កីឡាជាតិ
ចប់​ពាន​តំបន់​អាស៊ាន ក្រុម​U-16កម្ពុជា ត្រៀម​ប្រកួត​ជម្រុះ​ពាន​ប្រចាំ​ទ្វីបអាស៊ីវិញ​ម្ដង
01, Sep 2015 , 2:45 pm        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ១៦ឆ្នាំ (U-16) បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​សិង្ហ​បុរី ហើយ​នៅ​ថ្ងៃ​ច័ន្ទ ទី ៣១ ខែ សីហា ម្សិលមិញ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ជម្រុះ​ពូ​ល H ក្នុង​ពានរង្វាន់​បាល់ទាត់​យុវជន​ប្រចាំ​ទ្វីបអាស៊ី AFC U-16 Championship 2016 បន្ទាប់ពី​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​យុវជន​ប្រចាំ​តំបន់​អាស៊ាន AFF BIDC U-16 Championship 2015 កាលពីដើម​ខែសីហា កន្លងទៅ។

 
កាល​ធ្វើជា​ម្ចាស់ផ្ទះ​ពាន AFF BIDC U-16 Championship ក្រុម U-16កម្ពុជា​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល បន្ទាប់ពី​ឈ្នះ​ក្រុម​ហ្វីលីពីន ១ ទល់ ០ តែ​ចាញ់​អូស្ត្រាលី ៤ ទល់ ០ ហើយ​ស្មើ​សិង្ហ​បុរី ០ ទល់ ០ មុន​ចាញ់​មី​យ៉ាន់​ម៉ា ៣ ទល់ ០ ក្នុង​ប្រកួត​បិទ​ពូ​ល B។ 
 
កាលពី​ថ្ងៃទី ២៧ ខែ សីហា កន្លងទៅ​ក្រុម U-16កម្ពុជា​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ ប៉ុន្តែ​ជា​លទ្ធផល​ត្រូវ​ចាញ់​ដោយ​លទ្ធផល ២ ទល់ ០ កាលពី​ថ្ងៃទី ២៩ ខែ សីហា កន្លងទៅ​នៅ​ទីលាន Arena Stadium ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ។ 
 
លោក Yusuke Iki គ្រូបង្វឹក​ប្រចាំ​សាលា​បាល់ទាត់​ជាតិ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តែងតាំង​ឱ្យធ្វើជា​គ្រូ​បង្គោល​សម្រាប់​ដឹកនាំ​ក្រុម​កម្ពុជា ចូលរួម​ក្នុង​ពានរង្វាន់ ហើយ​លោក គឹម ភក្ដី និង លោក ជឿន សុ​ភី ជា​គ្រូ​ជំនួយ ហើយ​លោក ប្រាក់ វណ្ណ​នី ជា​គ្រូ​អ្នកចាំទី និង លោក ស្រ៊ុន សីហា ជា​អ្នកបកប្រែ។
 
ចំពោះ​កីឡាករ​ចំនួន ២៣ នាក់​បានធ្វើ​ដំណើរ​ទៅជា​មួយក្រុម​មានដូចជា អាត អូន​តូច, ហេង ទីណា, គង់ រ៉ា​ផាត, ហុ​ល គឹម​ហ៊ុយ, ទេស សម្បត្តិ, យ៉េត ចិ​ត្រា, គង់ ច័ន្ទ​សិរសា, យឺ សា​ហ្វី, រ័ត្ន ប៊ុន​នូ, សឿត ណា​វ៉ា, ឈឿង វិស្ណុ, ទៀត គឹម​ហេង, សៀន សុភ​ត្រា, ឡា​ត វ​ណ្ណី, សេត ម៉ា​ស៊ូ​ត, ឡូ​ន ទេ​ន, សួន សុភ​ត្រា, ឡុង ម៉េង​ហាវ, ទុន សំ​ឈី, សឹង្ហ កក្កដា, ត្រៃ វិចិត្រ, សាន្ត គឹម​ហេង, សៀង ចាន់​ធា។
 
ចំពោះ​វគ្គ​ជម្រុះ ពូ​ល H នៃ​ពានរង្វាន់ AFC U-16 Championship 2016 នេះ មាន​ក្រុម​ចំនួន៤ គឺ កូរ៉េខាងជើង, ថៃ, កម្ពុជា និង ម្ចាស់ផ្ទះ​សិង្ហ​បុរី ដោយ​ចាប់​ប្រកួត​ពីថ្ងៃ​ទី២ ដល់ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១។ ក្រុម​ខ្លាំង​ក្នុង​ពូ​ល​ចំនួន ២ មានឱកាស​ឡើងទៅ​លេង​ជុំ​បន្ទាប់។
 
ក្រុម U-16កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​កូរ៉េខាងជើង នៅ​ថ្ងៃ​បើកឆាក​ក្នុង​ពានរង្វាន់​ប្រចាំ​ទ្វីប​នេះ ពោលគឺ​នៅ​ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៥ នៅ​កីឡដ្ឋាន Jalan Besar Stadium ក្នុង​តំបន់ Kallang ប្រកួត​ហើយ​ប្រកួត​ទី២ ក្រុម​U-16 កម្ពុជា ត្រូវ​ជួប​ក្រុម U-16 របស់​ថៃ នៅ​ថ្ងៃទី ៤ កញ្ញា នៅ​កីឡដ្ឋាន​ដដែល និង​ប្រកួត​ចុងក្រោយ U-16កម្ពុជា ជួប​ក្រុម U-16សិង្ហ​បុរី នៅ​ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១។ នៅ​ថ្ងៃទី ៧ ខែ កញ្ញា ក្រុម​កម្ពុជា​នឹង​ត្រឡប់មក​ប្រទេស​កំណើត​វិញ។ 
 
វគ្គ​ជម្រុះ​នៃ​ពានរង្វាន់ AFC U-16 Championship 2016 មាន​ក្រុម​ចូលរួម​ចំនួន ៤៥ ប្រទេស​និង​បែង​ចែកជា ១១ ពូ​ល​ចាប់ផ្ដើម​ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី២ រហូតដល់​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ចំនួន ១៦ ឡើងទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ​ដែល​រៀបចំ​នៅ​ប្រទេស​ឥណ្ឌា ឆ្នាំ ២០១៦ ខាងមុខ៕ 
 

Tag:
 u-16
© រក្សាសិទ្ធិដោយ thmeythmey.com