ជាតិ
នយោបាយជាតិ
មេដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រជុំគ្នា តែអវត្តមានលោក កែម ឡី
×
ភ្នំពេញ៖ សមាជិកបណ្តាញសង្គមខ្មែរដើម្បី ខ្មែរជាង ១០០នាក់ បានជួបជុំគ្នានៅថ្ងៃអាទិត្យទី២សីហា ដើម្បីអនុម័តគោលការណ៍សំខាន់ៗ និងគណៈកម្មការបណ្តោះអាសន្នមួយ ដែលជាផ្នែកមួយនៃដំណើរការរៀបចំបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ប្រធានអង្គការសង្គមស៊ីវិលជាច្រើនគឺជាអ្នកផ្តួចផ្តើមគំនិតបង្កើត និងដឹកនាំគណបក្សនយោបាយថ្មីមួយនេះ។
លោក សាម អ៊ីន សមាជិកស្ថាបនិកនៃបណ្តាញសង្គមខ្មែរដើម្បីខ្មែរ ប្រាប់សារព័ត៌មានថ្មីៗ ក្នុងកិច្ចប្រជុំនៅថ្ងៃទី២ នេះថា តាមការគ្រោងទុក គណៈកម្មការបណ្តោះអាសន្នដែលចេញពីបណ្តាញសង្គមខ្មែរដើម្បីខ្មែរ នឹងដាក់លិខិតស្នើសុំបង្កើតគណបក្ស «ប្រជាធិបតេយ្យមូលដ្ឋាន» ទៅក្រសួងមហាផ្ទៃនៅថ្ងៃចន្ទទី៣ សីហាដើមសប្តាហ៍ក្រោយនេះ។
បណ្តាញសង្គមខ្មែរដើម្បីខ្មែរ គឺជាបណ្តុំនៃក្រុមថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួនដែលបាន បង្ហើបអំពីបំណងបង្កើតគណបក្សនយោបាយ បន្ទាប់ពីពួកគេខកចិត្តនឹងគណបក្សសង្គ្រោះជាតិ។ ស្ថាបនិកនៃបណ្តាញសង្គមខ្មែរដើម្បីខ្មែរដែលត្រូវបានគេបង្ហាញតាម មុខនៅតាមបណ្តាញសង្គមហ្វេសប៊ុក នៅពេលដែលពួកគេជួបជុំគ្នាម្តងៗនោះ រួមមាន លោក យ៉ង់ សាំងកុមារ លោក យ៉េង វីរៈ លោក សាម អ៊ីន លោក កែម ឡី ជាដើម។
ចំណោមស្ថាបនិក និងសមាជិក និងយុវជន បានចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃនេះ តែលោក កែម ឡី ដែលជាស្ថាបនិកម្នាក់ផងដែរ ពុំមានវត្តមាននោះទេ។ ចំពោះអត្តវមាននេះ លោក កែម ឡី ប្រាប់ថា លោកពុំមានបំណងចូលរួមបង្កើតគណបក្សនយោបាយឡើយ«ខ្ញុំគ្រាន់តែបង្រៀន ឲ្យប្រជាពលរដ្ឋចេះបង្កើតគណបក្ស ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ។ ខ្ញុំនៅតែជា អ្នកស្រាវជ្រាវសង្គមដដែល។ ខ្ញុំពុំមានតំណែងក្នុងគណបក្សដែលគ្រោងនឹងបង្កើតទេ»។ នេះជាប្រសាសន៍បញ្ជាក់របស់លោក កែម ឡី ចំពោះអវត្តមានក្នុងកិច្ចប្រជុំ។
កិច្ចប្រជុំបង្កើត នៅថ្ងៃទី២ សីហានេះ ប្រព្រឹត្តទៅនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន៕
© រក្សាសិទ្ធិដោយ thmeythmey.com