កីឡាជាតិ
U-16កម្ពុជា ជួប​ក្រុម​ខ្លាំង​ថៃ ក្នុង​វគ្គ​ជម្រុះ​ពាន​យុវជន​ប្រចាំ​ទ្វីបអាស៊ី នៅ​ម៉ោង៤ល្ងាច​នេះ
04, Sep 2015 , 12:21 pm        
រូបភាព
ដោយ:
 
 
ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ១៦ ឆ្នាំ​របស់​កម្ពុជា (U-16) នឹង​បន្ត​ជួប​ក្រុម​ជម្រើសជាតិ​ថៃ U-16 នៅវេលា​ម៉ោង ៥ ល្ងាច (ម៉ោង ៤ ល្ងាច​នៅ​កម្ពុជា) ថ្ងៃ​សុក្រ ទី ៤ ខែ កញ្ញា ឆ្នាំ ២០១៥ លើ​ទីលាន​កីឡដ្ឋាន Jalan Besar Stadium ក្នុង​វគ្គ​ជម្រុះ​ពូ​ល H នៃ​ពានរង្វាន់​បាល់ទាត់​យុវជន​ក្រោម​ប្រចាំ​ទ្វីបអាស៊ី AFC U-16 Championship 2016 ដែល​កំពុង​រៀបចំឡើង​នៅ​ប្រទេស​សិង្ហ​បុរី។

 
បើ​រំលឹក​ពី​ជំនួប​ដំបូង​កាលពី​ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៥ កន្លងទៅ​ក្រុម U-16កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​កូរ៉េខាងជើង ដោយ​លទ្ធផល ៧ ទល់ ០ ខណៈ​ក្រុម U-16ថៃ បាន​យកឈ្នះ​ម្ចាស់ផ្ទះ​សិង្ហ​បុរី ៥ ទល់ ០ ផងដែរ។ សរុប​លទ្ធផល​ពេលនេះ​ក្រុម កូរ៉េខាងជើង ឈរ​កំពូល​តារាង​មាន ៣ ពិន្ទុ​តាម​ពីក្រោយ​ដោយ​ក្រុម​ថៃ មាន ៣ ពិន្ទុ​តែ​ខុស​គ្រាប់​បាល់​ចំណេញ ចំណែក​សិង្ហ​បុរី និង កម្ពុជា នៅ​បាត​តារាង​ក្រោយ​បរាជ័យ​នៅ​ថ្ងៃ​បើកឆាក​ដូចគ្នា។
 
វគ្គ​ជម្រុះ ពូ​ល H នៃ​ពានរង្វាន់ AFC U-16 Championship 2016 នេះ មាន​ក្រុម​ចំនួន៤ គឺ កូរ៉េខាងជើង, ថៃ, កម្ពុជា និង ម្ចាស់ផ្ទះ​សិង្ហ​បុរី ដោយ​ចាប់​ប្រកួត​ពីថ្ងៃ​ទី២ ដល់ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១៥។ ក្រុម​ខ្លាំង​ក្នុង​ពូ​ល​ចំនួន ២ មានឱកាស​ឡើងទៅ​លេង​ជុំ​បន្ទាប់។ យោងតាម​វិ​ប​សាយ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​សិង្ហ​បុរី ដែលជា​ម្ចាស់ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល​នេះ​បានដាក់​តម្លៃ​លក់​សំបុត្រ​ចូល​ទស្សនា​ក្នុងការ​ប្រកួត​នេះ​តម្លៃ៥ ដុល្លារ​និង ១០ ដុល្លារ។
 
ក្រៅពី​បរាជ័យ​ដោយ​ថ្វី​ជើង​ក្រុម U-16កូរ៉េខាងត្បូង ៧ ទល់ ០ កន្លងទៅ​ក្រុម U-16កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម U-16 របស់​ថៃ នៅ​ថ្ងៃទី ៤ កញ្ញា នេះ​និង​ប្រកួត​ចុងក្រោយ U-16កម្ពុជា ជួប​ក្រុម U-16សិង្ហ​បុរី នៅ​ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៥ នៅ​កីឡដ្ឋាន Jalan Besar Stadium ដដែល មុន​ត្រឡប់មក​ប្រទេស​កំណើត​វិញ នៅ​ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៥។
 
