ជាតិ
បទវិភាគ
សម្រាម​ស្អុយ​កំពុង​ទាញ​ទម្លាក់​សោភ័ណភាព​ទីក្រុង​ភ្នំពេញ និង​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ
29, Aug 2015 , 8:39 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ទីក្រុង​ស្អាត គឺជា​បំណងប្រាថ្នា​របស់​មនុស្ស​ស្ទើរ​គ្រប់គ្នា។ ប៉ុន្តែ​ដើម្បី​ឲ្យ​ទីក្រុង​មួយ​ស្រស់ស្អាត មិនមែនជា​រឿង​ងាយស្រួល​នោះទេ។ មិន​ងាយស្រួល ពីព្រោះ​ដើម្បី​បង្កើត​ទីក្រុង​មួយ​ដែល​ស្រស់ត្រកាល គឺ​ត្រូវ​ការចូលរួម​ពី​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​នៅក្នុង​សង្គម​ប្រកប ដោយ​ការយល់ដឹង និង​មាន​បេះដូង​ស្រលាញ់​បរិស្ថាន។


សូម​ស្តាប់​បទ​អត្ថាធិប្បាយ​របស់លោក រ៉ឹ​ម ភា​រី៖



ការរស់នៅ​ស្អាត ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់​ឲ្យ​កូន​ខ្មែរ​រៀន តាំងពី​ថ្នាក់​មតេយ្យ​សិក្សា​រហូតមក។ ការរស់នៅ​ដែលមាន​បរិស្ថាន​នៅ​ជុំវិញខ្លួន​ល្អ មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ មាន​ដើមឈើ​ពណ៌​បៃតង​រីក​ដេរដាស គ្មាន​ក្លិនស្អុយ និង​គ្មាន​សំឡេង​រំខាន​ជាដើម គឺ​សុទ្ធសឹង​ជា​ក្តី​ស្រ​ម៉ៃ​របស់​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់បាន។ 
 
ទីក្រុង​ស្អាត ត្រូវបាន​ក្រសួងបរិស្ថាន​និង​ក្រសួង​ទេសចរ បាន​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ជួយ​ថែរក្សា និង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ រហូត​បាន​បង្កើត​ពាក្យ​មួយ​ឃ្លា​ថា ទីក្រុង​ស្អាត រមណី​ដ្ឋា​ន​ស្អាត សេវា​ល្អ ។ ប៉ុន្តែ ការផ្សព្វផ្សាយ​ពាក្យស្លោក​នេះ ហាក់​នៅ​មិនទាន់មាន​ប្រសិទ្ធិភាព​នៅឡើយ ពោលគឺ​រាជធានី​ភ្នំពេញ នៅ​ពោ​ពេញ​ដោយ​គំនរ​សម្រាម ស្ទើរ​គ្រប់​ទីកន្លែង។ នៅតាម​ផ្សារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ សម្រាម​ព្រោងព្រាត ត្រូវបាន​គេ​យកទៅ​ចាក់ចោល នៅមុខ​ផ្សារ​ដោយបាន​ជះក្លិន​ស្អុយ​ដល់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ប្រពល​រដ្ឋ​ដែល​ទៅ​ទិញ​ទំនិញ និង​អ្នក​ដែលមាន​ផ្ទះ​នៅ​ជិត​គំនរ​សម្រាម។ សម្រាម​ទាំងនោះ ពេល​ព្រលឹម​ឡើង​មាន​ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​ប្រមូល​សម្រាម​នៅ​ទូទាំងប្រទេស​កម្ពុជា ក៏បាន​ប្រមូល​យ៉ាង​ទៀត​ទាត់ តែ​ការប្រមូល​មិន​ស្អាត ធ្វើ​ឲ្យ​សំណល់​គំនរ​សម្រាម នៅតែមាន​ក្លិនស្អុយ​ដល់​មនុស្សម្នា​ដែល​ទៅមក និង​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ក្នុង​ផ្សារ។ 
មាន​មូលហេតុ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ សម្បូរ​សម្រាម​ពាសវាល​ពាសកាល​យ៉ាង​ដូច្នេះ។ 
 
