សង្គមអន្តរជាតិ​
អន្តរជាតិ
អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បារម្ភ​ជំងឺឆ្លង​រាតត្បាត​ព្រោះ​គ្រោះមហន្តរាយ​ទឹកជំនន់
04, Aug 2015 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
អាជ្ញាធរ​មី​យ៉ាន់​ម៉ា ព្រួយបារម្ភ​ថា​គ្រោះមហន្តរាយ​ទឹកជំនន់​ដែល​កំពុង​វាយលុក​មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន​អាច​នឹង​បង្ក​ជា​ជំងឺឆ្លង​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​ផង​នៅពេល​ខាងមុខ។ បញ្ហា​ធំ​បច្ចុប្បន្ន​ក្រៅពី​ការ​រាតត្បាត​នៃ​ជំងឺឆ្លង អាជ្ញាធរ​មិនអាច​ធ្វើដំណើរ​ទៅដល់​តំបន់​មួយ​ដែលមាន​រស់នៅ​ប្រជាជន​នោះ​ព្រោះ​ទឹក​ជំនាន់​កើន​ខ្លាំង។ ប្រជាជន​មី​យ៉ាន់​ម៉ា​ប្រហែល២សែន​នាក់​រងគ្រោះ ក្នុងនោះ​មាន​មនុស្ស​ជាង៥០នាក់​ផងដែរ​បាន​ស្លាប់​ដោយសារ​គ្រោះមហន្តរាយ​នេះ។


 
ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​ស្រោចស្រព​តំបន់​មួយចំនួន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ខណៈពេលដែល​ទឹកទន្លេ​បន្ត​កើន​កម្ពស់​ជន់​លិច​តំបន់​ជាច្រើន​ផង។ប្រជាជន​ច្រើន​ម៉ឺន​នាក់​ត្រូវបាន​គេ​ជម្លៀស​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ហើយ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​កំពុង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ទឹកជំនន់។ យោងតាម​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ប្រជាជន​រងគ្រោះ​ដោយសារ​ទឹកជំនន់​បច្ចុប្បន្ន​កើនឡើង​ដល់ ២សែន​នាក់ ហើយ​ក្នុងនោះ​មាន​ប្រហែល៥០នាក់​ផងដែរ​បាន​ស្លាប់បាត់​បង់ជីវិត។ ផ្ទះសម្បែង ផ្លូវ និង​ស្ពាន​ជាច្រើន​រង​ការបំផ្លិចបំផ្លាញ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​នេះដែរ។
 
រដ្ឋមន្ត្រី​សំណង់​មី​យ៉ាន់​ម៉ា Kyaw Lwin បាន​ឲ្យ​ដឹងថា ប្រជាជន​ជាច្រើន​បាត់បង់​ទ្រព្យសម្បត្តិ ប៉ុន្តែ​ក្រុមការងារ​របស់លោក​ប្រឹងប្រែង​ដើម្បី​ជម្លៀស​ប្រជាជន​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព និង​ផ្តល់​ជម្រក​សម្រាប់​ពួកគាត់​ស្នាក់នៅ​ផងដែរ។ លោក​សង្កត់ធ្ងន់ថា គ្រោះមហន្តរាយ​ទឹកជំនន់​បច្ចុប្បន្ននេះ​ធ្ងន់ធ្ងរ​ខ្លាំង ដែល​មី​យ៉ាន់​ម៉ា​មិន​ធ្លាប់​ជួបប្រទះ​ពីមុន​ឡើយ តែ​លោក​សន្យាថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​ប្រជាជន​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់។
 
បញ្ហា​ប្រឈម​ធំ​បច្ចុប្បន្ន​គឺ ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ ស្បៀងអាហារ​និង​សម្ភារៈប្រើប្រាស់​ចាំបាច់​ផង។ ហើយ​អាជ្ញាធរ​និង​ក្រុម​សង្គ្រោះ​ក៏​មិនអាច​ធ្វើដំណើរ​ទៅកាន់​តំបន់​ខ្លះ​ដែរ​ព្រោះតែ​ទឹកជំនន់​ជន​លិច​ខ្លាំង​និង​បំផ្លាញ​ផ្លូវ​អស់​ជាច្រើន​ដែរ។ អ្នកជំនាញ​ព្រមាន​ថា លទ្ធភាព​នៃ​ការកើតឡើង​នៃ​ជំងឺឆ្លង​ព្រោះតែ​ទឹកជំនន់​នេះ​កើនឡើង​ខ្លាំង បើ​ភ្លៀង​បន្ត​ធ្លាក់ ហើយ​ប្រជាជន​ប្រឈម​ការខ្វះខាត​ទឹកស្អាត​ដើម្បី​ប្រើប្រាស់​ទៀត។ នេះ​មានន័័យថា អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ចាំបាច់​ត្រូវ​ត្រៀមលក្ខណៈ និង​មធ្យោបាយ​នានា​ដើ​ម្ប​ទប់ស្កាត់​គ្រោះ​មហន្ត​ជំងឺឆ្លង​នេះ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់។ 
 
បច្ចុប្បន្ន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា​កាកបាទក្រហម​មី​យ៉ាន់​ម៉ា និង​អង្គការសហប្រជាជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈមធំៗដែល​បង្ក​មកពី​គ្រោះទឹកជំនន់​នេះ។ ជុំវិញ​ការសង្គ្រោះ​ប្រជាជន​មី​យ៉ាន់​ម៉ា​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ប្រធាន​កាកបាទក្រហម​មី​យ៉ាន់​ម៉ា​លោក Tha Hla Shwe ស្ថាប័ន​លោក​កំពុង​គិតគូ​ថា​នឹង​ជួយ​ផ្គត់ផ្គង់​ទឹក ជាពិសេស​ទឹក​សម្រាប់​បរិភោគ​ផង​ដល់​ប្រជាជន​ដែល​រងគ្រោះ​នៅ​តំបន់​ដែល​លិចលង់​ខ្លាំង។ ប៉ុន្តែ​លោក​លើកឡើង​ពី​បញ្ហា​មួយចំនួន​ព្រោះ​ក្រុមការងារ​លោក​ខ្វះខាត​ទូក​សម្រាប់​ធ្វើដំណើរ​ទៅកាន់​តំបន់​លិច​ជន​លិច ព្រោះ​គេ​មិនអាច​ធ្វើដំណើរ​តាម​រថយន្ត​បានឡើយ៕    
 
 

Tag:
 ​មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com