អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស៊ី ជីន​ពីង ប្តេជ្ញា​មិន​ឲ្យ​សង្គ្រាម​សោកនាដកម្ម​ត្រឡប់មកវិញ
03, Sep 2015 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
មហា​មី​ទ្ទិញ​រំលឹក​ខួប​ទី៧០នៃ​ជ័យជម្នះ​របស់​ប្រជាជន​ចិន​ក្នុង​សង្គ្រាម​ប្រឆាំង​ការឈ្លានពាន​របស់​ជប៉ុន​និង​សង្គ្រាម​ប្រឆាំង​ហ្វា​ស៊ី​ស​ពិភពលោក​បាន​ប្រារព្វ​ធ្វើ​នៅ​ទីលាន​Tiananmen វេលា​ម៉ោង១០ព្រឹក(ម៉ោង​នៅ​ទីក្រុង​ប៉េកាំង) នៅ​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ ដោយមាន​លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​បានប្រកាស​បើក​មហា​មិ​ទី​ញ​ជា​ផ្លូវការ។



នៅ​កន្លែង​ប្រារព្វ​ពិធី​មានការ​បាញ់កាំភ្លើង​ធំ​ចំនួន៧០ណាត់ ដែល​មានន័យថា ជាការ​រំលឹក​ខួប​ទី៧០នៃ​ជ័យជម្នះ​របស់​ប្រជាជន​ចិន ក្នុង​សង្គ្រាម​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ជប៉ុន និង​សង្គ្រាម​ប្រឆាំង​ហ្វា​ស៊ី​ស​ពិភពលោក។ លោក​Xi Jinping អគ្គលេខាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន ប្រធាន​រដ្ឋ​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​តំណាង​ឲ្យ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេស​ចិន និង​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​សម្តែង​គារវកិច្ច​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​យុទ្ធជន​ជើងចាស់ សម​មិត្ត​ចាស់ ឥស្សរជន​ស្នេហា​ជាតិ​មាតុភូមិ និង​ឧ​ត្ត​ម​សេនីយ៍​ឯក​ដែល​បានធ្វើការ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ជប៉ុន ហើយ​ដែល​ធ្លាប់​ចូលរួម​ក្នុង​សង្គ្រាម​ប្រឆាំង​ការឈ្លានពាន​របស់​ជប៉ុន ព្រមទាំង​កុលបុត្រ​កុលធីតា​ចិន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ចិន ដែល​បានរួម​វិភាគទាន​ដ៏​សំខាន់​ដល់​ជ័យជម្នះ​លើ​សង្គ្រាម​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ជប៉ុន! លោក​ក៏បាន​ថ្លែង​អំណរ គុណ​យ៉ាង​ស្មោះស្ម័គ្រ​អស់ពីដួងចិត្ត​ចំពោះ​រដ្ឋាភិបាល​បរទេស និង​មិត្តភក្តិ​អន្តរជាតិ​ដែល​បាន​គាំទ្រ​និង​ជួយ​ប្រជាជន​ចិន​ក្នុងការ​ទប់ទល់​នឹង​ការឈ្លានពាន! និង​សម្តែង​ការអបអរ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ភ្ញៀវកិត្តិយស និង​មិត្ត​យុទ្ធជន​នៃ​ប្រទេស​នានា​ដែល​បានមក​ចូលរួម​ក្នុង​មហា​មិ​ទ្ទី​ញ​ថ្ងៃនេះ។

