អន្តរជាតិ
រុស្ស៊ី-ចិន ព្រួត​គ្នា​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ព្រមាន​ជប៉ុន និង​អាមេរិក
31, Jul 2015 , 2:58 pm        
រូបភាព
ដោយ:
មហិច្ឆតា​នៃ​ការបង្កើន​ឥទ្ធិពល​យោធា និង ការ​លូកដៃ​ជ្រៅ​របស់​រដ្ឋាភិបាល​ជប៉ុន​នៅក្នុង​តំបន់ ប៉ាស៊ីហ្វិក មិន​ត្រឹមតែ​កំពុង​រង​នូវ​ការប្រឆាំង​ពី​ប្រជាជន​របស់ខ្លួន​នោះទេ តែ​មហាអំណាច​ពីរ កំពុងតែ​ចេញមុខ​ប្រតិកម្ម​ផងដែរ។ ក្នុងនោះ រុស្ស៊ី និង ចិន បាន​ព្រមព្រៀងគ្នា​ធ្វើ​សមយុទ្ធ​យោធា ទ្រង់ទ្រាយ​ធំ​នៅក្នុង​ព្រំប្រទល់​ដែនសមុទ្រ​រុស្ស៊ី និង ជប៉ុន។ សមយុទ្ធ​យោធា​រវាង មហាអំណាច​ទាំងពីរ ត្រូវបាន​ជឿជាក់ថា គឺជា​ការគំរាមកំហែង​មួយ​ទៅកាន់​រដ្ឋាភិបាល​ជប៉ុន ដែល​ហ៊ាន​ចេញមុខ​ថ្កោលទោស​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពីពេល​ថ្មី​នេះ។



សូមស្ដាប់ពត៌មានលម្អិត៖



តាម​ការគ្រោងទុក​នៅ​ចន្លោះ​ថ្ងៃទី២០ និង ២៨ ខែសីហា​ខាងមុខនេះ រុស្ស៊ី និង ចិន នឹង​រួមគ្នា ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ដែនសមុទ្រ​រុស្ស៊ី​ភែ​ត​ធ័​រ ឌឹ​ហ្គ្រេ​ត (Peter the Great) ដែលមាន​ព្រំប្រទល់​ជាប់​នឹង​សមុទ្រ​របស់​ជប៉ុន។

យោងតាម​អ្នក​នាំ​ក្រសួងការពារជាតិ​ចិន លោក យ៉ាង យូ​ជុន លំ​ហាត់​យោធា​នឹងត្រូវ​ផ្តោតលើ លំ​ហាត់​ប្រឆាំងនឹង​នាវាមុជទឹក និង ប្រឆាំង​នាវាចម្បាំង។ ក្នុង​លំ​ហាត់​យោធា​នេះ ភាគី​រុស្ស៊ី​នឹង​ផ្គត់ផ្គង់​នាវាចម្បាំង នាវាមុជទឹក និង យន្តហោះ​ចម្បាំង។ រីឯ​ភាគី​ចិន នឹង​បញ្ជូន​យន្តហោះ​ប្រដេញ នាវា​ប្រល័យ​លោក និង កប៉ាល់តូចៗផងដែរ។

លំ​ហាត់​យោធា​ទ្រង់ទ្រាយ​ធំ​នេះ ត្រូវបាន​រដ្ឋាភិបាល​ក្រុង​មូ​ស្កូ និង ក្រុង​ប៉េកាំង អះអាងថា ជា​សកម្មភាព​នៃ​ការ​រឹតចំណង​ទ្វេរ​ភាគី​ឲ្យ​កាន់តែ​ជិតស្និទ និង បង្កើន​ទំនុកចិត្ត​នៃ​ទំនាក់ទំនង យុទ្ធសាស្ត្រ​ទ្វេរ​ភាគី។

អ្វីដែល​គួរកត់សម្គាល់​នោះ លំ​ហាត់​យោធា​រវាង​មហាអំណាច​ទាំងពីរ​នេះ ធ្វើឡើង​ស្រប​ដែល​ភាព​តានតឹង​នៅក្នុង​ដែន​ជម្លោះ​សមុទ្រ​រវាង​ចិន និង ជប៉ុន និង ចិន​ជាមួយ​រដ្ឋ​អាស៊ាន កំពុងតែ​ប្រឈមមុខគ្នា​កាន់តែខ្លាំង។ ជុំវិញ​បញ្ហា​នេះ ត្រូវបាន​គេ​រំពឹងថា គឺជា​ចេតនា​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្កូ និង ក្រុង​ប៉េកាំង ដើម្បី​បង្ហាញ​សាច់ដុំ​ទៅកាន់​ជប៉ុន​ដែល​កំពុងតែ​ព្យាយាម​បង្កើន ឥទ្ធិពល​អំណាច​យោធា​របស់ខ្លួន​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក។ ជាពិសេស វា​ការព្រមាន​ទៅកាន់ លោកនាយក​រដ្ឋ​ស៊ីន​ហ្សូ អា​បេ ដែល​ទើបតែ​ចេញ​របាយការណ៍​រិះគន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង លើ​ការបំពាន​ដែនសមុទ្រ​ជម្លោះ។

ថ្វី​ត្បិត​សមយុទ្ធ​យោធា​នេះ ធ្វើឡើង​នៅក្នុង​ដែន​អធិបតេយ្យ​របស់​រុស្ស៊ី​មែន វត្តមាន​សព្វាវុធ​ចិន​ជាច្រើន នឹង​អាចធ្វើ​ឲ្យ​ហ្វីលីពីន ដែល​កំពុង​ពង្រឹង​អំណាច​យោធា​របស់ខ្លួន ប្រឆាំង​ជាមួយ​ចិន នៅក្នុង​តំបន់​មានការ​ភ័យខ្លាច​ផងដែរ។ មួយវិញទៀត សកម្មភាព​នេះ ក៏​វាយប្រហារ​ដោយ​ប្រយោល​ទៅកាន់​រដ្ឋាភិបាល ក្រុង​វ៉ា​ស៊ិន​តោន ដែល​ត្រូវបាន​គេ​ស្គាល់​ថា​អ្នក​ជួយ​ជ្រោមជ្រែង និង ជំរុញ​រដ្ឋាភិបាល​ជប៉ុន ក្នុងការ​លូកដៃ​ចូល​បញ្ហា​នៅក្នុង​តំបន់។

សូមបញ្ជាក់​ផងដែរ​ថា ភាព​កាន់តែ​ជិតស្និទ្ធ​រវាង​រដ្ឋាភិបាល​ចិន និង រុស្ស៊ី លើ​វិស័យ​ពាណិជ្ជកម្ម ការទូត និង​យោធា គឺអាច​ផ្តល់នូវ​ផល​វិជ្ជមាន​ផង និង អវិជ្ជមាន​ផង​ចំពោះ​ពិភពលោក។ សម្រាប់​ផល​វិជ្ជមាន កាលណា​ប្រទេស​ទាំងពីរ មាន​ឥទ្ធិពល​កាន់តែខ្លាំង នោះ​មហាអំណាច ផ្សេងទៀត មិន​ងាយ​នឹង​ចូល​សង្គ្រាម​ជាមួយ​នោះទេ។ ក៏ប៉ុន្តែ ប្រសិនបើ​មហាអំណាច​នៅតែ បន្ត​ប្រកួតប្រជែង​គ្នា នោះ​សន្តិសុខ និង ស្ថិរភាព​ពិភពលោក នឹងត្រូវ​រង​នូវ​ការគំរាមកំហែង៕



Tag:
 រុស្ស៊ី
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com