អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស៊ី ជិនពីង ប្រកាសបន្ថយទ័ព៣សែន​នាក់ក្នុងថ្ងៃបុណ្យ​ជ័យជម្នះ​សង្គ្រាមលោកលើកទី២
03, Sep 2015 , 10:20 am        
រូបភាព
ថ្លែងបើក​​ពិធី​រំលឹកខួបលើកទី​៧០​​នៃ​ជ័យ​ជម្នះ​សង្គ្រាម​លោក​លើកទី​២​ ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង​បានប្រកាស​ថា​ ក្រុង​ប៉េកាំង​នឹង​កាត់​បន្ថយ​កងទ័ព​របស់​ខ្លួន​ឲ្យ​ដល់​៣សែន​នាក់​។​ ការ​ប្រកាស​កាត់​បន្ថយ​កងទ័ព​នេះ​ជា​ចេតនា​របស់ចិនដែលចង់​បង្ហាញ​ទៅ​ពិភពលោកថា​ ចិន​មិន​ប្រើប្រាស់​យោធា​ដើម្បី​គំរាម​កំហែង​សន្តិភាព​ពិភពលោក​ដូចដែល​គេ​ធ្លាប់​ភ័យ​ខ្លាច​ឡើយ។


ថ្លែង​សុន្ទរកថា​តាម​ក្នុងពិធីរំលឹកជ័យជម្នះសង្គ្រាមលោក​លើកទី២ លោក ស៊ី ជិនពីង​ បានប្រកាសកាត់បន្ថយកងទ័ពចិនឲ្យដល់​៣សែន​នាក់​នៅពេលខាងមុខ។ ការប្រកាស​បែប​នេះ​កើត​​ឡើង​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​មុនពេល​ដែល​មានការ​ដើរក្បួនព្យុះហយាត្រាយោធា​ទ្រង់​ទ្រាយ​ធំ​បំផុត​មិនធ្លាប់​មាន​ពីមុនមកសោះ​នោះ។ 

ការលើកឡើង​របស់ប្រមុខរ​ដ្ឋ​ចិន បង្ហាញ​ឲ្យឃើញ​ពី​ចេតនានិងឆន្ទៈរបស់ចិន​ក្នុងការ​ថែរក្សា​សន្តិសុខ និងសន្តិភាព​ពិភពលោក ហើយ​ការ​កាត់​បន្ថយ​ចំនួនទ័ពនេះ ជាសកម្មភាពវិជ្ជមាន​មួយដែល​បញ្ជាក់ប្រាប់រដ្ឋ​ក្នុង​ពិភពលោក​ថា​ ការ​រះត្រដែតឡើងនៃ​អំណាចយោធា​ចិន មិនមែន​ចាការគំរាមកំហែង​ពិភពលោកដូចគេធ្លាប់​គិតឡើយ។​ ចិន​កំពុង​ប្រែ​ក្លាយ​ខ្លួន​បន្តិច​ម្តងៗ​ទៅជា​មហាអំណាច​មួយ​ដែល​មាន​តួនាទី​និងទំនួល​ខុសត្រូវ​ខ្ពស់​ក្នុងការ​រក្សាសន្តិសុខ និងសន្តិភាព​ពិភពលោក​ផងដែរ។

បច្ចុប្បន្ន​នេះ​ មហាអំណាច​ចិន​មាន​កងទ័ព​សរុប​ចន្លោះ​ពី​ ២​ទៅ​ ៣លាន​នាក់​ ដែល​អាច​ចាត់ទុក​ថា​ជា​ចំនួន​មួយ​ច្រើន​ណាស់​បើ​ធៀប​ចំនួនយោធា​ប្រទេស​​ដទៃ។ ​ជុំវិញ​ការ​​កាត់​បន្ថយ​កង​​ទ័ព​​នេះ​ដែរ​ លោក​ ស៊ី ជិន​ពីង​ ​មិនបា​ន​បញ្ជាក់​លម្អិត​ពី​ពេល​វេលា​​ដែល​ចិន​​ត្រូវ​បន្ថយ​ទ័ព​ឲ្យ​ដល់​៣​សែន​​នាក់​ឡើយ​។ 

នៅពេលនេះ​លោក​ ស៊ី ជិន​ពីង​ រួម​ជា​មួ​យ​បណ្តា​មេដឹក​នាំ​ប្រទេស​ជាង​៣០​ទៀត​រួមទាំង​លោក វ្ល៉ាឌីមៀ ពូទីន ផង​នោះ​កំពុង​ទស្សនាក្បួនយោធា​ធំបំផុត​នៅទីលាន​ធាន​អាន​មែន ដោយ​ទ័ព ១២ពាន់​នាក់​ចូលរួមក្នុងក្បួននិង​មានការ​បង្ហាញ​អាវុធយុទ្ធភ័ណ្ឌទំនើប​គ្រប់​ធុន​ដែល​ចិន​ផលិត​បាន​រាប់​រយ​ប្រភេទផងដែរ៕​


© រក្សាសិទ្ធិដោយ thmeythmey.com