លោក Xi Jinping បាន​ថ្លែងថា ថ្ងៃនេះ គឺជា​ថ្ងៃ​ដែល​គួរ​រំលឹក​ជានិច្ច​និរន្តរ៍​សម្រាប់​ប្រជាជន​នៅលើ​ពិភពលោក។ ថ្ងៃទី០៣ ខែកញ្ញា កាលពី៧០ ឆ្នាំមុន ប្រជាជន​ចិន​ទទួលបាន​មហា​ជ័យជម្នះ​ក្នុង​សង្គ្រាម​ប្រឆាំងនឹង​ការ​ឈា្ល​ន​ពាន​របស់​ជប៉ុន ដោយបាន​ឆ្លងតាម​ការតស៊ូ​យ៉ាង​លំបាក​បំផុត​អស់​រយៈពេល១៤ឆ្នាំ ហើយក៏​បានប្រកាស​នូវ​ជ័យជម្នះ​ទាំងស្រុង​ពី​សង្គ្រាម​ប្រឆាំង​ហ្វា​ស៊ី​ស​នៅលើ​ពិភពលោក​ផងដែរ។ លោក Xi Jinping បាន​ថ្លែងថា ប្រជាជន​ចិន​ធ្វើសង្គ្រាម​ប្រឆាំង​ការ​ឈា្ល​ន​ពាន​របស់​ជប៉ុន​និង​សង្គ្រាម​ប្រឆាំង​ហ្វា​ស៊ី​ស​នៅលើ​ពិភពលោក គឺជា​មហាសង្គ្រាម​រវាង​សច្ចធម៌​និង​អំពើអាក្រក់ រវាង​ភាពភ្លឺស្វាង​និង​ភាព​ខ្មៅ​ងងឹត រវាង​ភាព​សកម្ម​និង​អសកម្ម។ ក្នុង​សង្គ្រាម​ដ៏​ឃោរឃៅ​នេះ គឺជា​សង្គ្រាម​ដែល​ប្រជាជន​ចិន​ធ្វើការ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ជប៉ុន ដែល​បានចាប់ផ្តើម​មុនគេ ហើយក៏​អូសបន្លាយ​យូរ​ជាងគេ​ផងដែរ។ ប្រឈមមុខ​នឹង​ពួក​ឈ្លានពាន កូនចៅ​ចិន​បានធ្វើ​ការតស៊ូ​ប្រយុទ្ធ​បង្ហូរឈាម និង​បាន​វាយ​ឈ្នះ​ពួក​ឈា្ល​ន​ពាន គឺ​ពួក​ចក្រ​ព​តិ្ត​និយម​ជប៉ុន បានការ​ពារ​អរិយធម៌​របស់​ជនជាតិ​ចិន​ដែលមាន​ប្រ​វ​តិ្ត​ជាង៥ពាន់​ឆ្នាំ បាន​ការពារ​បុព្វហេតុ​ស​និ្ត​ភាព​របស់​មនុស្ស លោក បានសម្រេច​ភាព​អច្ឆរិយៈ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​សង្គ្រាម​និង​សកម្ម​ដ៍​អស្ចារ្យ​របស់​ប្រជា​ជាតិចិន ។

លោក Xi Jinping បាន​គូសបញ្ជាក់ថា ជ័យជម្នះ​របស់​ប្រជាជន​ចិន​ក្នុង​សង្គ្រាម​ប្រឆាំង​ការ​ឈា្ល​ន​ពាន​របស់​ជប៉ុន គឺជា​ជ័យជម្នះ​ទាំងស្រុង​ជា​លើកទីមួយ​ដែល​ប្រទេស​ចិន​បាន​តស៊ូ​យ៉ាង​អង់​ហាច​ក្លាហាន​ក្នុងការ​ប្រយុទ្ធ​ជាមួយ​ពួក​ឈ្លានពាន​បរទេស​ក្នុងសម័យ​ទំនើប។ មហា​ជ័យជម្នះ​លើក​នេះ បានកំណត់​ជា​ថី្ម​ឡើងវិញ​នូវ​តួនាទី​ជា​មហា​ប្រទេស​របស់​ប្រទេស​ចិន​នៅលើ​ពិភពលោក ដែល​ធ្វើ​ឲ្យ​ប្រជាជន​ចិន ទទួលបាន​ការគោរព​ពី​ប្រជាជន​នៅលើ​ពិភពលោក​ដែល​ស្រឡាញ់​ស​និ្ត​ភាពដូចគ្នា។ មហា​ជ័យជម្នះ​នេះ បាន​ត្រួសត្រាយ​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​ការ​ងើប​ឡើងវិញ​ដ៏​មហិមា​របស់​ប្រជា​ជាតិចិន ។

