បទយកការណ៍ / បទសម្ភាសន៍
លោក យឹម សុវណ្ណ៖«នៅ​កម្ពុជា ល្បែង​នយោបាយ​មិនទាន់មាន​សុចរិត​ភាព និង​គុណធម៌​ទេ!»
03, Sep 2015 , 7:39 pm        
រូបភាព
ដោយ:
មួយរយៈ​ចុងក្រោយ​នេះ បញ្ហា​មូលនិធិ​ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ បាន​ក្លាយជា​ប្រធានបទ​ដ៏​រសើប​មួយ​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ យកលុយ​មូលនិធិ​ទូ​រទូ​ស្សន៍​ទៅ​ទ្រទ្រង់​ចម្ការ​ម្រេច និង​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​អះអាងថា ខ្លួន​បានផ្តល់​វិភាគទាន​ដល់​មូលនិធិ​នេះ ប្រកាស​ដក​លុយ​វិញ។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​អះអាងថា រូបលោក​បានដឹង​ពី​បញ្ហា​នេះ​មុន​រួចហើយ ដូច្នេះ​លោក​មិន​ភ្ញាក់ផ្អើល​នៅពេលដែល​បញ្ហា​នេះ​កើតឡើង​នោះទេ។លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀម​យន្តការ​ការពារ​បញ្ហា​នេះ​យ៉ាង​ហ្មត់ចត់។ «ពីព្រោះ​នៅ​កម្ពុជា ល្បែង​នយោបាយ​មិនទាន់មាន​សុចរិត​ភាព និង​គុណធម៌​ទេ»។ នេះ​ជាការ​បញ្ជាក់​របសលោក យឹម សុវណ្ណ។



សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក ជា ធី​រិ​ទ្ធ ការី​និពន្ធ​នៃ​សារព័ត៌មាន​អេ​ឡិច​ត្រ​និ​ចថ្មីៗ ជាមួយ​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ៖



លោក ជា ធី​រិ​ទ្ធ៖ លោក យឹម សុវណ្ណ បញ្ហា​មូលនិធិ​ទ្រទ្រង់​ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ក្លាយជា​បញ្ហា​រសើប​មួយ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ពី​ភាពមិនប្រក្រតី​នៃ​មូលនិធិ​នេះ និយាយ​ឲ្យ​ចំ​គឺ​លោក​ចោទ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា យកលុយ​នេះ​ទ្រទ្រង់​ចម្ការ​ម្រេច គឺ​លោក​ទំនង​ចង់​សំដៅ​លោក កឹម សុខា ដែលមាន​ចំការ​ម្រេច​នៅ​ខេត្តកំពង់ចាម។ តើ​ពិ​តវា​ពិត​ដូច​អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី​និយាយ​ទេ?

លោក យឹម សុវណ្ណ៖ មកដល់ពេលនេះ មូលនិធិ​នេះ មិនទាន់បាន​ចាយ​មួយ​ដុល្លារ​ទេ។មូលនិធិ​ដែល​ប្រមូលបាន​ប៉ុន្មាន​នៅក្នុង​គណនេយ្យ​ធនាគារ​អេស៊ីលីដា ហើយ​និង​នៅក្នុង​កេស​ទាំងអស់។

លោក ជា ធី​រិ​ទ្ធ៖  ការប្រមូល​មូលនិធិ​ទូរទស្សន៍ មកដល់ពេលនេះ ទទួលបាន​ប៉ុន្មាន​ហើយ​លោក?

