ជាតិ
សេដ្ឋកិច្ច
តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នឹង​ចូល​ផ្សារ​ហ៊ុន​កម្ពុជាឆាប់ៗនេះ
01, Sep 2015 , 3:17 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​សប្ដាហ៍​មុន តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) បានទទួល​ការអនុម័ត​ពី​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ឲ្យ​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​កម្ពុជា។ ក្រុមហ៊ុន PPSEZ បានបញ្ជាក់​ព័ត៌មាន​នេះ​ដែល​ក្រុមហ៊ុន​នេះ​ចាត់ទុកជា​ដំណឹង​រីករាយ ហើយ​ដែល​ធ្វើ​ឲ្យ​តំណើរ​ការបើក IPO របស់​ក្រុមហ៊ុន​កាន់តែ​ឆាប់រហ័ស។



PPSEZ  បាន​អះអាងថា ផ្សា​រមូល​ប​ត្រ​កម្ពុជា បានសម្រេច​ចុះបញ្ជី​ក្រុមហ៊ុន​នេះ​នៅក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា ខណៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ទើប​ទទួលបាន​ក្រុមហ៊ុន​កូកាកូឡា​កម្ពុជា ជា​អតិថិជន​ថ្មី​ដែល​បាន​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​នៅក្នុង​តំបន់​របស់ខ្លួន។

លោកស្រី Carie Phou លេខាធិការ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បាន​ពន្យល់ថា៖ «នេះ​ជា​ឱកាស​ដ៏​សប្បាយរីករាយ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ភីអិលស៊ី។ ជាមួយនឹង​ការអនុម័ត​នេះ យើង​បាន​ឈាន​មួយ​ជំហាន​ទៀត​ខិត​ទៅរក​ការចេញ IPO»។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន ទន្ទឹមនឹង​ការព្យាយាម​ទៅរក​ការបើក IPO តំណាង​ក្រុមហ៊ុន​នៃ PPSEZ ក៏​កំពុង​ព្យាយាម​ទាក់ទាញ​ក្រុមហ៊ុន​នៅក្រៅ​ប្រទេស​ជាច្រើន​ទៀត ជាពិសេស​ពី​ប្រទេស​ថៃ។

នៅ​ថ្ងៃទី ២១ ខែសីហា លោកស្រី Phou និង​ក្រុមការងារ​បានធ្វើ​តំណើរ​ទៅកាន់​ការិយាល័យ​កណ្តាល​ធនាគារ Bangkok Bank នាទី​ក្រុង​បាងកក ជា​កន្លែង​ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បាន​បើក​សិក្ខាសាលា​ជាមួយ​ធនាគារ​ក្រុង​បាងកក​សម្រាប់​វិនិយោគិន​ថៃ​និង​អន្តរជាតិ។

«យើង​បាន​សម្រេចចិត្ត​រួមគ្នា​រៀបចំ​សិក្ខាសាលា​នេះ ដោយបាន​អញ្ជើញ​វិនិយោគិន​នៅ​ប្រទេស​ថៃ ឡើង​ចែករំលែក​បទពិសោធន៍​របស់​ពួកគាត់ ហើយនឹង​ប្រាប់​ពី​គន្លឹះ​ក្នុងការ​ទទួលបាន​ជោគជ័យ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា»។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី Phou មុននឹង​លោកស្រី​បន្ថែម​យ៉ាង​ដូច្នេះ៖«យើង​ចង់​ទាក់ទាញ​វិនិយោគិន​ដែលមាន​សក្តានុពល​ខ្ពស់​និង​ផ្ដល់ឱ្យ​ពួកគាត់​នូវ​ព័ត៌មានសំខាន់ៗសម្រាប់​ជា​យុទ្ធសាស្ត្រ​ក្នុងការ​ធ្វើ​អាជីវកម្ម​នៅក្នុង​តំបន់​ទន្លេមេគង្គ។ ដោយសារ​តែមាន​អស្ថេរភាព​ផ្នែក​នយោបាយ​នាពេល​បច្ចុប្បន្ន និង​គ្រោះទឹកជំនន់​នៅ​ប្រទេស​ថៃ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការពង្រីក​អាជីវកម្ម​នៅក្នុង​តំបន់។ យើង​ប្រាកដថា​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​អាច​ផ្តល់ជូន​នូវ​ការគាំទ្រ​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ជាច្រើន​នៅក្នុង​បញ្ហា​នេះ»។


Tag:
 សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com