ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្ថានទូត​បារាំង ជាអ្នក​ប្រគល់​ផែនទី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា
01, Sep 2015 , 9:17 pm        
រូបភាព
រដ្ឋាភិបាល​បារាំង​បាន​យល់ព្រម​ផ្តល់​ផែនទី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​ហើយ។ ប៉ុន្តែ​គ្មាន​មន្ត្រី​នៃ​រដ្ឋាភិបាល​បារាំង​ណា​ម្នាក់​នឹង​នាំយក​ផែនទី​ទាំង​នោះផ្ទាល់ពី​ប្រទេសបារាំង​មក​កម្ពុជា ដូច​អង្គការ​សហ​ប្រជាជាតិបានធ្វើ​ឡើយ។ គឺ​មន្ត្រី​នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ដែល​នឹង​ប្រគល់​ផែនទី​ទាំងនោះ ដល់​គណៈកម្មការ​ចំពោះ​កិច្ច ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង។



នៅ​ព្រឹក​ថ្ងៃទី៣ខែកញ្ញា វេលា​ម៉ោង៩ព្រឹក នៅ​វិមាន​សន្តិភាព មន្ត្រី​នៃ​ស្ថានទូត​បារាំង​នៅ​ភ្នំពេញ នឹង​នាំយក ច្បាប់​ចម្លង​នៃ​ផែនទី​ដែល​បោះពុម្ព​ដោយ ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូ​ន​ចិន ប្រគល់ជូន​គណៈកម្មកា​រ​ចំពោះ​កិច្ច​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា ដែល​ទទួលបន្ទុក​សម្រប​សម្រួល​ទទួល ផ្ទៀងផ្ទាត់ និង​ប្រគល់​ផែនទី។

សេចក្តីសម្រេច​យ៉ាង​ដូច្នេះ​ត្រូវបាន​បញ្ជា​ក់ដោយ​ប្រធានាធិបតី​បារាំង​លោក François HOLLANDE នៅក្នុង​លិខិត​ដែល​លោក​បាន​ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី៣១សីហា។ នៅក្នុង​លិខិត​នោះ លោក​ប្រធានាធិបតី​បារាំង បាន​សរសេរ​យ៉ាង​ប្រយ័ត្នប្រយែង​យ៉ាង​ដូច្នេះ៖«ប្រទេស​បារាំង​សុំ​រក្សា​ភាពមិនលម្អៀង ក្នុង​ដំណោះ ស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។ ដើម្បី​រួមចំណែក​ក្នុង​ការរក​ដំណោះស្រាយ​ភាព​ខ្វែងគំនិត​គ្នា ស្ថានទូត​បារាំង​នៅ​ភ្នំពេញ នឹង​ប្រគល់​ច្បាប់​ចម្លង​នៃ​ផែនទី​បោះពុម្ព​ដោយ ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ដែល​ទទួលបាន​ពី​វិទ្យាស្ថាន​ជាតិភូមិ​សាស្ត្រ»។

នេះ​គឺជា​ការឆ្លើយតប​របស់​លោក​ប្រធានាធិបតី​បារាំង​ទៅនឹង​លិខិត​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​សរសេរ​ស្នើសុំ​ខ្ចី​ផែនទី​ពី​រដ្ឋាភិបាល​បារាំង កាលពី​ថ្ងៃទី១៥ ខែកក្កដា​កន្លងទៅ។ នៅក្នុង​លិខិត​ស្នើសុំ​ខ្ចី​ផែនទី​ពី​ប្រទេស​បារាំង របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នោះ លោក ហ៊ុន សែន ក៏បាន​ស្នើសុំ​ឲ្យ​បារាំង​បញ្ជូន​អ្នកជំនាញ​ផែនទី​មក​កម្ពុជា​ផងដែរ។ ប៉ុន្តែ​ការស្នើ​ចុងក្រោយ​នេះ មិន​ទទួលបាន​ចម្លើយ​វិជ្ជមាន​ទេ នេះ​បើ​យោងតាម​លិខិត​របស់លោក François HOLLANDE។ ប្រធានាធិបតី​បារាំង​ឆ្លើយតប​ចំនុច​យ៉ាង​ដូច្នេះ​ថា៖«ការបញ្ជូន​ក្រុម​អ្នកជំនាញ​ផែនទី​បារាំង ដើម្បី​មក​ពិនិត្យ​ផ្ទាល់ អាចធ្វើ​ទៅបាន លុះត្រា​ណា​មានការ​ស្នើសុំ និង​ឯកភាពគ្នា​ពី​ភាគី​ទាំងពីរ»។

ទោះយ៉ាងណា​ក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​សរសេរ​លិខិត​អរគុណ​លោក​ប្រធានាធិបតី​បារាំងភ្លាមៗដែរ ចំពោះ​ការយល់ព្រម​ឲ្យ​ខ្ចី​ផែនទី​ពី​សំណាក់​រដ្ឋាភិបាល​បារាំង។ នៅក្នុង​លិខិត​អរគុណ​នោះ លោក ហ៊ុន សែន បាន​ពន្យល់​ប្រធានាធិបតី​បារាំង​បន្ថែម​អំពី​គោលបំណង​នៃ​ការផ្ទៀងផ្ទាត់​ផែនទី​នៅពេលនេះ។ ដូច​បានបញ្ជាក់​ប្រាប់​លោក​អគ្គលេខា ធិការ​អង្គការសហប្រជាជាតិ​ដែរ ការផ្ទៀងផ្ទាត់​ផែនទី​នៅពេលនេះ ត្រូវបាន​លោក ហ៊ុន សែន ពន្យល់ថា៖ ១ គឺ​ដើម្បី​បញ្ជាក់​ពី​ភាព​ទទួលខុសត្រូវ​រប​ស់​រដ្ឋាភិបាល​ចំពោះ​ការងារ​ព្រំដែន, ២ គឺ​បញ្ចប់​ការ​ញុះញង់​បំបែកបំបាក់​ជាតិ និង​ទី៣ គឺ បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការកសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង៕




Tag:
 ហ៊ុន សែន
  បារាំង
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com