មូលហេតុ​ទី១ គឺ​មក​ម​ពី​ប្រជាពលរដ្ឋ​គ្រប់គ្នា មិនទាន់បាន​យល់ដឹង អំពី​សារៈសំខាន់​នៃ​បរិស្ថាន និង​ផលប៉ះពាល់​នៃ​សម្រាម​ស្អុយ។ ម្យ៉ាង មកពី​ពលរដ្ឋ​មួយចំនួន មាន​ទម្លាប់​អាក្រក់ ចោល​សម្រាម​ដោយ​គ្មាន​សណ្តាប់ធ្នាប់។ អ្នកខ្លះ យកស​ម្រាម​ទៅ​ចោល​លើផ្លូវ​សាធារណៈ អ្នកខ្លះ​ចោល​សម្រាម​ក្នុង​ទីផ្សារ និង​កន្លែង​សាធារណៈ​មួយចំនួន​ដូចជា សួនច្បារ សាលារៀន វត្ត​អារាម មន្ទីរពេទ្យ និង​ផ្លូវ​សាធារណៈ​ជាដើម។ ឯ​ពលរដ្ឋ​ខ្លះ មានការ​យល់ដឹង​ច្រើន​អំពី​របៀប​ទុកដាក់​សម្រាម​ដែរ ពួកគេ​មាន​ធុងសម្រាម​ផ្ទាល់ខ្លួន​ដាក់​មុខផ្ទះ​តែម្តងរៀងៗខ្លួន។ សម្រាម​ទាំងឡាយ​ពួកគេ​ដាក់​ក្នុង​ធុង​យ៉ាង​មាន​របៀបរៀបរយ ពេល​ព្រលឹម​ឡើង​ក្រុមហ៊ុន​ស៊ិន​ទ្រី​មក​ប្រមូលយក​ជាធម្មតា។ ប៉ុន្តែ​មាន​អ្នក​រើស​ឬ​អ្នកទិញ​អេតចាយ​មួយចំនួន តែងតែ​មក​កកាយ​ដើម្បី​រក​របស់របរ​អេតចាយ ធ្វើ​ឲ្យ​សម្រាម​ក្នុង​ធុង​នោះ រាយប៉ាយ ជះក្លិន​ស្អុយ ដែល​បង្ក​ដល់​ម្ចាស់ផ្ទះ​រើស​ដាក់​ធុង​សារ​ចុះ​សារ​ឡើង។ ប្រការនេះ ធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន លែង​ដាក់​ធុងសម្រាម​មុខផ្ទះ ហើយ​យក​សម្រាម​ទៅ​ចោល​នៅតាម​ផ្លូវ​ឆ្ងាយ​ពី​ផ្ទះ​របស់ខ្លួន ឬ​នៅ​ទីផ្សារ​ទៅវិញ។ 
 
រីឯ​ពលរដ្ឋ​មួយចំនួន​ផ្សេងទៀត ពេលធ្វើ​ដំណើរ​តាមផ្លូវ បាន​បោះចោល​សម្រាម​តាមផ្លូវ​ជា​ហូរហែ។ អ្នកខ្លះ​ជិះ​សុទ្ធតែ​ឡាន​ថ្មី តម្លៃ​ថ្លៃ តែមាន​ឥរិយាបថ​មិន​សមរម្យ​ទាល់តែសោះ គ្រាន់​បើក​កញ្ចក់​ឡាន​ភ្លាម សម្រាម​ពី​ក្នុង​ឡាន ត្រូវបាន​បាច​ពេ​ស​ពេញ​ថ្នល់។ ឯ​អ្នកជិះ​ទោច​ចក្រយាន​ខ្លះ ខាកស្តោះ គ្មាន​ខ្វល់​ពី​អ្នកដំណើរ​នៅ​ខាងក្រោយ​ខ្លួន​នោះទេ។ 
 
