សង្គមអន្តរជាតិ​
អន្តរជាតិ
ឃាតករ​សម្លាប់​អ្នកកាសែត​ចោទ​ទូរទស្សន៍ WDBJ7 ថា​រើសអើង​ពូជសាសន៍
27, Aug 2015 , 10:02 am        
រូបភាព
ដោយ:
 
នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​ក្រុង​Roanoke ក្នុង​រដ្ឋ Virginia សហរដ្ឋអាមេរិក អ្នកសារព័ត៌មាន​ពីរ​នាក់ មកពី​ទូរទស្សន៍​ក្នុងស្រុក ប៉ុស្តិ៍ WDBJ7 ត្រូវបាន​ឃាតករ​បាញ់សម្លាប់​ក្នុងពេល​ពួកគេ​កំពុង​សម្ភាស​ស្ត្រី​ម្នាក់។ ឃាតករ​បាន​ស្លាប់​ដោយ​រងរបួស នៅពេល​រសៀល​ថ្ងៃ​ពុធ។ ឃាតករ​បាន​ថត​រូបភាព​សកម្មភាព​ឧក្រិដ្ឋ​ខ្លួន និង​បាន​យកទៅ​បង្ហោះ​តាម​បណ្តាញ​សង្គម។ សេត​វិមាន​បាន​អំពាវនាវ​អោយ​សភា​ធ្វើ​ច្បាប់​ដើម្បី​គ្រប់គ្រង​ការលក់​និង​ការប្រើប្រាស់​អាវុធ​ក្នុងស្រុក។

 
អ្នកសារព័ត៌មាន​រង​គ្រោះ​ទាំង២រូប​មកពី​ទូរទស្សន៍​ក្នុងស្រុក ប៉ុស្តិ៍ WDBJ7 ម្នាក់​ជា​ស្ត្រី​អាយុ២៤ឆ្នាំ ឈ្មោះ​Alison Parker។ ម្នាក់ទៀត គឺ​លោក Adam Wardជា​អ្នក​ថតរូប​ភាព អាយុ២៧ឆ្នាំ។ ឃាតករ​ដែល​បាញ់សម្លាប់​អ្នកសារព័ត៌មាន​ទាំង២រូប ជា​បុរស​ជនជាតិ​ស្បែក​ខ្មៅ មាន​ឈ្មោះថា Vester Lee Flanagan II អាយុ៤១ឆ្នាំ។ ឃាតករ​ក៏​ធ្លាប់​បំរើ​ការអោយ​ទូរទស្សន៍ប៉ុស្តិ៍ WDBJ7នេះដែរ ហើយ​មុន​ស្លាប់​ជននេះ​ចោទថា​ទូរទស្សន៍​នេះ​រើសអើង​ពូជសាសន៍។ 
 
ហេតុការណ៍​បានកើត​ឡើង ចំពេល​ប៉ុស្តិ៍ WDBJ7កំពុង​ផ្សាយ​បន្ត​ផ្ទាល់។ Alison Parkerកំពុង​ឈរ​ញញឹម​សម្ភាសន៍​ស្ត្រី​ម្នាក់។ ប៉ុន្តែ គ្មាន​អ្នកណាម្នាក់​ចាប់អារម្មណ៍​ថា ឃាតករ​កំពុងតែ​សំដៅ​មក​បាញ់ប្រហារ​ពួកគេ​ឡើយ។ ជា​សំណាងល្អ ស្ត្រី​ដែល​ត្រូវគេ​សម្ភាស មិនបាន​ស្លាប់​ទេ។ គាត់​គ្រាន់តែ​រងរបួស​ប៉ុណ្ណោះ។
 
បុរស​ឃាតករ​បាន​ថតរូប​សកម្មភាព​ខ្លួន និង​បាន​បង្ហោះ​រូបភាព​បាញ់សម្លាប់ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទ្វី​ត​ថឺ​រ។ ប៉ូលិស​បាន​តាម​ចាប់​ឃាតករ​ពេញ​មួយ​ព្រឹក។ នៅ​រសៀល​ថ្ងៃ​ពុធ គេ​បាន​រកឃើញ​ឃាតករ ក្នុង​រថយន្ត​ផ្ទាល់ខ្លួន នៅ​ច្រក​ផ្លូវ​មួយ។ ឃាតករ​បាន​រងរបួស​និង​ស្លាប់​នៅ​មន្ទីរពេទ្យ ដោយសារតែ​គ្រាប់កាំភ្លើង​ខ្លួនឯង​ផ្ទាល់​តែម្តង។
 
គួរបញ្ជាក់​បន្ថែមថា ក្រោយ​បាញ់សម្លាប់​អ្នកសារព័ត៌មាន​ទាំង២រូប​រួចហើយ ឃាតករ​បាន​ផ្ញើ​ហ្វាក់​ទៅ​ទូរទស្សន៍ប៉ុស្តិ៍​ABC ប្រាប់ថា ខ្លួន​ធ្វើបែបនេះ​គឺ​ដោយសារតែ​ទូរទស្សន៍ប៉ុស្តិ៍ WDBJ7 រើសអើង​ពូជសាសន៍​ថា គាត់​ជា​ជនជាតិ​ស្បែក​ខ្មៅ និង​ស្រលាញ់​ភេទ​ដូចគ្នា។ បុរស​ឃាតករ​នោះ​ថែមទាំង​ប្រាប់ទៀតថា ស្ត្រី​អ្នកសារព័ត៌មាន​Alison Parker ធ្លាប់ប្រើ​ពាក្យពេចន៍​រើសអើង​ពូជសាសន៍​ទៀតផង។ 
 
ទូរទស្សន៍ប៉ុស្តិ៍WDBJ7 បាន​បដិសេធ​ការចោទប្រកាន់​របស់​ឃាតករ​ពី​រឿង​រើសអើង​ពូជសាសន៍​ពណ៌​សំបុរ។ ទូរទស្សន៍​ប្រាប់ថា បាន​បណ្តេញ​បុរស​រូបនេះ​ចេញពី​ការងារ​ក្នុង​ឆ្នាំ២០១៣ ដោយសារតែ​បុរស​នេះ​ប្រើ​អំពើហិង្សា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com