អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ទ័ព​កម្ពុជា​មាន​វត្តមាន​ក្នុង​ក្បួនព្យុហយាត្រាយោធា​នៅចិន
03, Sep 2015 , 11:00 am        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
 កងទ័ពកម្ពុជា​ជាច្រើន​រូប​មាន​វត្តមាន​​នៅក្នុង​ក្បួន​ព្យុហយាត្រា​នៅចិន​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ដើម្បី​រំលឹក​ពីជ័យ​ជម្នះ​និងការ​បញ្ចប់​សង្គ្រាមលោក​លើក​ទី២​។  ចំណែក​ព្រះ​មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ​ព្រះ​បាទ​សម្តេច​នរោត្តម ​សី​ហមុនី ក៏មានព្រះរាជ្យវត្តមានជាអធិបតីក្នុងពិធីនេះជាមួយបណ្តា​មេដឹកនាំប្រទេស​៣០​ផ្សេងទៀតដែរ។ ទ័ព​កម្ពុជា​ដែល​ចូល​រួម​ក្នុង​ក្បួន​យោធា​នេះ​មាន​ប្រហែល​៧នាក់។ 


កងទ័ព​កម្ពុជា​ប្រហែល​៧រូប​បានចូលរួមក្នុង​ក្បួនព្យុហយាត្រា​យោធា​ដ៏​ធំ​មិនធ្លាប់​មាន​ដើម្បី​រំលឹក​ខួបលើក​ទី៧០​នៃ​ជ័យជម្នះ​សង្គ្រាម​លោក​លើក​ទី​២នៅចិន​ រួម​ជាមួយ​ទ័ព​បរទេស​ជាង​១ពាន់​នាក់​ផ្សេង​ទៀត​ដែរ។​ បើតា​ម​ភ្នាក់​ងារ​ព័ត៌មាន​ចិន​ស៊ិនហួរ  ប្រទេស​១៧​ បាន​បញ្ជូន​ប្រ​តិភូយោធា​របស់ខ្លួន​មកចូលរួម​ ដោយ​ក្នុង​ប្រទេសនីមួយៗ​បញ្ជូនទ័ពប្រហែល​៧៥នាក់។​

ចំណែក​​​កម្ពុជា​រួម​ជាមួយ​ប្រទេស​​ប្រាំ​ផ្សេង​ទៀត​មាន​អាហ្វហ្កានីស្ថាន ហ្វីជី ឡាវ វ៉ានុទូ (Vanuatu) ​​ និងវេណេហ្ស៊ុយអេឡាផងនោះបញ្ជូន​កងទ័ពមក​ចូល​រួម​​ត្រឹម​៧រូប​ប៉ុណ្ណោះ​​​។ ចិន​ធ្លាប់​រៀប​ចំ​ខួបរំលឹក​ជ័យជម្នះ​សង្គ្រាមនេះពីមុន​មកនិង​មាន​ការ​រៀបចំ​ក្បួន​យោធា​ស្រដៀង​គ្នា​នេះ​ ប៉ុន្តែ​មិនអធិកអធ័ម និងមានកងទ័ពច្រើនសម្បើម​ចូល​រួម​ដូចថ្ងៃនេះទេ។ ហើយ​ក៏​មិនមាន​ការ​អញ្ជើញ​មេដឹកនាំ​ពិភពលោក​ឲ្យ​ចូលរួមជាអធិបតី​ដូច្នេះឡើយ​។​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អញ្ជើញមេដឹកនាំជាច្រើន​​នៃបណ្តា​ប្រទេស​ជាមិត្ត​ឲ្យ​ចូល​រួម​ក្នុង​​ពិធីដ៏ធំនេះ ហើយ​​មេដឹកនាំប្រទេស​៣១​ បាន​អញ្ជើញមកចូលរួមក្នុងនោះមាន​ទាំង​ព្រះប្រមុខ​​រដ្ឋ​កម្ពុជា​ព្រះបាទសម្តេចនរោត្តម​ សីហមុនី ផងដែរ។ ក្រៅពីនេះ មេដឹកនាំប្រទេសសំខាន់​ៗមាន​ដូចជា ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី​កូរ៉េខាងត្បូងលោកស្រី ប៉ាក​ ហ្គឺនហេ ហើយ​ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក​ បាន​ គីមូន ក៏អញ្ជើញ​មកចូលរួម​ផង​ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com