សង្គមអន្តរជាតិ​
អន្តរជាតិ
កូន​ទាំងបី​របស់ Michael Jackson ចាយលុយ​មរតក​ខ្ជះខ្ជាយ ដើម្បី​រស់នៅ​ដូចជា​ស្តេច
23, Aug 2015 , 9:40 am        
រូបភាព
ដោយ: ធីតា
កាល Michael Jackson មានជីវិត​រស់នៅ គាត់​មិនដែល​ទុក​ឲ្យ​កូន​ទាំងបី​រស់នៅក្នុង​ជីវិត​ខ្វះខាត​ទេ។ គាត់​បាន​ទម្លាប់​ឲ្យ​កូន​រស់នៅក្នុង​ជីវភាព​ដ៏​ប្រណីត និង​ចាយវាយ​លុយ​ខ្ជះខ្ជាយ​ដូច​ទឹក​ហូរ។ បើតាម​តួលេខ​ខ្ទង់ចំណាយ​កាលពី​ពីរ​ឆ្នាំមុន ដែល​ផ្តល់​ដោយ​មេធាវី​រក្សា​មរតក​របស់​អតីត​តារាចម្រៀង​នេះ ទាយាទ​ទាំងបី​បាន​ចាយប្រាក់​អស់​ជិត ៤,៥ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។

 
Prince អាយុ ១៨ ឆ្នាំ, Paris អាយុ ១៦ ឆ្នាំ និង Bigi អាយុ ១៣ ឆ្នាំមាន​ជីវិត​រស់នៅ​ប្រកបដោយ​ផាសុកភាព។ ពួកគេ​ទាំងបី​ត្រូវបាន​ចិញ្ចឹម​បីបាច់​ដោយ​ជីដូន អាយុ ៨៥ ឆ្នាំ ហើយ​ពួកគេ​មិន​ធ្លាប់​ខ្វះខាត​អ្វី​ឡើយ។ ពេលដែល​ឪពុក​បាន​ស្លាប់​នៅ​ឆ្នាំ ២០០៩ ឪពុក​រូបនេះ​បាន​បន្សល់ទុក​នូវ​មរតក​ចំនួន ២៧៣ លាន​ដុល្លារ។ ក្មេង​ទាំងបី​ត្រូវ​ចំណាយ ៤,៥ លាន​ក្នុង​មួយឆ្នាំ ដែល​មួយ​ភាគ​ធំ​បាន​ចាយ​ទៅលើ​ការសិក្សា។ បង​ទាំងពីរ​រៀន​នៅ Buckley High School ដែល​គ្រាន់តែ​ថ្លៃ​ចុះឈ្មោះ​គឺ​ត្រូវ​បង់​ជិត ៨ ម៉ឺន​ដុល្លារ។ បើទោះបីជា Prince នឹង​ឈប់រៀន​នៅ​សាលា​នេះ ពេលណា​ដែល​គេ​បញ្ចប់​ការសិក្សា​ក៏ដោយ ក៏​ការចំណាយ​មិន​ត្រូវបាន​កាត់បន្ថយ​ដែរ ព្រោះថា​ប្អូនប្រុស​ពៅ​រៀន​នៅ​សាលា​សម្រាប់​ជន​វៃឆ្លាត ដែល​ត្រូវ​ចំណាយ​ជាង ៣ ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ។
 
ក្រៅពី​ការសិក្សា ពួកគេ​ចាយលុយ​យ៉ាង​សម្បើម​ដើម្បី​ជីវិត​សុខ​ស្រួល ដូចជា​ជួល​ផ្ទះ​ដ៏​មាន​ផាសុកភាព​ដែលមាន​តម្លៃ​ជាង ៤៥ ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ និង​ប្រាក់ខែ​បុគ្គលិក​សម្រាប់​ចាំ​បម្រើ​ឆ្វេង​ស្តាំ​ដែល​ប្រហាក់ប្រហែល​នឹង​ថ្លៃ​ជួល​ផ្ទះ​ដែរ នេះ​បើតាម​គេហទំព័រ Femalefirst ។
 
ចំពោះ​ការកម្សាន្ត ទាយាទ​ទាំងបី​តែងតែ​ស្វែងរក​នូវ​ដំណើរ​កម្សាន្ត​ប្រកបដោយ​ប្រណីតភាព​នៅ​ជុំវិញ​ពិភពលោក និង​ការចាយវាយ​ដ៏​សម្បើម​សម្រាប់​ប្រារព្ធ​ពិធី​ខួបកំណើត​ជាដើម។ នៅ​អាយុ ៣៣ ឆ្នាំ ទាយាទ​ទាំងនេះ​នឹងត្រូវ​ទទួលបាន​ប្រាក់​ពាក់កណ្តាល​នៃ​ចំណែក​មរតក​របស់​ខ្លួន ហើយ​ពាក់កណ្តាល​ទៀត នៅ​អាយុ ៤០ ឆ្នាំ​ប្រសិនបើ​មរតក​នៅ​សេសសល់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com