លោក Xi Jinping បាន​ថ្លែង​ទៀតថា​ក្នុង​សង្គ្រាម​ប្រឆាំង​ពួក​ហ្វា​ស៊ី​ស​ពិភពលោក​លើក​នេះ​ប្រជាជន​ចិន​បានធ្វើ​ពលី​កម្ម​ជនជាតិ​យ៉ាង​ធំធេង​ជាទីបំផុត ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ការប្រឆាំង​ពួក​ហ្វា​ស៊ី​ស​ពិភពលោក​នៅក្នុង​សមរភូមិ​សំខាន់​នៅ​បូព៌ា ដែល​បានរួម​ចំណែក​យ៉ាង​ផុលផុស​ដល់​ជ័យជម្នះ​ក្នុង​សង្គ្រាម​ប្រឆាំង​ពួក​ហ្វា​ស៊ី​ស​ពិភពលោក។ សង្គ្រាម​របស់​ប្រជាជន​ចិន​ប្រឆាំង​ការឈ្លានពាន​របស់​ជប៉ុន ក៏​ទទួលបាន​ការគាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​សហគមន៍​អន្តរជាតិ​ផងដែរ ។ ប្រជាជន​ចិន​នឹង​ចងចាំ​ជានិច្ច ចំពោះ​ការរួមចំណែក​របស់​ប្រជាជន​នៃ​ប្រទេស​នានា ក្នុង​ជ័យជម្នះ​នៃ​ក្នុង​សង្គ្រាម​ប្រជាជន​ចិន​ប្រឆាំង​ការឈ្លានពាន​របស់​ជប៉ុន។ សង្គ្រាម​លើក​នេះ​បាន​ប៉ះពាល់​ដល់​ទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និង​ទ្វីបអូសេអានី  កងទ័ព​និង​ប្រជាជន​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​និង​រងរបួស​មាន​ចំនួន​ជាង ១រយ​លាន​នាក់ ក្នុងនោះ​ចំនួន​អ្នកស្លាប់​និង​រងរបួស​នៅ​ប្រទេស​ចិន​មាន​ចំនួន​លើសពី ៣៥ លាន​នាក់ ចំនួន​អ្នក​ស្លាប់បាត់​ជីវិត​នៅ​អតីត​សហភាពសូវៀត​មាន​ចំនួន​លើសពី២៧លាន នាក់។ យើង​ដាច់ខាត​មិន​ឲ្យ​សោកនាដកម្ម​ប្រវត្តិសាស្ត្រ​នេះ​កើតឡើង​ម្តងទៀត​ទេ ហើយ​វា​ជាការ​រំលឹក​ដ៏​ល្អ​បំផុត​ដល់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​បុព្វហេតុ​គាំពារ​សេរីភាព សច្ចធម៌ និង​សន្តិភាព​របស់​មនុស្សជាតិ។ ប្រជាជន​ដែល​បាន​ឆ្លងកាត់​សង្គ្រាម កាន់តែ​យល់ដឹង​ពី​តម្លៃ​របស់​សន្តិភាព។

លោក​បាន​មានប្រសាសន៍​ទៀតថា យើង​ធ្វើ​សកម្មភាព​រំលឹក​ខួប​ទី៧០ នៃ​ថ្ងៃជ័យ​ជម្នះ​របស់​ប្រជាជន​ចិន ក្នុង​សង្គ្រាម​ប្រឆាំង​ការឈ្លានពាន​របស់​ជប៉ុន និង សង្គ្រាម​ប្រឆាំង​ពួក​ហ្វា​ស៊ី​ស​ពិភពលោក​គឺ​ដើម្បី ចងចាំ​ជានិច្ច​នូវ​ប្រវត្តិសាស្ត្រ​រំលឹក​ដល់​វីរជន​ដែល​បាន​ពលី​ជីវិត ស្រឡាញ់ និង​ឲ្យ​តម្លៃ​លើ​សន្តិភាព ហើយ​ត្រួសត្រាយ​នូវ​អនាគត​ថ្មី ៕

អត្ថបទ​៖ វិទ្យុ​មិត្តភាពកម្ពុជាចិន


Tag:
 ស៊ី ជីន​ពីង
  ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com