សង្គមអន្តរជាតិ​
អន្តរជាតិ
ជប៉ុន​ក្តៅក្រហាយ​ខ្លាំង​ព្រោះ​វត្តមាន​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លើ​កោះ​ជម្លោះ​គូ​រី​ល
23, Aug 2015 , 7:40 pm        
រូបភាព
នាយករដ្ឋមន្ត្រី​រុស្ស៊ី ឌី​មី​ទ្រី មេ​វេ​ដេ​វ បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រជុំ​កោះ​គូ​រី​ល (Kuril) កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ។ ដំណើរ​ទស្សនកិច្ច​រប​ស់​មន្ត្រី​កំពូល​រុស្ស៊ី​លើ​កោះ​ជម្លោះ​ជាមួយ​ជប៉ុន​បានធ្វើ​ឲ្យ​រដ្ឋា​ភិ​បា​លោក ស៊ីន​ហ្សូ​អា​បេ ក្តៅក្រហាយ​ដេក​មិន​លក់ ចេញមុខ​រិះគន់​រុស្ស៊ី​ផងដែរ។


 
ម្សិលមិញ​នេះ​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​លោក ឌី​មី​ទ្រី មេ​វេ​ដេ​វ បានធ្វើ​ដំណើរ​ទៅកាន់​កោះ Iturup ដែលជា​តំបន់​ទេ​ចរណ៍​ល្បីល្បាញ់​ស្ថិតក្នុង​ប្រជុំ​កោះ​ជាប់​ជម្លោះ​ជាមួយ​ជប៉ុន គូ​រី​ល។ កោះ​ខាងលើ​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន និង​ភាគ​ខាងកើត​ឆ្នេរ​របស់​រុស្ស៊ី។ គេ​ឃើញ​មេដឹកនាំ​រុស្ស៊ី​ខាងលើ​ទៅ​ទស្សនា​ទីតាំង​ហ្វឹក​ហ្វឺ​យោធា​រុស្ស៊ី​នៅលើ​កោះ ផងដែរ។ ប៉ុន្តែ​រឿង​មិនអាច​ចៀសផុត​គឺ វត្តមាន​មន្ត្រី​កំពូល​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​បានធ្វើ​ឲ្យ​ជប៉ុន​ក្តៅក្រហាយ​ខ្លាំង​មែនទែន។ 
 
ដំណើរ​ទស្សនកិច្ច​រប​ស់លោក មេ​វេ​ដេ​វ បាន​បង្ខំ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​ជ​ប៉ុន លោក Fumio Kishida ពន្យារពេល​ទស្សនកិច្ច​នៅ​រុស្ស៊ី​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ដែល​បានគ្រោង​ទុក​មកជា​យូរ​មកហើយ​នោះ។ ប្រភព​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់ថា ប្រមុខ​ការទូត​ជប៉ុន​ត្រៀមលក្ខណៈ​ដើម្បី​ជួប​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ​ពូ​ទីន ដើម្បី​ជជែក​ពិភាក្សា​បញ្ហា​ជម្លោះ​ដែន​កោះ​ដែល​អូសបន្លាយ​មក​អស់​ពេល​ជា​យូរ​ជាង៧ទសវត្ស​មកហើយ​នោះ។ ការជជែក​ពិភាក្សា​ដើម្បី​ដោះស្រាយ​ជម្លោះ​ចេះតែ​ប្រឈម​ឧបសគ្គ ហើយ​ភាគី​ទាំងពីរ​ចេះតែ​បន្ត​ពន្យារពេល​រហូតដល់​ពេល​បច្ចុប្បន្ន។ កោះ​ទាំង​ប៉ុន្មាន​ដែល​ប្រទេសជិតខាង​ទាំងពីរ​ដណ្តើម​គ្នា​នោះ ដើមឡើយ​ត្រូវ​ជប៉ុន​កាន់កាប់ ប៉ុន្តែ​ក្រោយ​ជប៉ុន​ចាញ់​សង្គ្រាមលោកលើកទី២ សហភាពសូវៀត​ដណ្តើម​មកកាន់​កាប់​វិញ ។
 
កន្លងមក​ដោយសារតែ​ជម្លោះ​ដែន​កោះ​នេះ​បានធ្វើ​ឲ្យ​ជប៉ុន​និង​រុស្ស៊ី​ប្រឈមមុខ​ដាក់គ្នា ហើយ​ជម្លោះ​នេះ​ទៀតសោត​រារាំង​ភាគី​ទាំងពីរ​មិន​ឲ្យ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​តាំងពី​ក្រោយ​សង្គ្រាមលោកលើកទី​ពីរ​មកម្ល៉េះ​នោះ។
 
ក្រៅពី​ប្រកាស​ពន្យារ​ដំណើរទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ខាងលើ ជប៉ុន​ក៏​កោះ​ហោះ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​ជប៉ុន​ដើម្បី​សួរនាំ​និង​បង្ហាញ​ការតវ៉ា​រឿង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​ជម្លោះ​នេះដែរ។ Hajime Hayashi ប្រធាន​ផ្នែក​កិច្ចការ​អឺរ៉ុប​នៃ​ក្រសួងការបរទេស​ជប៉ុន​បាន​ថ្លែងថា សកម្មភាព​របស់​រុស្ស៊ី​នៅពេលនេះ​នៅលើ​ទឹកដី​ភាគ​ខាងជើង (ជប៉ុន​ហៅ​បែបនេះ) វា​ផ្ទុយស្រឡះ​ពី​ឆន្ទៈ​របស់​ជប៉ុន​ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះ និង​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​ឈឺចាប់​ជាខ្លាំង។ លោក​បាន​បន្ថែមថា លោក​ពិតជា​សោកស្តាយ​ជាខ្លាំង​ដែល​រុស្ស៊ី​បន្តធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​នៅលើ​កោះ​ដែល​កំពុងមាន​ជម្លោះ​នេះ។ 
 
