ភ្នំពេញ៖ ចាប់ពីបានឡើងកាន់តំណែងក្នុងឆ្នាំ២០១៤មក លោក ហង់ ជួនណារុន បានធ្វើឱ្យមហាជនចាប់អារម្មណ៍ដោយសារតែការធ្វើកំណែទម្រង់ក្នុងវិស័យអប់រំ។ ចំណុចដំបូងដែលលោកបានធ្វើនោះ គឺការរឹតបន្តឹងវិន័យក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)។ មកដល់ឆ្នាំ២០១៥នេះ កំណែទម្រង់ក្នុងការប្រលងនេះ បានឈានចូលដល់ឆ្នាំទី២ហើយ ការប្រលងឆ្នាំនេះ ថ្វីបើនៅមានចំណុចអវិជ្ជមានតិចតួច ដូចជា មានអ្នកបន្លំប្រលងជំនួស១នាក់ មានការយកសំណៅ(ប្រូយ៉ុង)ខ្លះចូលបន្ទប់ប្រលង និង មានការសួរគ្នាខ្លះក្នុងពេលប្រលងក៏ដោយ ក៏ជាទូទៅ អ្នកពាក់ពន្ធទាំងអស់ រួមមាន បេក្ខជន អាណាព្យាបាលសិស្ស អ្នកសង្កេតការណ៍ អនុរក្ស អ្នកត្រួពិនិត្យ អ្នកវិភាគ និង អ្នកពាក់ពន្ធដទៃទៀត បានវាយតម្លៃយ៉ាងខ្ពស់ថា ការប្រលងឆ្នាំនេះ កាន់តែមានសភាពល្អជាងឆ្នាំមុន។ ជ្រុងមួយនៃកំណែទម្រង់លើវិស័យអប់រំនេះ បានធ្វើឱ្យលោក ហង់ ជួនណារុន និងក្រសួងអប់រំ យុវជន និង កីឡា ទទួលបានកេរ្ដិ៍ឈ្មោះគួរកាត់សម្គាល់ ចុះទម្រាំកំណែទម្រង់វិស័យអប់រំទាំងមូល តើលោករដ្ឋមន្ត្រីរូបនេះ និង ក្រសួងអប់រំ ទទួលបានការសរសើរ និង ការគោរពកម្រិតណា?
ឆ្លងតាមចំណាត់ការរបស់ក្រសួងអប់រំ យុវជន និង កីឡា ជាពិសេស ចាប់ពីពេលដែលលោករដ្ឋមន្ត្រីថ្មី នៃក្រសួងនេះ បានចូលកាន់តំណែង រហូតមកទល់ដល់ឆ្នាំ២០១៥នេះ ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានសាធារណៈមតិ វាយតម្លៃថា ជាចំណាត់ការមួយដែលគួរឱ្យកោតសរសើរ និងជាជំហានថ្មីមួយដែលអាចរួមចំណែកធ្វើឱ្យវិស័យអប់រំចាប់ផ្ដើមចេញដំណើរឆ្ពោះទៅរកកំណែទម្រង់ស៊ីជម្រៅរបស់ខ្លួន។ ភស្តុងជាក់ស្ដែងនៃការអនុវត្តគំនិតថ្មីរបស់លោក ហង់ ជួនណារុន ទាក់ទងនឹងវិធានការតឹងរ៉ឹងក្នុងការប្រលងបាក់ឌុបក្នុងរយៈពេលពីរឆ្នាំនេះ យើងអាចនិយាយបានថា វិធានការថ្មីនេះពិតជាមានប្រសិទ្ធភាពក្នុងភាគរយមួយខ្ពស់ បើប្រៀបធៀបនឹងវិធានការដែលធ្លាប់មានកន្លងមក។
ក្នុងនាមអ្នកតាមដាននិងអ្នកវិភាគបញ្ហានេះ យើងសូមសម្ដែងការកោតសរសើរចំពោះវិធានការថ្មីនេះ ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ និង សូមឱ្យបន្តប្រពៃណីនេះជារៀងរហូត។ ផ្ដើមចេញពីគំរូនៃការប្រលងនេះ យើងសូមឱ្យក្រសួងអប់រំ ពង្រីកវិធានការរឹតបន្តឹងនេះចំពោះការប្រលងគ្រប់កម្រិតនៃភូមិសិក្សាទាំងអស់ ពោលគឺរាប់ចាប់ពីការប្រលងឆមាសឡើងទៅ។ លើសពីនេះទៀត សូមឱ្យការប្រលងចូលបម្រើការងារតាមក្រសួងស្ថាប័ននានា រួមទាំងការប្រលងអាហារូបករណ៍ ដើម្បីបន្តការសិក្សានៅក្នុងនិងក្រៅប្រទេស ក៏គួរតែរៀបចំឱ្យបានដូចការប្រលងបាក់ឌុបនេះដែរ។
