សង្គមអន្តរជាតិ​
អន្តរជាតិ
ឥណ្ឌា៖ សត្វ​សេក​ពូកែ​ជេរ​មួយ​ក្បាល​ត្រូវ​នាំខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលិស
23, Aug 2015 , 9:20 pm        
រូបភាព
ដោយ: ធីតា
ប៉ូលិស​នៅ​ទីក្រុង Rajura ប្រទេស​ឥណ្ឌា បាន​ចាប់ខ្លួន និង​ឃុំខ្លួន​សត្វ​សេក​មួយ​ក្បាល​ដែល​បាន​ជេរប្រមាថ​លោកយាយ​អាយុ ៨៥ឆ្នាំ​ម្នាក់។

 
នៅ​ទីបំផុត ពាក្យបណ្តឹង​របស់លោក​យាយ​មាន​ប្រសិទ្ធភាព​ហើយ។ គាត់​បានដាក់​ពាក្យបណ្តឹង​បី​ដង​ហើយ ក្នុងអំឡុងពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារតែ​មិនអាច​ទ្រាំ​នឹង​ពាក្យ​ជេរប្រមាថ​របស់​សត្វ​សេក​ដែល​ចេះ​ប្រើពាក្យ​អាសគ្រាម​បាន​យ៉ាង​ស្ទាត់ជំនាញ។
 
ស្ត្រី​ដើមបណ្តឹង​បាន​និយាយថា៖ « ប៉ូលិស​បាន​កោះហៅ​ខ្ញុំ សត្វ​សេក និង​ម្ចាស់​របស់​វា​ទៅ​ប៉ុស្តិ៍។ ប៉ូលិស​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត ហើយ​ចាប់ខ្លួន​អា​សេក​នោះ »។
 
តាមពិតទៅ វា​ជា​ជម្លោះ​រវាង​ម្តាយក្មេក និង​កូនប្រសា​ប្រុស​ដែលជា​ម្ចាស់​សេក​សោះ។ តែ​បែរជា​នាំទុក្ខ​ដល់​សត្វ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ទៅវិញ។ ម្តាយក្មេក និង​កូនប្រសា​បាន​ម្លោះ​ប្រកែក​គ្នា​រឿង​ដីធ្លី។ ក្រោយមក បុរស​ជា​កូនប្រសា​ក៏បាន​បង្រៀន​សេក​របស់ខ្លួន​ឲ្យ​ជេរ​ម្តាយក្មេក។ សត្វ​សេក​ដ៏​ឆ្លាត​វៃ​ក៏​ជេរប្រមាថ​លោកយាយ​មិន​ឈប់ឈរ នៅ​រាល់​ពេលដែល​វា​ឃើញ​ស្ត្រី​រូបនេះ។
 
ប៉ូលិស​មិនអាច​សួរចម្លើយ​សេក​ថា តើ​វា​ពិតជា​បាន​ជេរ​ស្ត្រី​ដើមបណ្តឹង​ឬ​យ៉ាងណាទេ។ ដូច្នេះ មានតែ​រង់ចាំ​សង្កេត​មើលថា តើ​វា​ពិតជា​ចេះ​ជេរ​មែន​ឬទេ។ លោក​អធិការ​ប៉ូលិស​នៅ​ទីក្រុង Rajura បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា៖ « យើង​បាន​សង្កេតមើល​វា​ដោយ​យកចិត្តទុកដាក់ ប៉ុន្តែ​វា​មិន​និយាយ​អ្វី​ទាល់តែសោះ ក្រោយពី​ប្រឈមមុខ​ជាមួយ​ដើមបណ្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស​មក »។
 
បើទោះបីជា​គ្មាន​ភស្តុតាង​ដាក់បន្ទុក​លើ​សត្វ​សេក​ក៏ដោយ ប៉ូលិស​បានសម្រេច​ចិត្ត​ប្រគល់​វា​ទៅ​ឲ្យ​ក្រុម​អភិរក្ស​សត្វព្រៃ តាម​ការស្នើសុំ​របស់​ដើមបណ្តឹង៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com