ពីនេះ ពីនោះ
ខុង​ជឺ៖ តើ​បណ្ឌិត​តែងតែ​គិត​អ្វី​ជាធំ?
02, Sep 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
ខុង​ជឺ៖ មនុស្ស​រស់នៅ​ក្នុងសង្គម តែង​ស្វែងរក​របស់​ពីរ​យ៉ាង​ផ្សេងគ្នា​គឺ​យី «យុត្តិធម៌» និង​លី «គុណប្រយោជន៍»។ បណ្ឌិត​ចេះ​លះបង់​គុណប្រយោជន៍ ហើយ​ស្វែងរក​យុត្តិធម៌ ដើម្បី​បណ្តុះ​កិត្តិសព្ទ​របស់ខ្លួន ឯ​ចំណែក​មនុស្ស​សាមញ្ញ សុខចិត្ត​លះបង់​យុត្តិធម៌ ដើម្បី​ស្វែងរក​គុណប្រយោជន៍។



បុគ្គល​ដែលមាន​ឧត្ដមគតិ និង​ស្មារតី​ជា​បណ្ឌិត គឺ​ហ៊ាន​លះបង់​អ្វី​គ្រប់យ៉ាង​ដែល​មិនមែនជា​ប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ និង​សង្គមជាតិ​ទាំងមូល ហើយ​ប្រកាន់​ភ្ជាប់​គោលការណ៍​តម្លៃ​នៃ​យុត្តិធម៌ សច្ចភាព ។ គេ​មិន​ព្រម​លះបង់​មាគ៌ា​ត្រឹមត្រូវ​ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ គេ​សុខចិត្ត​ធ្វើ​អ្វី​ទៅតាម​សមត្ថភាព និង​លទ្ធភាព​របស់ខ្លួន​ដែល​អាច​ធ្វើបាន។

ផ្ទុយទៅវិញ ជន​សាមញ្ញ មើល​ឃើញតែ​អ្វី​ដែលជា​ប្រយោជន៍​ចំពោះមុខ បើទោះបីជា​ទង្វើ​របស់ខ្លួន​ត្រូវ​បង្ក​សេចក្ដី​វិនាស​ទៅលើ​អ្នកដទៃ​ក៏ដោយ សំខាន់​អ្វីដែល​ខ្លួន​ធ្វើ គឺ​បានផ្ដល់​ប្រយោជន៍​ដល់​ខ្លួន។

ការពិតទៅ​ទស្សនៈ​របស់​អ្នក​ប្រាជ្ញា​រូបនេះ​បានលើកឡើង​នេះ មិនមែន​មានន័យ​ដាច់ខាត​ថា​បណ្ឌិត​ចាំបាច់​ត្រូវតែ​លះបង់​គុណប្រយោជន៍​ទាំងស្រុង​នោះទេ តែ​ចង់​សំដៅ​ដល់​គោលការណ៍​របស់​បណ្ឌិត គឺ​យក​វិថី យុត្តិធម៌ ជា​មូលដ្ឋាន​ដើម្បី​ឆ្ពោះទៅរក​គុណប្រយោជន៍ និង​កិត្តិសព្ទ​ល្អ​សម្រាប់​ជីវិត៕


© រក្សាសិទ្ធិដោយ thmeythmey.com