បើគិតមកដល់ពេលនេះ ការធ្វើកំណែទម្រង់លើវិស័យអប់រំ ទើបតែបានមួយជ្រុងប៉ុណ្ណោះ ប៉ុន្តែ វាហាក់ដូចជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារការចោទប្រកាន់ពីបទអំពើពុករលួយនិងទម្លាប់អាក្រក់ ដែលបានធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់ក្រសួងអប់រំស្ទើរតែធ្លាក់ដល់កម្រិតសូន្យទៅហើយនាពេលកន្លងមក។ ចុះទម្រាំកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំទាំងមូល ឬជាកញ្ចប់ ពោលគឺរាប់ចាប់ពីកំណែទម្រង់លើ គោលនយោបាយអប់រំ, ទស្សនវិជ្ជាអប់រំ ឬគោលដៅអប់រំ, វិទ្យាសាស្ត្រអប់រំ, ការតម្លើងប្រាក់ខែគ្រូបង្រៀននិងមន្ត្រីអប់រំឱ្យបានសមស្រប, ការពង្រឹងច្បាប់និងសីលធម៌ក្នុងវិស័យអប់រំ, ការបែងចែកគ្រូឱ្យបានគ្រប់គ្រាន់ទៅបង្រៀននៅជនបទ, ការពង្រឹងសមត្ថភាពនិងសីលធម៌របស់គ្រូបង្រៀននិងមន្ត្រីអប់រំ,...តើថ្នាក់ដឹកនាំ និង ក្រសួងអប់រំទាំងមូល នឹងទទួលបានការគាំទ្រ ការសរសើរ និងកេរ្ដិ៍ឈ្មោះល្អកម្រិតណា?
ផ្ដើមចេញពីមេរៀននៃកំណែទម្រង់របស់ក្រសួងអប់រនេះ យើងគិតថា ក្រសួង ស្ថាប័នរដ្ឋដទៃទៀត ក៏គួរតែពិចារណាលើកំណែទម្រង់របស់ខ្លួនដែរ។ សូម្បីតែ រដ្ឋមន្ត្រីម្នាក់ដែលទើបតែដឹកនាំក្រសួងបានពីរឆ្នាំប៉ុណ្ណោះ អាចចាប់ផ្ដើមធ្វើគំណែទម្រង់ក្នុងវិស័យរបស់ខ្លួនឱ្យគេចាប់អារម្មណ៍និងកោតសរសើរបាន ចុះរដ្ឋមន្ត្រីខ្លះ ដែលមានបទពិសោធដឹកនាំស្ទើរតែប្រាំអាណត្តិហើយ បើគាត់ចាប់ផ្ដើមដកស្រង់យកមេរៀននេះ ដើម្បីធ្វើកំណែទម្រង់ក្នុងវិស័យរបស់ខ្លួន ប្រហែលជាមិនលំបាកទេ ហើយលទ្ធផលក៏មិនអន់ជាងរដ្ឋមន្ត្រីក្រសួងអប់រំដែរ។ បញ្ហានៅត្រង់ថាតើ គាត់ មានសុឆន្ទៈ និង ការប្ដេជ្ញាចិត្ត ចង់ធ្វើឬអត់។
ឆ្លងតាមបទពិសោធមិនល្អកន្លងមក យើងបានសង្កេតឃើញថា ការអនុវត្តច្បាប់ ឬគោការណ៍ណាមួយ ភាគច្រើនធ្វើបានតែមួយរយៈខ្លី មិនសូវមាននិរន្តរភាពទេ។ បញ្ហានេះ អាចបណ្ដាលមកពី ទម្លាប់របស់ខ្មែរយើងដែលបំពេញការងារផ្អែកលើទម្លាប់ អារម្មណ៍ សញ្ចេតនា ជាជាងផ្អែកលើ ច្បាប់ ផែនការ ឬគោលនយោបាយយូរអង្វែង។ ម្យ៉ាងទៀត អាចមកពីកង្វះការបន្តវេនពីជំនាន់មួយទៅជំនាន់មួយ ឬ ពីអាណត្តិមួយទៅអាណត្តិមួយ ឧទាហរណ៍ ក្នុងករណី មានការផ្លាស់ប្ដូរថ្នាក់ដឹកនាំ ឬ មានការប្រែប្រួលរបត់នយោបាយ នាំឱ្យមានការបោះបង់ចោលនូវគម្រោងល្អៗ ផែនការល្អ ឬវិធានការល្អៗរបស់អ្នកជំនាន់មុនដែរ។
ហេតុនេះ យើងសង្ឃឹមថា ការរឹតបន្តឹងវិន័យក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ មិនសាបសូន្យវិញដូចករណីមុនៗទេ។ មិនតែប៉ុណ្ណោះ សូមឱ្យគំរូនៃការធ្វើកំណែទម្រង់នេះ បន្តរាលដាលដល់ផ្នែកផ្សេងៗនែក្រសួងអប់រំទាំងមូល និង រួមទាំងក្រសូងផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