លោក Yusuke Iki គ្រូបង្វឹក​ប្រចាំ​សាលា​បាល់ទាត់​ជាតិ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តែងតាំង​ឱ្យធ្វើជា​គ្រូ​បង្គោល​សម្រាប់​ដឹកនាំ​ក្រុម​កម្ពុជា ចូលរួម​ក្នុង​ពានរង្វាន់ ហើយ​លោក គឹម ភក្ដី និង លោក ជឿន សុ​ភី ជា​គ្រូ​ជំនួយ ហើយ​លោក ប្រាក់ វណ្ណ​នី ជា​គ្រូ​អ្នកចាំទី និង លោក ស្រ៊ុន សីហា ជា​អ្នកបកប្រែ។
 
កីឡាករ U-16កម្ពុជា​ចំនួន ២៣ នាក់​ដែល​អាច​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​នេះ​មានដូចជា អាត អូន​តូច, ហេង ទីណា, គង់ រ៉ា​ផាត, ហុ​ល គឹម​ហ៊ុយ, ទេស សម្បត្តិ, យ៉េត ចិ​ត្រា, គង់ ច័ន្ទ​សិរសា, យឺ សា​ហ្វី, រ័ត្ន ប៊ុន​នូ, សឿត ណា​វ៉ា, ឈឿង វិស្ណុ, ទៀត គឹម​ហេង, សៀន សុភ​ត្រា, ឡា​ត វ​ណ្ណី, សេត ម៉ា​ស៊ូ​ត, ឡូ​ន ទេ​ន, សួន សុភ​ត្រា, ឡុង ម៉េង​ហាវ, ទុន សំ​ឈី, សឹង្ហ កក្កដា, ត្រៃ វិចិត្រ, សាន្ត គឹម​ហេង, សៀង ចាន់​ធា។
 
ងាក​មក​មើល​ក្រុម​ជម្រើសជាតិ U-16ថៃ វិញ ទើបតែ​លើក​ពាន​យុវជន​ក្រោម​អាយុ១៦ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន AFF BIDC U-16 Championship 2015 កាលពីដើម​ខែសីហាថ្មីៗ ដែល​រៀបចំ​នៅក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា បន្ទាប់ពី​យកឈ្នះ​ក្រុម​មី​យ៉ាន់​ម៉ា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល ៣ ទល់០ ។
 
ក្រុម U-16ថៃ ធ្លាប់ ឈ្នះ​ពានរង្វាន់​នេះ​ម្ដង​កាលពី​ឆ្នាំ ១៩៩៨ ក្រោយ​យកឈ្នះ​ក្រុម​កាតារ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្ដី ៣ ទល់ ១ ក្រោយ​លទ្ធផល​ប្រកួត​ពេញ​ម៉ោង​ត្រឹម​ស្មើគ្នា ១ ទល់ ១ ខណៈ​កាលពី​ឆ្នាំ ១៩៩៦ បាន​ត្រឹម​ជើងឯក​រង ក្រោយ​ចាញ់​ក្រុម​ប្រទេស​អូ​ម៉​ង់ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ១ ទល់ ០ ។
 
វគ្គ​ជម្រុះ​នៃ​ពានរង្វាន់ AFC U-16 Championship 2016 មាន​ក្រុម​ចូលរួម​ចំនួន ៤៥ ប្រទេស​និង​បែង​ចែកជា ១១ ពូ​ល​ចាប់ផ្ដើម​ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី២ រហូតដល់​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ចំនួន ១៦ ឡើងទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ​ដែល​រៀបចំ​នៅ​ប្រទេស​ឥណ្ឌា ឆ្នាំ ២០១៦ ខាងមុខ។
 
ក្រុម​គូប្រកួត​រវាង U-16កម្ពុជា ជាមួយ U-16ថៃ នៅ​ថ្ងៃ​សុក្រ នេះដែរ​ក្រុម​ម្ចាស់ផ្ទះ​សិង្ហ​បុរី ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​កូរ៉េខាងជើង នៅវេលា​ម៉ោង ៨ យប់ (ម៉ោង៧ នៅ​កម្ពុជា) លើ​កីឡដ្ឋាន Jalan Besar Stadium ដូចគ្នា៕
 

Tag:
 U-16
© រក្សាសិទ្ធិដោយ thmeythmey.com