អន្តរជាតិ
មួយថ្ងៃ​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​បាងកក
18, Aug 2015 , 9:50 am        
រូបភាព
ដោយ: ថ្មីៗ
 
 
កញ្ញា ខន ចំប៉ា អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មានថ្មីៗ បាន​ផ្តិត​រូបភាព​នៅ​ទីកន្លែង​ដែលមាន​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីសក្ការៈ​សាសនា​ហិណ្ឌូ Erawan ក្នុង​តំបន់​ទេសចរណ៍ និង​ពាណិជ្ជកម្ម Ratchaprason កណ្តាល​ទីក្រុង​បាងកក កាលពី​ល្ងាច​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ។

 
ចំប៉ា ស្ថិតក្នុង​ចំណោម​អ្នកកាសែត១៩នាក់​មកពី​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ដែល​កំពុង​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​ពី​ប្រព័ន្ធ​ផ្សាយ​អាស៊ាន​ក្នុង​ទីក្រុង​បាងកក ដោយនៅ​សណ្ឋាគារ​ក្បែរ​តំបន់​កើតហេតុ។ នា​អំឡុង​នៃ​ការផ្ទុះ អ្នករៀបចំ​កម្មវិធី​មិនបាន​អនុញ្ញាត​ឲ្យ​អ្នកកាសែត​ទាំងនោះ ចេញទៅ​ក្រៅ​ឡើយ​ដោយ​ព្រួយបារម្ភ​ពី​សុវត្ថិភាព។
 
នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ អ្នកយកព័ត៌មានថ្មីៗ បាន​ទៅ​ផ្តិត​យក​រូបភាព​នៅ​តំបន់​កើតហេតុ និង​បាន​សាកសួរ​ព័ត៌មាន​មួយចំនួន​ពី​មន្ត្រីប៉ូលិស។ មន្ត្រីប៉ូលិស​បាន​អះអាងថា ចំនួន​អ្នកស្លាប់​អាចមាន​ការកើនឡើង​ដោយសារតែ​ស្ថានភាព​របស់​អ្នករងរបួស​មាន​លក្ខ​ណៈ​ធ្ងន់ធ្ងរ​កាន់តែច្រើន។
 
យោងតាម​តុល្យការ​ចុងក្រោយ អ្នកស្លាប់​មាន​ចំនួន២២នាក់ និង​អ្នករបួស១០០នាក់។ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​អះអាង មកដល់​ពេល​មិនទាន់​មានការ​បញ្ជាក់ថា ជនជាតិខ្មែរ​ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​នោះឡើយ៕

Tag:
 ផ្ទុះ​គ្រាប់បែក​នៅ​បាងកក
© រក្សាសិទ្ធិដោយ thmeythmey.com