ជាតិ
រដ្ឋាភិបាល​បន្ថែម​ប្រាក់២លាន​ដុល្លារ​ទៀត សម្រាប់​ផ្គត់ផ្គង់​មន្ទី​រពេទ្យ​គន្ធបុប្ផា
02, Sep 2015 , 12:09 pm        
រូបភាព
 
ពី​ពិធី​បិទ​មហាសន្និបាត​តំណាង​សមាគម​អតីតយុទ្ធជន​កម្ពុជា​ទូទាំងប្រទេស​លើក ​ទី២ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា រដ្ឋាភិបាល​នឹង​បង្កើន​ថវិកា​វិភាគទាន​ចំនួន២លាន​ដុល្លារ​បន្ថែមទៀត ពីលើ​ថវិកា​វិភាគទាន ៣លាន ២សែន ដុល្លារ ពោលគឺ​ស្មើនឹង៥,២លាន​ដុល្លារ សម្រាប់​ទ្រទ្រង់​មន្ទី​ពេទ្យ​គន្ធបុប្ផា នៅ​ឆ្នាំ២០១៥នេះ។ សម្រាប់​ឆ្នាំ២០១៦ រដ្ឋាភិបាល​នឹង​បង្កើន​ថវិកា​វិភាគទាន​រហូតដល់៦លាន​ដុល្លារ។ ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ទៀតថា រដ្ឋាភិបាល​នឹង​បន្ដ​ផ្ដល់ប្រាក់​បន្ថែម​លើសពីនេះ នៅឆ្នាំក្រោយៗទៀត។



សូម​ស្ដាប់​សំឡេង៖



បច្ចុប្បន្ន​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​បាន​ចំណាយ​ថវិកា ចំនួន១២ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃ ដើម្បី​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដល់ កុមារ​កម្ពុជា។ ចាប់តាំងពី​ឆ្នាំ១៩៩២មក​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​អស់ ប្រមាណ៥៦០លាន​ដុល្លារ ក្នុងនោះ៣,៥ភាគរយ​បានមកពី​រាជរដ្ឋាភិបាល​កម្ពុជា៤,៥ភាគរយ​ពី​រដ្ឋាភិបាល ស្វ៊ី​ស​និង៩២,៥ភាគរយ​ជា​ថវិកា​ដែល​ប្រមូលបាន​មូលនិធិ​សប្បុរសជន។

សូមបញ្ជាក់ថា នៅ​ឆ្នាំ២០១៤កន្លងទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​ប្រមាណ៤០លាន ដុល្លារ​ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​កុមារ​កម្ពុជា​ជិត១លាន​នាក់។ ដោយឡែក​នៅ​ឆ្នាំ២០១៥នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​កញ្ចប់​ថវិកា​ចំនួន៤៣លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​កុមារ និង​ស្ត្រី​កម្ពុជា ក្នុងនោះ​ប្រាក់​ជាង៣លាន​ដុល្លារ​ផ្តល់​ដោយ​រដ្ឋាភិបាល​កម្ពុជា ៤លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ស្វី​ស និង៣៦លាន​ដុល្លារ​ទៀត បានមកពី​ការបរិច្ចាគ​ឯកជន ដែល​ភាគច្រើន​ជា​ប្រជាជន​ស្វី​ស៕
 
 

Tag:
 មន្ទីរពេទ្យ​គន្ធបុប្ផា
  ​គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com