មូលហេតុ​ទី២ គឺ​បណ្តាលមកពី​រដ្ឋាភិបាល​មិនបាន​ធ្វើ​ច្បាប់​ដោយ​ដាក់ពិន័យ​តឹងរ៉ឹង ឬ​បង្កើត​យន្តការ​ណា​ដើម្បី​លុបបំបាត់​គំនរ​សម្រាម​ស្អុយ​នៅក្នុង​ក្រុងភ្នំពេញ។ ពេលខ្លះ ពលរដ្ឋ​មិន​ចង់​បោះចោល        សម្រាម​គ្មាន​សណ្តាប់ធ្នាប់​នោះទេ ប៉ុន្តែ​ជិះ​យានយន្ត​មួយស្របក់​ធំ តាមផ្លូវ​គ្មាន​ធុងសម្រាម​ទាល់តែសោះ។ ការដែល​ពុំមាន​ធុងសម្រាម​នៅតាម​ទីសាធារណៈ​គ្រប់គ្រាន់​នេះហើយ ទើប​ពលរដ្ឋ​គ្មាន​កន្លែង​ដាក់​សម្រាម ក៏​បោះចោល​ឲ្យ​តែ​រួច​តែ​ពី​ដៃ។ មួយវិញទៀត នៅតាម​ទីសាធារណៈ​មួយចំនួន គ្មាន   ប​ង្គ្រ​ន់​អនាម័យ​គ្រប់គ្រាន់ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​គ្មាន​កន្លែង​ជុះនោម ហើយ​ទៅ​បន្ទោបង់​ផ្តេសផ្តាស​នៅតាម​របងខ្ពស់ៗ ឬ​កន្លែងស្ងាត់ៗតាមតែ​អាចធ្វើ​ទៅបាន   បើជា​ទោះបី​កន្លែង​នោះ​មិន​សាក​សម ឬ​ទោះបី​កន្លែង​នោះគេ​ដាក់​អក្សរ​ធំ​ថា ហាម​ឆ្កែ​នោម​ក៏ដោយ តែ​ការ​ជុះនោម​នេះ គ្មាន​នរណា​អាច​បញ្ជា​វា​បាន​នោះទេ អីចឹង​ភាព​ខ្មាសអៀន​មួយចំនួន​ត្រូវ​ទុក​មួយ​ឡែក​សិន​ហើយ។ 
 
មូលហេតុ​ទី៣ គឺ​ដោយសារ ស្ថានភាព​ប្រទេស​កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅឡើយ។ ការសាងសង់​ផ្ទះ អគារ វីឡា បូរី និង​ផ្ទះល្វែង​រីក​ស្អេកស្កះ នៅក្នុង​ទីក្រុង គឺ​ដើម្បី​បំពេញតម្រូវការ​មនុស្ស​នៅ​ទីក្រុង​ភ្នំពេញ​ដែលមាន​កំណើនច្រើនឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ការដ្ឋាន​សាងសង់ ផ្លូវ​ហុយ​ទ្រលោម និង​សំណង់​ស្ពាន បាន​បង្ក​ឲ្យ​មាន​បរិយាកាស​អាប់អួរ​នៅក្នុង​ទីក្រុង។ សម្រាម​ចេញពី​ការសាងសង់​ទាំងនោះ​ក៏មាន​មិនតិច​ដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ការសាងសង់​នានា ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​មនុស្សម្នា​នៅ​ជុំវិញ​ការដ្ឋាន​មិនតិច​ដែរ។ រំខាន​ជា​សំឡេង ធូលី​ហុយ និង​កាកសំណល់​ចេញពី​ឧបករណ៍​សំណង់ មាន​ស៊ីម៉ង់ត៍ ថ្នាំលាប កំទេចកំទី​សល់​ពី​គ្រឿងសំណង់ និង​ឧបករណ៍​ដទៃទៀត។ ជួនកាល​ឧបករណ៍​សំណង់​ទាំងនោះ ក៏បាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ក៏មានដែរ។
 
មូលហេតុ​ទី៤ គឺ​បណ្តា​លពី​ប្រព័ន្ធ​លូ​នៅ​ទីក្រុង​ភ្នំពេញ នៅមាន​បញ្ហា​ស្មុគស្មាញ​នៅឡើយ។ ពេល​ភ្លៀងម្តងៗ ពលរដ្ឋម្នាក់ៗ ភ័យខ្លាច​ទឹក​លិច​ផ្ទះ អា​ជីករ​ភ័យខ្លាច​ទឹក​លិច​ផ្សារ លិច​តូប​លក់ដូរ អ្នកធ្វើដំណើរ​ភ័យខ្លាច​ទឹក​លិច​ផ្លូវ​ជាដើម។ ទឹកភ្លៀង​ទាំងនោះ​មិនជា​ទឹក​សុទ្ធ​ដែល​ចំរាញ់​ឬ​បន្សុទ្ធ​ពី​អូ​សូន​នោះទេ តែ​ទឹកភ្លៀង​បាន​ហូរ​នាំមក​ជាមួយ​នៅ​សម្រាម និង​ជាតិពុល​ទាំងឡាយ មកចាក់​ចូលដល់​ផ្ទះ​ប្រជាពលរដ្ឋ ចាក់​ចូល​ទីផ្សារ និង​ផ្លូវ​សាធារណៈ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​យ៉ាងធ្ងន់ធ្ងរ និង​ខាត់​បង់​សម្ភារៈ​យ៉ាងច្រើន​ឥត​គណនា។ ទីក្រុង​ស្អាត មនុស្សម្នា​តែង​មើល​លើ​បញ្ហា​ពីរ​សំខាន់ បញ្ហា​ទីមួយ​គឺ​ការគ្រប់គ្រង​សម្រាម​ឲ្យ​ល្អ និង​បញ្ហា​ទី​ពីរ​គឺ​បញ្ហា​ការគ្រប់គ្រង​ប្រព័ន្ធ​លូរ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការ​លិច​ក្រុង។  លូតួចៗគឺជា​ឧបសគ្គ​មួយ​ដែល​ធ្វើ​ឲ្យ​ទឹក​ហូរ មិនទាន់ តែ​ការ​លុប​បឹង​មួយចំនួន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដូចជា បឹងកក់ បឹងទំពុន ជាដើម ក៏បាន​រួមចំណែក​យ៉ាង​ធំ ធ្វើ​ក្រុងភ្នំពេញ​ក្លាយ​ទន្លេ​ដែល​គ្មាន​មច្ឆជាតិ ពេល​ភ្លៀងម្តង។ លើ​ល​ពីនេះ កត្តា​ប្រជាពលរដ្ឋ​ដែល​បោះចោល​សម្រាម​ចូលទៅក្នុង​លូ ក៏​ជា​មូលហេតុ​មិនអាច​ប្រកែក​បាន ក្នុងការ​ធ្វើ​ឲ្យ​លូ​ស្ទះ​ផងដែរ។ 
 
