លី ដាណាម ឆ្លៀតពេលពីអ៊ុតសក់ ទៅថតកុន
13, Aug 2015 , 9:09 am        
រូបភាព
ដោយ:
ភ្នំពេញ៖តារាសម្តែងរូបស្រស់សោភា នាង លី ដាណាម ក្រៅពីមានការងារសម្ដែងភាពយន្តហើយនោះ នាងក៏កំពុងប្រកបរបរអ៊ុតសក់មួយទៀតផងដែរ នៅហាងដែលមានយីហោ Pretty Salon ក្បែរវត្តសន្សំកុសល។ 


 
តារារាងស្ដើងរូបនេះបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា “ដល់ពេលសម្ដែង ខ្ញុំទៅសម្ដែង ហើយបើទំនេរទៅអ៊ុតសក់ស៊ីភាគរយពីម្ចាស់ហាង ដើម្បីយកបទពិសោធន៍” ។ តួសម្ដែងរឿងរបស់កម្មវិធី “ឡូយ៩” បន្តទៀតថា នាងបានប្រឡូកក្នុងសិល្បៈជិត១ឆ្នាំប៉ុណ្ណោះ ទាំងមិនបានគ្រោងទុកជាមុន ពោលគឺ មានអ្នកស្គាល់គ្នាម្នាក់បានណែនាំឱ្យនាងចូលថតកុន ដោយគេយល់ថា សម្រស់របស់នាងអាចទទួលយកបាន។
 
ជាលទ្ធផលមួយរយៈនៃការប្រឡូកសិល្បៈនេះ នាងបានចូលរួមសម្ដែងរឿងរបស់កម្មវិធី “ឡូយ៩” ចំនួន២ រឿង និងបទចម្រៀងឱ្យផលិតកម្មមួយចំនួន ព្រមទាំងការបង្ហាញម៉ូដនានា តាមរយៈអ្នករួមអាជីពបានណែនាំ។
 
នាងបន្ថែមឲ្យដឹងថា “ការពិតទៅគោលបំណងចម្បងរបស់ខ្ញុំនោះ គឺបើកហាងសាឡនមួយសមស្របតាមជំនាញផ្ទាល់តែម្ដង” ។ តារាស្រីដែលមានប្រភពពីខេត្តកោះកុងរូបនេះបានបន្ថែមទៀតថា នឹងបើកហាងសាឡនល្មមមួយនៅភ្នំពេញឆាប់ៗនេះ ដោយមានការជ្រោមជ្រែងពីឪពុកម្ដាយនៅខេត្ត។ 
 
តារាវ័យ២០ឆ្នាំរូបនេះអះអាងថា នាងនឹងនៅតែបន្តអាជីពសិល្បៈដដែល រួមទាំងច្រៀង និងសម្ដែង បើទោះបីជាទៅថ្ងៃមុខហាងសាឡនរបស់នាងបានទទួលជោគជ័យយ៉ាងណាក៏ដោយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com