ្រាវ​មកពី​ទីឆ្ងាយៗ ។ បទ​បង្ហាញ​ស្តីពី​ប្រវត្តិសាស្ត្រ​ចាម និង​ទំនាក់ទំនង​នឹង​ចក្រភព​ខ្មែរ​សម័យ​ពី​ដើម ត្រូវបាន​បង្ហាញ​ដោយ​អ្នកជំនាញ​ពីររូប គឺ​លោក​សាស្ត្រាចារ្យ Tran Ky Phoung មកពី​វៀតណាម និង​លោក អ៊ឹម សុខ​រិទ្ធី ប្រធាន​ក្រុម​ស្រាវជ្រាវ​ផ្លូវ​បុរាណសម័យ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។

ក្នុង​បទ​បង្ហាញ​ដែល​រៀបចំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ព្រឹក​ថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៥ អ្នកជំនាញ​ក៏បាន​បង្ហាញ​ពី​ភស្តុតាង​នានា ស្តីពី​ទំនាក់ទំនង​ផ្នែក​សិល្បៈ និង​វប្បធម៌​ខ្មែរ-ចាម នៅតាម​ចម្លាក់​ប្រាសាទ​មួយចំនួន​ផងដែរ។ សំណង់​ប្រាសាទ​នៃ​នគរ​ចម្ប៉ា​ភាគច្រើន គឺ​ចម្លង​រចនាបថ​ពី​ខ្មែរ ហើយ​រចនាបថ​ខ្មែរ​មួយផ្នែក​ក៏បាន​ចម្លង​ពី​ប្រាសាទ​របស់​នគរ​ចម្ប៉ា​វិញ​ដែរ។ យ៉ាងណាមិញ សំណង់​នៅ​នគរ​ចម្ប៉ា​ភាគច្រើន​គឺ​សង់​ឡើង​ពី​ដីឥដ្ឋ ដែល​ខុសពី​សំណង់​ប្រាសាទ​របស់​ខ្មែរ ដែល​ស្ទើរតែ​ទាំងអស់ សាងសង់​ពី​ថ្ម។

ទាក់ទង​នឹង​សាសនា​វិញ បើតាម​ការស្រាវជ្រាវរ​បស់​អ្នកជំនាញ​ខាងលើ ចាម​គោរព​ប្រតិបត្តិ​សាសនា​ព្រហ្មញ្ញ។ សាសនា​ឥស្លាម​ចាប់ផ្តើម​ចូល​ប្រទេស​ចម្ប៉ា​នៅ​សតវត្ស​ទី៨ ក្រោយ​ប្រទេស​នេះ​មាន​ជំនួញ​ផ្លូវទឹក​ជាមួយ​ប្រទេស​អារ៉ាប់។ ប្រជាជន​ភាគច្រើន​គឺជា​អ្នកជំនួញ ព្រោះថា​ប្រទេស​ចម្ប៉ា មាន​ផ្ទៃដី​លាតសន្ធឹង​តាម​បណ្តោយ​ទន្លេ ដែល​សព្វថ្ងៃ​ស្ថិតនៅ​វៀតណាម​កណ្តាល។ លោក អ៊ឹម សុខ​រិទ្ធី ពន្យល់​ពី​ការ​ជ្រៀតចូល​នៃ​សាសន​ឥស្លាម​ទៅក្នុង​នគរ​ចម្ប៉ា យ៉ាង​ដូច្នេះ៖« វា​មានការ​ផ្លាស់ប្តូរ ចាប់ពី​សតវត្ស​ទី៨ ដែល​ចាម​មាន​ជំនួញ​នឹង​ពួក​អារ៉ាប់ ដែល​ពួកគេ​គោរព​សាសនា​ឥស្លាម។ មួយចំនួនធំ​នៃ​អ្នកជំនួញ​ចាម បាន​ដូរ​ទៅ​គោរព​សាសនា​ឥស្លាម​វិញ តែ​ក្នុង​នោះគេ​កត់សម្គាល់​ឃើញថា ខ្សែ​រាជវង្ស​ចាម នៅតែ​ប្រកាន់ខ្ជាប់​គោរព​សាសនា​ព្រហ្មញ្ញ​ដដែល»។