ជា​ការពិត​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ពោលគឺ​ចាំបាច់​ត្រូវខិតខំ​អភិវឌ្ឍ ដើម្បី​បម្រើ​ដល់​សេចក្តី​ត្រូវ​របស់​មនុស្ស។ តែ​គួរ​គប្បី​គិតគូរ​ដល់​បរិស្ថាន និង​សុខភាព​ប្រជាជន​ផងដែរ។
អំ​ណះ​តទៅ ដើម្បី​ឲ្យ​ធ្វើ​ទីក្រុង​ស្អាត រមណី​ដ្ឋា​ន​ស្អាត សេវា​ល្អ ដូចដែល​ក្រសួងបរិស្ថាន​និង​ក្រសួង​ទេសចរ​ដាក់​ឲ្យ​ផ្សព្វផ្សាយ​នោះ។ ពលរដ្ឋ​ខ្មែរ​ទូទៅ គួរ​កែ​ទម្លាប់​អាក្រក់​ទាំងឡាយ​ដែល​បាន​រៀបរាប់​ខាងលើ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន បំបាត់​ក្លិនស្អុយ និង​ដើម្បី​សុខភាព​ពលរដ្ឋ​ខ្លួនឯង ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​នេះ។ ចំណែក​រដ្ឋាភិបាល ត្រូវធ្វើ​ច្បាប់ និង​អនុវត្ត​ច្បាប់ ដោយ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​ជ្រួតជ្រាប​ពី​សារៈប្រយោជន៍​នៃ​ការរស់នៅ​ដោយមាន​បរិស្ថាន​ស្អាត និង​មាន​ផាសុកភាព។ 
 
ដូច្នេះ ទាំង​ពលរដ្ឋ និង​អាជ្ញាធរ គួរ​ត្រូវ​សហ​ការណ៍​គ្នា ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ ក្លាយជា​ក្រុង​ស្រស់ស្អាត និង​មាន​សោភ័ណ​ភាពល្អ គួរ​ជាទី​កន្លែង​ដែល​មនុស្ស​គ្រប់គ្នា ចង់​អង្គុយលេង ចង់​ទស្សនា ចង់​កំសាន្ត។ មិនមែនជា​ក្រុង​ដែល​មនុស្ស​ដើរកាត់ ដោយ​ពាក់​ម៉ាស បិទ​ច្រមុះ​នោះទេ។ ម្យ៉ាង​ទីក្រុង​ស្អាត មិន​ត្រឹមតែ​ជួយ​ចំពោះ​សុខភាព​ប្រជាជន ប៉ុណ្ណោះ​ទេ តែ​ទីក្រុង​ស្អាត​ក៏បាន​នាំមក​នូវ​ជាមួយ​ភ្ញៀវទេសចរ​ដ៏​ច្រើន​កុះករ ដែល​នាំ​ចំណូល​សេដ្ឋកិច្ចជាតិ​យ៉ាងច្រើន​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ៕
 
 

Tag:
 ទីក្រុង បរិស្ថាន ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com