ជាតិ
ពីនេះ ពីនោះ
​​​ន​យោ​បាយ​ជាតិ​
គណបក្សនយោបាយ​ថ្មី​បង្កើត​ច្រើន​ធ្វើអោយ CPP សប្បាយ​ផង និង​ភ័យ​ផង…
26, Aug 2015 , 12:11 pm        
រូបភាព
ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០១៧ និង​ការបោះឆ្នោតជាតិ​ឆ្នាំ២០១៨ខាងមុខ​មិនទាន់​មកដល់​មែន។ ប៉ុន្តែ គណបក្សនយោបាយ​ជាប់ឆ្នោត​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ធ្វើ​សកម្មភាព​នយោបាយ​រប​ស់​ខ្លួន​យ៉ាង​សស្រាក់សស្រាំ​រួចទៅហើយ ផ្ទុយ​ពី​អាណត្តិមុនៗដែល​បក្សនយោបាយ​ចាប់ផ្តើម​រក​សំឡេងឆ្នោត​តែ​ក្នុងអំឡុងពេល៦ខែ​មុន​ការបោះឆ្នោត​ប៉ុណ្ណោះ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គណបក្ស​បង្កើត​ថ្មី​ក៏មាន​ច្រើន​ដែរ។ គណបក្ស​ថ្មី​ទាំងនោះ ជារួម​មាន៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់លោក យ៉ង សាំង​កុមារ នាយក​អង្គការ​សេ​ដាក់, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់លោក ម៉ម សូណង់ដូ, គណបក្ស​ខ្មែរ​សាមគ្គី របស់លោក​អ្នកស្រី ឡាក់ សុភាព, គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ របស់លោក សួន សេរី​រដ្ឋា, និង​អាចមាន​គណបក្ស​តូចផ្សេងៗទៀត។

 

 
គិត​មួយ​ភ្លែត គេ​អាច​និយាយបានថា បក្សតូចៗបង្កើតឡើង​ថ្មី​នេះ អាច​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ អ្នកគាំទ្រ​គណបក្សតូចៗទាំងនោះ ភាគច្រើន​ខឹងសម្បារ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិនបាន​គោរព​ពាក្យសន្យា​របស់ខ្លួន។ 
 
ជា​ក្រិ​ត្យក្រម​សត្យានុ​ម័ត ប្រសិនបើ​គណបក្សតូចៗទាំងនេះ​ស្ថិតនៅ​ដាច់ និង​បែក​ពីគ្នា​យ៉ាងនេះ​គណបក្សតូចៗពិតជា​អាច​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ​មែន ហើយ​វា​អនុញ្ញាតអោយ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត​យ៉ាង​ស្រួល​នៅ​ឆ្នាំ២០១៧ និង២០១៨ ។ ប៉ុន្តែ នយោបាយ​គេ​មិនអាច​ទស្សន៍ទាយ​ជាមុន​បានឡើយ មានន័យថា ចៃដន្យ គណបក្សតូចៗទាំងនោះ មក​ចង​ជា​សម្ព័ន្ធ ឬ​រំលាយ​បញ្ចូល​គ្នា​ដោយ​ល័ក្ខខ័ណ្ឌ​ណាមួយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ មុនពេល​បោះឆ្នោត​នោះ នោះ​គណបក្ស​ប្រឆាំងនឹង​កាន់​តែមាន​ឥទ្ធិពល​អាច​ដណ្តើមយក​ជោគជ័យ​លើ​បក្ស​ប្រជាជន​កម្ពុជា​បាន។ ភាព​ចៃដន្យ​នេះ ធ្លាប់បាន​កើតឡើង​រួចទៅហើយ​រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ដែល​រួមគ្នា​បង្កើតជា​គណបក្ស​ស​ង្គ្រោះ​ជាតិ​មុន​ការបោះឆ្នោត​ឆ្នាំ២០១៣ ។
 
ភាព​ចៃដន្យ​ដដែល​នេះ បានធ្វើអោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​សំឡេង​ពី៩០កៅអី​នៅ​អាណត្តិ១៩៩៨-២០១៣ មក​នៅត្រឹមតែ៦៨កៅអី​ប៉ុណ្ណោះ​សម្រាប់​អាណត្តិ២០១៣-២០១៨ ។ 
សរុបសេចក្តី​មក ស្ថានភាព​គណបក្ស​តូច​បង្កើត​ច្រើន អាចជា​សញ្ញា​អាក្រក់​ផង និង​ល្អ​ផង​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​កាន់អំណាច​អស់​រយៈពេល​ជាង៣០ឆ្នាំ​មកហើយ​នោះ៕ 
 

Tag:
 នយោបាយ
  បក្ស
© រក្សាសិទ្ធិដោយ thmeythmey.com