កីឡាជាតិ
ជាតិ
AFF U16៖ គ្រូ​កម្ពុជា សុំទោស​អ្នកគាំទ្រ គ្រូ​អូស្ត្រាលី ថា​ពិបាក​រក​គ្រាប់​បាល់
31, Jul 2015 , 9:23 am        
រូបភាព
ដោយ:
ក្រុម​ខ្លាំង​អូស្ត្រាលី បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ៤ ទល់ ០ ក្នុង​វគ្គ​ជម្រុះ​ពូ​ល B នៃ​ពានរង្វាន់​បាល់ទាត់ AFF BIDC U16 Championship 2015 នៅ​ល្ងាច​ថ្ងៃទី ៣០ ខែ កក្កដា ម្សិលមិញ​លើ​ទីលាន​បាល់ទាត់​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ។ ចប់​ការប្រកួត​គ្រូបង្វឹក​កម្ពុជា បាន​សុំទោស​ចំពោះ​អ្នកគាំទ្រ​ដែល​មិន​រក៣ ពិន្ទុ​បាន ខណៈ​ក្រុម​អូស្ត្រាលី ថា​ពិបាក​រក​គ្រាប់​បាល់ប​ញ្ជូ​ល​ទី​ក្រុម​កម្ពុជា។



លោក Iki Yusuke គ្រូបង្វឹក​ក្រុម U16 កម្ពុជា បានលើកឡើង​ក្នុង​ស​ន្និសិត​កាសែត​ក្រោយ​ចប់​ការប្រកួត​ថា៖ «ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្រ​ទាំងអស់​ដែល​អ​ញ្ជើ​ញ​មក​តាមដាន ហើយ​រង់ចាំ​ទស្សនា​រហូតដល់​ចប់​ការប្រកួត។ ខ្ញុំ​សោកស្ដាយ​ណាស់​ដែល​មិនអាច​រក​ជ័យជម្នះ ដើម្បី​តបស្នង​នឹង​ការអញ្ជើ​ញ​មក​គាំទ្រ​ដល់ទី​លាន​របស់​អ្នក​ទាំងអស់គ្នា» ។



លោកគ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ​បន្ថែមថា អូស្ត្រាលី ជា​ក្រុម​ខ្លាំង​មួយ​ដែល​ល្អ​ទាំង​បច្ចេកទេស កម្លាំង និង មាឌ។ លោក​បាន​ព្យាយាម​សាកល្បង​ទម្រង់​ប្រកួត​បែប ៥-៤-១ ដែល​ធ្លាប់ប្រើ​បាន​ជោគជ័យ​នៅ​ប្រទេស​ជប៉ុន កន្លងទៅ​នៅក្នុង​តង់​ទី១ ហើយ​នៅ​តង់​ទី២ ​លោក​ប្រើ​ទម្រង់​វាយបក​វិញ។

បរាជ័យ​លើក​នេះ U16 កម្ពុជា មិនទាន់​អស់សង្ឃឹម​នៅឡើយ​នោះទេ ព្រោះ​នៅសល់ ២ ប្រកួត​ក្នុង​ដៃ​ជា​បន្តទៀត​ដោយ​ត្រូវ​ជួប​ក្រុម​សិង្ហ​បុរី នៅ​ថ្ងៃទី១ ខែ សីហា និង ជួប​ក្រុម​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៥ ។ លោក Iki សន្យាថា​នឹង​ព្យាយាម​ដឹកនាំ​កូនក្រុម​ធ្វើឱ្យ​បានល្អ​នៅ​ប្រកួតបន្ទាប់ៗ ។



ចំណែក​លោក UFUK TALAY គ្រូបង្វឹក​របស់​ក្រុម​អូស្ត្រាលី វិញ​បាន​លើកឡើងថា លោក​រីករាយ​ដែល​បាន​ប្រកួត​ជាមួយ​ក្រុម​កម្ពុជា ដែលជា​ក្រុម​ម្ចាស់ផ្ទះ។ លោក​ពេញ​ចិត្តនឹង​ទម្រង់​លេង​របស់​កម្ពុជា តែ​ទាស់​តែ​ម្យ៉ាង​ទេ ត្រង់​ថា​សមាជិក​ក្រុម​ភាព​ច្រើន​មានមាឌតូចៗ ។

លោក​បន្ថែមថា ក្រុម​លោក​ពិបាក​រក​គ្រាប់​បាល់ទាត់​បញ្ចូល​ទីណា​ស់​ក្នុងការ​ប្រកួត​នេះ ព្រោះ​កម្ពុជា​ប្រើ​ទម្រង់​វាយបក​នៅ​តង់​ទី ២ បានល្អ ធ្វើឱ្យ​លោក​ពិបាក​ស្មាន។ តែ​យ៉ាងណាក៏ដោយ​ក្រុម​លោក​អាច​យកឈ្នះ​ម្ចាស់ផ្ទះ​ដោយ​លទ្ធផល ៤ ទល់ ០ ។ ៤ គ្រាប់​របស់​អូស្ត្រាលី រកបាន​ដោយ​កីឡាករ Lachlan Brook រក​គ្រាប់​បាល់​ឱ្យ​អូស្ត្រាលី បាន ២ គ្រាប់​ម្នាក់ឯង ពោលគឺ​នៅ​នាទី ២ និង នាទី ៤ ខណៈ​កីឡាករ Jacob Italiano និង កីឡាករ Ahmed Sweedan រក​គ្រាប់​បាល់​បាន ១ គ្រាប់។

លទ្ធផល​វគ្គ​ជម្រុះ​ពូ​ល B ដូចគ្នានេះដែរ​ក្រុម​សិង្ហ​បុរី បាន​យកឈ្នះ​ក្រុម​ហ្វីលីពីន ដោយ​លទ្ធផល ៤ ទល់ ១ នៅ​ទីលាន​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ដូចគ្នា។

សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ បានផ្ដល់​សិទ្ធិ​ឱ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការប្រកួត​កីឡាបាល់ទាត់​ក្រោម​អាយុ១៦ឆ្នាំ​ប្រចាំ​តំបន់​នេះ ចាប់ពី​ថ្ងៃទី ២៧ ខែ កក្កដា ដល់ ៩ ខែ សីហា ឆ្នាំ ២០១៥ ខាងមុខ ដោយមាន​ក្រុម​ចូលរួម​ចំនួន ១១ ចែកជា ២ ពូ​ល។ ចំពោះ​ពូ​ល A មាន ម៉ាឡេស៊ី, វៀតណាម, ឡាវ, ទី​ម័​រ​ខាងកើត, ប្រ៊ុយណេ និង ថៃ ហើយ​ពូ​ល B មាន អូស្ត្រាលី, សិង្ហ​បុរី, ហ្វីលីពីន, មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​កម្ពុជា ប្រកួត​ជម្រុះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (ស្ដា​ត​ចាស់) ៕



Tag:
 កីឡា​ជាតិ
 AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com