ជាតិ
រដ្ឋមន្ត្រីការបរទេស​កម្ពុជា-វៀតណាម នឹង​ជួបពិភាក្សា​ទ្វេភាគី​នៅ​ប្រទេស​ម៉ាឡេស៊ី
03, Aug 2015 , 10:20 am        
រូបភាព
ដោយ: ថ្មីៗ
លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក ផាម ប៊ិ​ញ​ម៉ិ​ញ នៅឯ​ប្រទេស​ម៉ាឡេស៊ី។ លោក ហោ ណាំហុង នឹង​ស្នាក់នៅ​ប្រទេស​ម៉ាឡេស៊ី​រយៈពេល៤ថ្ងៃ ពីថ្ងៃ​ទី៣ ដល់​ថ្ងៃទី៦ ខែសីហា​នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន។



ក្រៅពី​ជួបពិភាក្សា​ជាមួយ​សម​ភាគី​វៀតណាម​រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹង​ជួបពិភាក្សា​ជាមួយ​សម​ភាគី​នៃ​ប្រទេស​ចំនួន៤ទៀត មាន​លោក រី​ម​ប៊ី​ង ប៉ា​តួ រដ្ឋមន្ត្រីការបរទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន លោក ស៊ែ​ហ្គេ​យ ឡា​រ៉ូ​វ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី និង​និង​លោកស្រី ជូ​លី ប៊ី​ស្សប រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី។ នេះ​បើ​ផ្អែក​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចុះ​ថ្ងៃទី២៨ ខែកក្កដា។

បើតាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល របៀបវារៈ​ប្រជុំ​អាស៊ាន​មានដូចជា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី៤៨ សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ជាមួយ​ដៃគូ​សន្ទនា​ទាំង១០របស់​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក៣លើក​ទី១៦ កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រីការបរទេស​អាស៊ី​បូព៌ា​លើក​ទី៥ កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី២២ កិច្ចប្រជុំ​គណៈកម្មការ​នៃ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​ជំនួប​រវាង​រដ្ឋមន្ត្រីការបទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ អន្តររដ្ឋាភិបាល​អាស៊ាន​ស្តីពី​សិទ្ធិមនុស្ស។
ក្រៅពី​កិច្ចប្រជុំ​អាស៊ាន លោក ហោ ណាំហុង នឹងចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម​លើក​ទី៨ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ-ជប៉ុន​លើក​ទី៨ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ-កូរ៉េ​លើក​ទី៥ ។

លោក ហោ ណាំហុង ក៏​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដទៃទៀត និង​ជួប​សម្តែង​ការគួរសម​ជាមួយ លោក ណា​ជិប រ៉ា​ហ្សា​ក់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ផងដែរ៕


Tag:
 ហោ ណាំហុង
© រក្សាសិទ្ធិដោយ thmeythmey.com