យ៉ាងណា​ក៏ដោយចុះ​នាយ​រដ្ឋមន្ត្រី​រុស្ស៊ី​បាន​ទាត់ចោល​ការរិះគន់​និង​ព្រួយបារម្ភ​របស់​ជប៉ុន ដោយ​លោក​បញ្ជាក់ថា​លោក​នឹង​បន្តទៅ​ទស្សនកិច្ច​នៅលើ​កោះ​គួ​រី នេះ​ទៀត​នៅពេល​ខាងមុខ។ លោក​បាន​សង្កត់ធ្ងន់ថា៖« យើង​ចង់​ធ្វើជា​មិត្ត​ជាមួយ​ជប៉ុន ហើយ​ជប៉ុន​ជា​មិត្ត​ជិតខាង​របស់​យើង។ ប៉ុន្តែ​វា​គ្មាន​ទាស់ខុស​អ្វី​គ្រាន់​ទៅ​ទស្សនកិច្ច​នៅ​កោះ គូ​រី​ល​ដែលជា​កោះ​របស់​រុស្ស៊ី​និង​ស្ថិតក្នុង​អធិបតេយ្យ​របស់​រុស្ស៊ី​ក្នុង​តំបន់ Sakhalin (រុស្ស៊ី​ដាក់ឈ្មោះ​បែបនេះ)»។
 
តាមពិតទៅ​កន្លងមក​រុស្ស៊ី​រៀបចំ​សេចក្តីព្រៀង​គម្រោង​អភិវឌ្ឍន៍​កោះ​គូ​រី​ល​ដែល​ជាប់​ជម្លោះ​ជាមួយ​ជប៉ុន​រយៈពេល១០ឆ្នាំ ចាប់ផ្តើម​ពី​ឆ្នាំ ២០១៦ដល់​ឆ្នាំ ២០២៥ឯណោះ។ គម្រោង​ថ្មី​ជា​គម្រោង​របស់​រដ្ឋាភិបាល​សហព័ន្ធ ហើយ​វា​កំពុង​ស្ថិតក្រោម​ការសិក្សា​នៅឡើយ។ រុស្ស៊ី​ប្រហែលជា​ត្រូវ​ចំណាយ​ថវិកា​សរុប​រហូតដល់ ១.២២ពាន់​លាន​ដុ​លា្ល​រ​ដើម្បី​សម្រេច​គម្រោង​រយៈពេល១០ឆ្នាំ។ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថា​ផែនការ​រយៈពេល១០ឆ្នាំ​របស់​រុស្ស៊ី​ដើម្បី​អភិវឌ្ឍ​ប្រជុំ​កោះ​នេះ មាន​អ្វីខ្លះ​ទេ ប៉ុន្តែ​វា​មិនមាន​អ្វី​ក្រៅពី​ការសាងសង់​សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​ផង។ 
 
ក្រៅពី​ផ្តោតលើ​ការអភិវឌ្ឍន៍​កោះ ដោយ​សាងសង់​សំណង់ ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ក៏​ព្យាយាម​បង្កើន​សមត្ថភាព​យោធា​របស់​កងទ័ព​ដែល​កំពុង​កាន់កាប់​កោះ​ជម្លោះ​នេះ។ ជាពិសេស​ក្រោយ​រុស្ស៊ី​ក្រសោប​យក​ឧបទ្វីប Crimea ពី​អ៊ុយ​ក្រែ​ន រុស្ស៊ី​ចាប់​ផ្តើមធ្វើ​ទំនើបកម្ម​កងទ័ព​នៅ​កោះ និង បញ្ជូន​សព្វាវុធ​ច្រើនសន្ធឹក​សន្ធាប់​ទៅកាន់​កោះ​នេះ​ផងដែរ។  តាមពិតទៅ រុស្ស៊ី​ខឹង​ជប៉ុន ដែល​ហ៊ាន​ដាក់ទណ្ឌកម្ម​ប្រឆាំង​ខ្លួន ក្រោយ​ជម្លោះ​អ៊ុយ​ក្រែ​ន​កើតឡើង​ក្នុង​ពី​ខែ​មិនា​ឆ្នាំ២០១៤ កន្លងទៅ។
 
សូមបញ្ជាក់ថា ប្រទេស​ទាំងពីរ​កន្លង​មក​ធ្លាប់​ព្យាយាម​ស្តារ​ចំណង​ការទូត កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ នយោបាយ និង​សេដ្ឋកិច្ច​ផងដែរ។ ឆន្ទៈ​ស្តារ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ស្តែងឡើង​តាម​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ីន​ហ្សូ អា​បេ កាលពី​ឆ្នាំ ២០១៣ ទៅកាន់​ប្រទេស​រុស្ស៊ី៕
 

Tag:
 ជប៉ុន
 រុស្ស៊ី
 គូរីល
© រក្សាសិទ្ធិដោយ thmeythmey.com