អ្នកស្រាវជ្រាវ​វប្បធម៌​ចាម លោក ឡឹប កើ ដែល​បានធ្វើ​ដំណើរ​ពី​ភ្នំពេញ មក​ចូលរួម​ស្តាប់​បទ​បង្ហាញ​នៅ​ទីក្រុង​សៀមរាប បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ នៅពេលដែល​អ្នកប្រវត្តិសាស្ត្រ លើក​ពី​ប្រវត្តិ​នគរ​ចម្ប៉ា​មក​ធ្វើ​បទ​បង្ហាញ។ លោក ឡឹប កើ បន្ថែមថា វា​គឺជា​ឳ​កាស​មួយ​សម្រាប់​អ្នកស្រាវជ្រាវ​ដូចជា​លោក និង​ជនជាតិ​ចាម​ដទៃទៀត សិក្សា​ស្វែងយល់​ពី​ប្រវត្តិ​នៃ​ទឹកដី ក៏ដូចជា​សិល្បៈ វប្បធម៌​របស់​ប្រទេស​ខ្លួន។
 
តាម​ការបញ្ជាក់​របស់​លោក Tran Ky Phoung សព្វថ្ងៃ​មាន​ជនជាតិ​ចាម​ប្រមាណ ១២ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​កំពុង​រស់នៅ​លើទឹក​ដី​អតីត​នគរ​ចម្ប៉ា និង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​វៀតណាម។ ភាសា និង​ប្រពៃណី​ទំនៀម​ទំលាប់​ចាម ស្ទើរតែ​បាត់បង់​ទៅហើយ។ លោក Tran Ky Phoung បន្ថែមថា៖« ប្រពៃណី​ទំនៀម​ទំលាប់​មិន​ដូចដើម​ទេ។ តួយ៉ាង​ខ្ញុំ​ជា​អ្នករស់នៅ​វៀតណាម​កណ្តាល និង​មាន​ឈាមជ័រ​ជនជាតិ​ចាម ភាសា​គឺ​បាន​ដូរ​ទៅជា​ភាសា​វៀតណាម តែ​នៅ​បញ្ចេញ​សូរសំឡេង​ចាម។ មាន​អ្នកខ្លះ​នៅតែ​អាច​រក្សា​ភាសា​និយាយបាន​នៅឡើយ តែមាន​ចំនួន​តិចតួច​បំផុត»។

គួរ​បញ្ជាក់ថា បទ​បង្ហាញ​ស្តីពី​ប្រ​វ​តិ្ត​សាស្ត្រ​ចាម និង​ទំនាក់ទំនង​រវាង​សិល្បៈ វប្បធម៌ ខ្មែរ-ចាម ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​នេះ គឺជា​លើកដំបូង។ ត្បិត​មាន​រយៈពេល​ខ្លី ប៉ុន្តែ​វា​បាន​ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ដល់​អ្នកចូលរួម ដែលមាន​អ្នកស្រាវជ្រាវ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាដើម។ បើតាម​លោក អ៊ឹម សុខ​រិទ្ធី អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​បទ​បង្ហាញ​ដូចគ្នានេះ រយៈពេល​ពេញ​មួយថ្ងៃ ដោយ​លម្អិត និង​មាន​អ្នកស្រាវជ្រាវ​ច្រើន​រូប​ចូលរួម។ បទ​បង្ហាញ​វែង​នោះ គ្រោង​ធ្វើឡើង​នៅ​អំឡុង​ខែតុលា​ខាងមុខនេះ៕

 







© រក្សាសិទ្ធិដោយ thmeythmey.com