អន្តរជាតិ
សហរដ្ឋអាមេរិក៖ បុរស​ម្នាក់​បាន​ចាប់​តា​ម្នាក់​ទៅផ្ទះ​របស់ខ្លួន ដើម្បី​ធ្វើ​អាហារ​ឲ្យ​ហូប
03, Sep 2015 , 9:39 am        
រូបភាព
ដោយ: ធីតា
 
 
 
បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ដោយ​សារបាន​ចាប់ជំរិត​លោកតា​ម្នាក់​ទៅកាន់​ផ្ទះ​របស់ខ្លួន ដើម្បី​ធ្វើ​អាហារ​ឲ្យ​បរិភោគ។

 
នៅ​ព្រឹក​ថ្ងៃ​ពុធ​សប្តាហ៍​មុន David Pope អាយុ ៥៧ ឆ្នាំ​បានឃើញ​លោកតា​អាយុ ៧៧ ឆ្នាំ​ម្នាក់​កំពុងតែ​រុញ​រទេះ​អេតចាយ​នៅតាម​ផ្លូវ​ទីក្រុង Danbury រដ្ឋ Connecticut សហរដ្ឋអាមេរិក។ បុរស​រូបនេះ​ក៏​ចាប់​អូស​ដៃ​លោកតា​នោះ​ទៅផ្ទះ​របស់ខ្លួន ដើម្បី​ធ្វើ​អាហារ​ឲ្យ​បរិភោគ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ Newstimes ។
 
David បាន​ប្រាប់​បូលិស​ថា៖ « ខ្ញុំ​យល់ថា គាត់​គ្មាន​ផ្ទះសម្បែង ហើយ​ខ្ញុំ​ចង់​ឲ្យ​អាហារ​គាត់​ហូប »។ ជនរងគ្រោះ​បាន​និយាយថា៖ « គេ​ចាប់ដៃ​ខ្ញុំ ហើយ​អូស​ខ្ញុំ​ទៅផ្ទះ​របស់គេ »។ ពេលទៅដល់​ផ្ទះ សត្វ​ឆ្កែ​របស់ David បានទទួល​ស្វាគមន៍​ភ្ញៀវ ដោយ​រត់​មក​ខាំ​ជើង។ ម្ចាស់ផ្ទះ​មិនបាន​ចាប់អារម្មណ៍​ទេ គាត់​គិតតែ​ពី​ហាន់សាច់ ចិតបន្លែ​ដើម្បី​ធ្វើ​ម្ហូប​ទទួលភ្ញៀវ។ ជនរងគ្រោះ​បាន​ប្រាប់​ប៉ូលិស​ថា គាត់​សុខចិត្ត​ហូប​អាហារ​នោះ ព្រោះ​គាត់​ភ័យខ្លាច​ក្រែង​មាន​គ្រោះថ្នាក់ ប្រសិនបើ​គាត់​បដិសេធ។
 
បន្តិចក្រោយមក ជនរងគ្រោះ​បាន​រត់គេចខ្លួន​រួច ហើយ​បាន​រៀបរាប់​ហេតុការណ៍​ដ៏​ចម្លែក​នេះ​ប្រាប់​ប៉ូលិស។ ប៉ូលិស​បាន​ចុះទៅ​ដល់ផ្ទះ​របស់​ជនជាប់សង្ស័យ ហើយ​ឃើញថា បុរស​ម្ចាស់ផ្ទះ​ស្ថិតក្នុង​សភាព​ស្រវឹងស្រា។
 
David Pope ប្រឈមមុខ​នឹង​ជាប់ពន្ធនាគារ​ពីបទ​ចាប់ជំរិត និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com