លោក យឹម សុវណ្ណ៖ បាន​ប្រមាណ​ជាង ៥០ ម៉ឺន​ដុល្លារ​ហើយ នៅក្នុង​ប្រទេស ហើយ​នៅក្រៅ​ប្រទេស​តាម​ឯកឧត្តម​សមរង្ស៊ី លើកឡើង​ប្រមាណ ២០ ម៉ឺន​ដុល្លារ​ទៀត ដូច្នេះ​ប្រហាក់ប្រហែល ៧០ ម៉ឺន​ដុល្លារ។ ខ្ញុំ​ឆ្ងល់​ដែរ ព្រោះថា​មិនទាន់បាន​ចាយ​ផង​បាត់​ទៅណា? ហើយ​យើង​មាន​យន្តការ​ក្នុងការ​គ្រប់គ្រង ដូចជា អ្នក​ដែល​ប្រមូល​លុយ កុំថាឡើយ​មួយ​ដុល្លារ សូម្បីតែ​មួយរយ​រៀល​លុយ​ខ្មែរ ក៏​ខ្ញុំ​បាន​ណែនាំ​ឲ្យ​គ្រប់កន្លែង​ប្រមូល​ទាំងអស់ សូម​ឲ្យ​ចេញ​បង្កាន់ដៃ។ ហេតុអ្វី​បានជា​ចេញ​បង្កាន់ដៃ? ពីព្រោះ​ខ្ញុំ​ដឹង​ទុកជាមុន​ថា ប្រាកដ​ជាមាន​គូ​រប​ដិ​បក្ស​ណាមួយ​ចង់​ធ្វើបាប​ខ្ញុំ​តាមរយៈ​សកម្មភាព​នេះហើយ ព្រោះ​លុយ​និង​បញ្ហា​ដើរទៅ​ជាមួយគ្នា។ ខ្ញុំ​បាន​មើលឃើញ​បញ្ហា​មុន​រួចហើយ។  ខ្ញុំ​ដឹងថា នៅ​កម្ពុជា ល្បែង​នយោបាយ​មិនទាន់មាន​សុចរិត​ភាព និង​គុណធម៌​ទេ។ នៅមាន​ទុច្ចរិត​ជាច្រើន យើង​ត្រូវ​រៀបចំ​ទុកជាមុន។


លោក ជា ធី​រិ​ទ្ធ៖ មូលនិធិ​បង្កើត​ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ​មកដល់ពេលនេះ​ទើបតែ បាន ៥០ ម៉ឺន​ដុល្លារ​ទេ បូកផ្សំ​នឹង​ថវិកា ២០ ម៉ឺន​ដុល្លារ​ទៀត ដែល​ប្រកាស​ដោយ​លោក សម រង្ស៊ី សរុបទៅ បាន​ជាង ៧០ ម៉ឺន​ដុល្លារ​អាមេរិក។ តែ​គណបក្ស​ថា ការចំណាយ​លើ​ទូរទស្សន៍​នេះ​ដល់​ទៅ ៣ លាន​ដុ​លា្ល​រ​ឯណោះ។

លោក យឹម សុវណ្ណ៖  យើង​ថា មួយ​លាន​កន្លះ ទៅ៣ លាន វា​អាស្រ័យ​លើ​កំលាំង​នៃ​ការផ្សាយ​របស់រ​យើង ដូចជា​ផ្សាយ​នៅ​ភ្នំពេញ​ឬ​តាម​ខេត្ត និង​ការទិញ​ដី​ផង។ ដូច្នេះ​យើង​មិនបាន​កំណត់ថា ទាល់តែ ៣ លាន​នោះទេ។ យើង​នៅតែ​បន្ត​ប្រមូល​មូលនិធិ​ទៀត។

លោក ជា ធី​រិ​ទ្ធ៖លោក សម រង្ស៊ី ធ្លាប់​ប្រកាស​ហើយ​ថា ទូរទស្សន៍​ព្រះអាទិត្យ​នេះ នឹង​ដំណើរការ​យ៉ាងយូរ​ចុងឆ្នាំ ២០១៥ ។ លោក យឹម សុវណ្ណ​តើ​អាចទៅរួច​ទេ?

លោក យឹម សុវណ្ណ៖ យើង​នឹង​ខិតខំ បើ​ខុស​ពេលវេលា ខុស​តិច​តូច។ តាម​ធម្មតា យើង​រៃអង្គាស​ពី​សាធារណជន យើង​មិនអាច​រំពឹងទុក​ដូច​អ្នកវិនិយោគ​មាន​លុយ​ត្រៀម​ទុក​ធ្វើ​ទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com